(ភ្នំពេញ)៖ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានអំពាវនាវឲ្យអ្នកគាំទ្រកីឡាបាល់ទាត់កម្ពុជា រង់ចាំទស្សនាការប្រកួតជម្រុះពានរង្វាន់ ប្រចាំទ្វីបអាស៊ី AFC Asian Cup 2019 រវាងក្រុមម្ចាស់ផ្ទះគោព្រៃកម្ពុជា និងក្រុមឆាយនីសតៃប៉ិ នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៦ខាងមុខ ដោយសុំយកស្មារតីប្រកបដោយភាពថ្លៃថ្នូរ មិត្តភាព សាមគ្គីភាព និងគោរពតាមគោលការណ៍ Fair-Play ដែលមានចែងនៅក្នុងបទបញ្ជា ការប្រកួតរបស់សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ FIFA។

មន្រ្តីជាន់ខ្ពស់ NOCC បានថ្លែងប្រាប់អង្គភាព Fresh News នៅរសៀលថ្ងៃនេះថា «សូមបងប្អូនទាំងអស់យល់ថា តាមគោលការណ៍ Fair-Play គេមិនឲ្យកើតមានការដាក់ទោសកីឡាករ ឬក៏មន្រ្តីកីឡាដែលមិនគោរពតាមបទបញ្ជា FIFA នោះទេ ក្នុងការវិនិច្ឆ័យ គឺអាស្រ័យលើគណៈកម្មការជំនាញ។ ហេតុនេះ អ្នកគាំទ្រត្រូវចូលរួមគោរពបទគោល ការណ៍ Fair-Play របស់ FIFA ទាំងអស់គ្នា ដើម្បីទទួលភ្ញៀវឆាយនីសតៃប៉ិ ដោយសេចក្តីថ្លៃថ្នូរ»

សម្រាប់កីឡាករដែលមិនគោរពគោលការណ៍ខាងលើ នោះជាតួនាទីរបស់មន្រ្តីជំនាញ FIFA ដែលត្រូវធ្វើការវិនិច្ឆ័យ ដើម្បីដាក់ទោសទណ្ឌទៅតាមកម្រិត នៃកំហុសឆ្គងនៅលើទីលាននៅក្នុងការប្រកួត។ គួរបញ្ជាក់ថា គោលការណ៍ Fair-Play មិនត្រឹមតែកីឡាករនៅលើទីលាននោះទេ ដែលត្រូវគោរព សូម្បីតែអ្នកគាំទ្រ ក៏ត្រូវគោរពផងដែរ ករណីអ្នកគាំទ្រ មិនគោរពបទបញ្ជានេះ នោះគណៈកម្មការជំនាញ FIFA ក៏មានសិទ្ធិពិន័យ ឬដាក់ទណ្ឌកម្មផងដែរ។

ការថ្លែងរបស់មន្រ្តី NOCC ខាងលើនេះបានធ្វើឡើង ស្របពេលមន្រ្តីរាជរដ្ឋាភិបាលកម្ពុជាលោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តី បានសម្តែងនូវការមិនពេញចិត្ត ចំពោះអាកប្បកិរិយារបស់កីឡាករម្ចាស់ផ្ទះ ឆាយនីសតៃប៉ិ ដែលបានចង្អុលមុខកីឡាករកម្ពុជាក្នុងជំនួបជើងទី១ កាលពីយប់ថ្ងៃទី០២ ខែមិថុនា ហើយថែមទាំង «មិនចង់ឲ្យកីឡាករចិនតៃប៉ិ Chen Po Liang ចូលទឹកដីកម្ពុជាទៀតផង»

ទោះបីជាយ៉ាងណាលោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តី ក៏បានអំពាវនាវដល់អ្នកគាំទ្រ និងកីឡាករគ្រប់រូបត្រូវគោរពក្រមសីលធម៌ក្នុងការ ប្រកួតនាថ្ងៃទី០៧ ខែមិថុនា នៅពហុកីឡដ្ឋានជាតិរបស់កម្ពុជា ដើម្បីទទួលបានភាពថ្លៃថ្នូរក្នុងនាមជាម្ចាស់ផ្ទះ និងមិត្តភាព សាមគ្តីភាព ចំពោះប្រទេសដែលស្ថិតទ្វីបអាស៊ីដូចគ្នា៕