(ភ្នំពេញ)៖ នៅព្រឹកថ្ងៃពុធ ទី១៤ ខែកញ្ញា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានអាស៊ាន អញ្ជើញជាអធិបតីភាពប្រកាសបើកកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលរៀបចំឡើងដោយក្រសួងពាណិជ្ជកម្មកម្ពុជា ដែលប្រារព្ធធ្វើឡើងនៅសណ្ឋាគារសុខាខេត្តសៀមរាប។

កិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ គឺជាកិច្ចប្រជុំដ៏មានសារៈសំខាន់សម្រាប់អាស៊ាន និងប្រទេសជាដៃគូរបស់អាស៊ាន ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងឆ្លើយតបនឹងវិបត្តិ ដែលកំពុងកើតមានលើសាកលលោកនាពេលបច្ចុប្បន្ន បណ្តាលមកពីការប្រកួតប្រជែងឥទ្ធិពលនយោបាយ ការរាតត្បាតជំងឺកូវីដ១៩ និងសង្គ្រាមរុស្ស៉ី-អ៊ុយក្រែន។

ក្នុងពិធីបើកកិច្ចប្រជុំនាព្រឹកនេះ សម្តេចតេជោ ហ៊ុន សែន ក្នុងនាមជាប្រធានអាស៊ាន មានថ្លែងសុន្ទរកថាគន្លឹះក៏ដូចជាផ្តល់នូវទស្សនទានមួយចំនួន ដើម្បីជាធាតុចូលសម្រាប់រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន ក៏ដូចជារដ្ឋមន្ត្រីសេដ្ឋកិច្ចប្រទេសដៃគូ យកទៅជជែកស្វែងរកកាលានុវត្តន៍ភាពសេដ្ឋកិច្ច និងដោះស្រាយវិបត្តិ។

ក្រសួងពាណិជ្ជកម្មកម្ពុជា ដែលជាតំណាងជាតិសម្រាប់ក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ចអាស៊ាន នឹងទទួលធ្វើជាម្ចាស់ផ្ទះរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលប្រារព្ធធ្វើឡើងចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២។

កិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី៥៤ ប្រព្រឹត្តទៅនៅថ្ងៃទី១៤ និងថ្ងៃទី១៥ ខែកញ្ញា។ ដោយឡែកកិច្ចប្រជុំពាក់ព័ន្ធដែលនឹងរៀបចំឡើង ក្នុងព្រឹត្តិការណ៍នេះដែរ មានដូចជា កិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម និងកិច្ចប្រជុំពិគ្រោះយោបល់ដទៃទៀតរវាងរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន និងដៃគូសន្ទនាអាស៊ាន នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៦ ដល់ទី១៨ ខែកញ្ញា។

កិច្ចប្រជុំពិគ្រោះយោបល់រវាងរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន និងដៃគូសន្ទនាអាស៊ានរួមមាន៖ កិច្ចប្រជុំពិគ្រោះយោបល់រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន និងប្រទេសឥណ្ឌា, រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន និងសហព័ន្ធរុស្ស៉ី, រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន និងប្រទេសកាណាដា, រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន និងប្រទេសអូស្ត្រាលី-ណូវែលហ្សេឡង់, រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន និងសាធារណរដ្ឋកូរ៉េ, រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន និងប្រទេសចិន, រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ីបូព៌ា, រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន បូកនឹង៣ប្រទេស (ចិន, សាធារណរដ្ឋកូរ៉េ, ជប៉ុន), រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន និងហុងកុងនៃប្រទេសចិន, រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន និងប្រទេសជប៉ុន, រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន និងចក្រភពអង់គ្លេស, រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន និងសហរដ្ឋអាមេរិក, រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន និងសហភាពអឺរ៉ុប និងរដ្ឋមន្ត្រីសេដ្ឋកិច្ចប្រទេសដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ (RCEP)។

