(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានអាស៊ាន ឆ្នាំ២០២២ បានផ្តល់អនុសាសន៍ចំនួន៥ចំណុច វេទិកាភាពជាអ្នកដឹកនាំ និងភាពជាដៃគូអាស៊ាន ឆ្នាំ២០២២ ដើម្បីជាធាតុចូលបន្ថែមទៀត។

ការផ្តល់អនុសាសន៍នេះ បានធ្វើឡើងនៅក្នុងឱកាសសម្តេចអញ្ជើញបើក វេទិកាភាពជាអ្នកដឹកនាំ និងភាពជាដៃគូអាស៊ាន ឆ្នាំ២០២២ ក្រោមប្រធានបទ៖ «ភាពជាដៃគូសម្រាប់អាស៊ានដែលមានភាពស្អិតរមួត និងឆ្លើយតបរហ័ស» ដែលរៀបចំឡើងដោយ វិទ្យាស្ថានយុទ្ធសាស្ត្រដើម្បីអាស៊ីប៉ាស៊ីហ្វិក (KSI) ក្រុមប្រឹក្សាធុរកិច្ចអាស៊ាន (ASEAN-BAC) និងវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) នៅរាជធានីភ្នំពេញ នាថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២នេះ។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា៖ ដើម្បីជាធាតុចូលបន្ថែម សម្រាប់កិច្ចពិភាក្សាក្នុងវេទិកានាថ្ងៃនេះ សូមអនុញ្ញាតឱ្យខ្ញុំចូលរួមផ្តល់យោបល់ផ្ទាល់ខ្លួនមួយចំនួន ដូចខាងក្រោម៖

ទី១៖ ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច មិនអាចសម្រេចបានឡើយដរាបណាមិនមាន ស្ថិរភាព និងសុខសន្តិភាពពេញលេញ។ ក្នុងន័យនេះ អាស៊ានត្រូវបញ្ចៀសឱ្យ បាននូវភ្លើងសង្គ្រាមដែលគ្មានអ្នកឈ្នះ និងអ្នកចាញ់ ប៉ុន្តែមានតែការវិនាសហិនហោច និងការបាត់បង់អាយុជីវិតរបស់ប្រជាជន។ កម្ពុជាដែលជាប្រទេសធ្លាប់បានឆ្លងកាត់ប្រវត្តិជូរចត់ជាច្រើន ដោយសារភ្លើងសង្គ្រាម សូមក្រើនរំលឹកយ៉ាងទទូចថា ការដោះស្រាយជម្លោះដោយសន្តិវិធីប្រកបដោយស្មារតីយោគយល់គ្នាទៅវិញទៅមក និងការកំណត់សុខុមាលភាពប្រជាជនជាអាទិភាពចម្បងបំផុត គឺជានយោបាយឈ្នះ-ឈ្នះ នាំទៅរកសុខសន្តិភាព និងវិបុលភាពយ៉ាងពិតប្រាកដ។

ទី២៖ ក្នុងបរិការណ៍ដែលការប្រកួតប្រជែងផ្នែកភូមិសាស្ត្រនយោបាយ កំពុងតែមានភាពក្ដៅគគុក អាស៊ានត្រូវធ្វើខ្លួនជាតំបន់គំរូ និងត្រូវរួមគ្នាធានាឱ្យបាននូវសុខសន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់ តាមរយៈការពង្រឹងឯកភាព និងមជ្ឈភាពអាស៊ាន និងការប្រកាន់ខ្ជាប់ជានិច្ចនូវភាពជាដៃគូ និងយន្តការពហុភាគីនិយមក្នុងការដោះស្រាយបញ្ហាប្រឈមនានា។ បន្ថែមលើនេះ អាស៊ានក៏ត្រូវប្រកាន់ខ្ជាប់នូវភាពជាកណ្តាល និងដើរតួនាទីជាវេទិការួមមួយសម្រាប់ការសន្ទនា និងកិច្ចសហប្រតិបត្តិការជាមួយនឹងការពង្រឹងនិម្មាបនកម្មតំបន់ ដែលមានលក្ខណៈបើកចំហ តម្លាភាព បរិយាបន្ន និងយកច្បាប់ជាគោល។