លោក លោក ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានប្រាប់ Fresh News ថា កិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធ នឹងពិភាក្សាលើវឌ្ឍនភាពនៃសមាហរណកម្មសហគមន៍សេដ្ឋកិច្ចអាស៊ាន ដែលបញ្ចូលទាំងសមិទ្ធផលសេដ្ឋកិច្ចអាទិភាពរបស់កម្ពុជា ការងើបឡើងវិញនៃសេដ្ឋកិច្ចក្រោយវិបត្តិជំងឺកូវីដ១៩ ទំនាក់ទំនងសេដ្ឋកិច្ចក្រៅតំបន់របស់អាស៊ាន ការស្នើសុំចូលជាសមាជិកអាស៊ានរបស់ប្រទេសទីម័រខាងកើត និងបញ្ហាពហុភាគី និងតំបន់ផ្សេងៗទៀត។

លោក ប៉ែន សុវិជាតិ បានបញ្ជាក់ដែរថា កម្ពុជាត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយបណ្តារដ្ឋសមាជិកអាស៊ានទាំងអស់ ដៃគូរបស់អាស៊ាន និងអគ្គលេខាធិការអាស៊ាន ដើម្បីជំរុញកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀតក្នុងដំណើរការកសាងសហគមន៍សេដ្ឋកិច្ចអាស៊ាន និងពន្លឿនការស្តារសេដ្ឋកិច្ចឡើងវិញ ជម្នះរាល់បញ្ហាដែលអាស៊ានកំពុងប្រឈម និងឆ្ពោះទៅមុខដោយភាពរឹងមាំ សាមគ្គីភាព និងមិត្តភាព ស្របតាមស្មារតីស្នូលរបស់អាស៊ាន «ចក្ខុវិស័យមួយ អត្តសញ្ញាណមួយ សហគមន៍មួយ»។

«កិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន គឺជាកិច្ចប្រជុំមួយដ៏មានសារៈសំខាន់បំផុត ពីព្រោះនៅក្នុងកិច្ចប្រជុំនេះ យើងលើកឡើងនូវកម្មវិធីជាសមិទ្ធផលសេដ្ឋកិច្ចមួយចំនួនធំ ដែលពាក់ព័ន្ធដល់អត្ថប្រយោជន៍របស់អាស៊ានទាំងមូល។ ជាពិសេសការផ្តោតទៅលើកម្មវិធីដែលពាក់ព័ន្ធអត្ថប្រយោជន៍របស់កម្ពុជាជាម្ចាស់ផ្ទះផងដែរ»។ នេះជាការបញ្ជាក់របស់លោក ប៉ែន សុវិជាតិ។

លោក បែន សុវិជាតិ បានបន្ថែមថា «របៀបវារៈដែលយើងលើកជារួមមិនមែនមានតែអត្ថប្រយោជន៍សម្រាប់កម្ពុជាប៉ុណ្ណោះទេ តែបានលើកនូវរបៀបវារៈជារួមដែលពាក់ព័ន្ធទៅនឹងជោគវាសនាអនាគតសេដ្ឋកិច្ចរបស់អាស៊ានទាំងមូល។ ហើយការលើករបៀបវារៈទាំងអស់នេះ គឺសុទ្ធតែឆ្លុះបញ្ចាំង និងផ្តល់ជាអត្ថប្រយោជន៍ បង្កើននូវទំនាក់ទំនងកាន់តែជិតស្និទ្ធឡើង កាន់តែទូលំទូលាយឡើងរវាងអាស៊ាន និងប្រទេសជាដៃគូផងដែរ»។

បើតាមអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មរូបនេះ បានអះអាងទៀតថា ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ ក៏នឹងលើកឡើងពីការកាត់បន្ថយគម្លាតការរីកចម្រើនរវាងប្រទេសសមាជិកអាស៊ានផងដែរ។

លោក ប៉ែន សុវិជាតិ ក៏បានសម្តែងក្តីរំពឹងដែរថា តាមរយៈកិច្ចប្រជុំដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ នឹងធ្វើឱ្យសេដ្ឋកិច្ចតំបន់អាស៊ាន ក៏ដូចជាមួយដៃគូកាន់តែល្អប្រសើរជាងមុន ដោយរកឃើញនូវវិធីសាស្ត្រថ្មីៗនាំឱ្យកម្មវិធីការងារ និងកិច្ចសហប្រតិបត្តិការកាន់តែល្អប្រសើរ។

មន្ត្រីជាន់ខ្ពស់របស់ក្រសួងពាណិជ្ជកម្មរូបនេះ បានគូសបញ្ជាក់ថា «អាស៊ានជាតំបន់សេដ្ឋកិច្ចមួយធំ មានទីផ្សារធំ ដែលជាចំណាប់អារម្មណ៍របស់បណ្តាប្រទេសជាដៃគូផ្សេងៗ។ នៅពេលអាស៊ានរៀបចំកិច្ចប្រជុំនៅកម្ពុជា ជាសញ្ញាវិជ្ជមានមួយជូនដល់ពិភពលោក ហើយសញ្ញាវិជ្ជមាននេះនឹងនាំមកនូវលទ្ធផលជាក់លាក់មួយបង្កើតនូវកម្មវិធីការងាររុញឱ្យការអនុវត្តន៍ផ្សេងៗអាចប្រព្រឹត្តទៅបានស្រួល ហើយបង្កើតវិធីសាស្ត្រមួយដែលអស់គ្នាស្រុះស្រួលក្នុងការអនុវត្តន៍។ អ៊ីចឹងលទ្ធផលក្នុងការរីកចម្រើនងាយស្រួលក្នុងការរីកចម្រើនទាំងអស់គ្នា»។

លោក ប៉ែន សុវិជាតិ ចាត់ទុកការរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាននាពេលនេះ គឺជាកិត្តិយសមួយសម្រាប់កម្ពុជា ដែលអាចរៀបចំកិច្ចប្រជុំដោយផ្ទាល់ក្រោយវិបត្តិជំងឺកូវីដ១៩។ លោក បានបង្ហាញក្តីរំពឹងដែរថា តាមរយៈកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ដែលធ្វើឡើងនៅខេត្តសៀមរាបនាពេលនេះ នឹងជួយផ្សព្វផ្សាយពីវិស័យទេសចរណ៍នៅកម្ពុជា ក្រោយពីវិបត្តិជំងឺកូវីដ១៩។

សូមបញ្ជាក់ថា ឆ្នាំ២០២២នេះ កម្ពុជា បានធ្វើជាប្រធានប្តូរវេនរបស់អាស៊ានលើកទី៣ បន្ទាប់ពីបានក្លាយជាសមាជិកអាស៊ាននៅឆ្នាំ១៩៩៩។ កាលពីខែសីហា កន្លងទៅនេះ កម្ពុជា បានធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធប្រកបដោយជោគជ័យ។

សម្តេចតេជោ ហ៊ុន សែន បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ដែលជាលទ្ធផលមួយបង្ហាញពីភាពប៉ិនប្រសប់របស់កម្ពុជា ជាពិសេសលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស ក្នុងការដោះស្រាយបញ្ហានានាចំពេលពិភពលោកកើតមានបញ្ហាធំៗយ៉ាងក្តៅគគុក ដូចជាសង្គ្រាមរុស្ស៉ី-អ៊ុយក្រែន ភាពតាន់តឹងរវាងចិន និងកោះតៃវ៉ាន រួមទាំងបញ្ហារបស់មីយ៉ាន់ម៉ាជាដើម។

កិច្ចប្រជុំថ្នាក់កំពូលរបស់អាស៊ាន និងប្រទេសដៃគូ នឹងធ្វើឡើងនៅខែវិច្ឆិកាចុងឆ្នាំ២០២២នេះ។ កម្ពុជា បានក្លាយទៅជាប្រទេសសមាជិកអាស៊ានដំបូងគេ ដែលបានរៀបចំកិច្ចប្រជុំដ៏មានសារៈសំខាន់ ក្នុងតំបន់មួយនេះដោយផ្ទាល់ឡើងវិញ ក្រោយការរាតត្បាតជំងឺកូវីដ១៩៕