ទី៣៖ ដើម្បីសម្រេចបាននូវការងើបឡើងវិញនៃសេដ្ឋកិច្ចប្រកបដោយចីរភាព និង បរិយាបន្ន យើងត្រូវបន្តជំរុញការធ្វើសមាហរណកម្មសេដ្ឋកិច្ច និងប្រែក្លាយ តំបន់អាស៊ានឱ្យទៅជាមជ្ឈមណ្ឌលពាណិជ្ជកម្ម និងការវិនិយោគប្រកបដោយ ភាពទាក់ទាញ និងជវភាព ជាពិសេសតាមរយៈការដោះស្រាយបញ្ហារបាំងពន្ធ និងមិនមែនពន្ធ និងការផ្ដល់នូវការគាំទ្រឱ្យគ្នាទៅវិញទៅមក ដើម្បីពន្លឿនការអនុវត្ត និងទាញយកប្រយោជន៍ឱ្យអស់លទ្ធភាពពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានា ជាពិសេស កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ដែលជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដ៏ធំបំផុត ក្នុងប្រវត្តិសាស្ត្រសកលលោក។

ទី៤៖ អាស៊ានត្រូវយកចិត្តដាក់ជាពិសេសលើការលើកកម្ពស់សន្តិសុខសេដ្ឋកិច្ច សំដៅបំពេញរាល់តម្រូវការចាំបាច់របស់ប្រជាជន និងធានាការទទួលបាននូវផល ប្រយោជន៍ប្រកបដោយបរិយាបន្ន និងសមធម៌ ពីកំណើនសេដ្ឋកិច្ចក្នុងប្រទេស និងក្នុងតំបន់ តាមរយៈការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រ ការពង្រឹងសហគ្រិនភាព និងផ្តល់ការគាំទ្រដល់សហគ្រាសធុនតូច និងមធ្យម។ ការពង្រឹងវិស័យអប់រំ សុខាភិបាល និងកិច្ចគាំពារសង្គម ការកាត់បន្ថយគម្លាត នៃការអភិវឌ្ឍ ការបង្កើតការងារ និងកាត់បន្ថយវិសមភាពប្រាក់ចំណូល និងការធានាសន្តិសុខស្បៀង។

និងទី៥៖ អាស៊ាន ត្រូវសម្លឹងឆ្ពោះទៅមុខ និងរួមគ្នាទាញយកផលប្រយោជន៍ឱ្យបានជាអតិបរមាពីសក្តានុពល និងកាលានុវត្តភាពដែលកើតចេញពីនិន្នាការសកល ដូចជា សេដ្ឋកិច្ចវិលជុំ សេដ្ឋកិច្ចបៃតង និងជាពិសេសការធ្វើឌីជីថលូបនីយកម្ម ដែលនឹងក្លាយជាកម្លាំងចលករគន្លឹះ ក្នុងការលើកកម្ពស់ការតភ្ជាប់គ្រប់វិស័យ ទាំងផ្នែកសង្គម-សេដ្ឋកិច្ច ការវិនិយោគ ពាណិជ្ជកម្ម និងនយោបាយ ក៏ដូចជាការរួមគ្នាឆ្លើយតបទៅនឹងបញ្ហាប្រឈមនានា ដូចជាការប្រែប្រួលអាកាសធាតុ ឱ្យបានយ៉ាងឆាប់រហ័ស ស្របតាមមូលបទរបស់យើងក្នុងថ្ងៃនេះ។

សម្តេចបានជូនពរឱ្យវេទិកា ដំណើរការទៅដោយរលូន និងប្រកបដោយលទ្ធផលជាផ្លែផ្កា និងបានប្រកាសបើក វេទិកាភាពជាអ្នកដឹកនាំ និងភាពជាដៃគូអាស៊ាន ឆ្នាំ ២០២២ ចាប់ពីពេលនេះតទៅ៕