(ភ្នំពេញ)៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នឹងធ្វើដំណើរមកដល់ទឹកដីរបស់ខ្លួនវិញនៅព្រឹកថ្ងៃទី០៣ មិថុនានេះ ទៅតាមគម្រោងតែដោយសារតែនៅកោះចិនតៃប៉ិ ជួបបញ្ហាព្យុះភ្លៀងខ្លាំងនោះ ទើបត្រូវពន្យារពេលដល់យប់ថ្ងៃនេះ វិញ នេះបើតាមការបញ្ជាក់ឲ្យដឹងពីលោក ចាន់ មិថុនា មន្រ្តីព័ត៌មាន សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានប្រាប់ Fresh News ព្រឹកនេះ។

ជាមួយនឹងដំណើរវិលត្រឡប់មកមកវិញនេះដែរ ក្រុមជម្រើសជាតិកម្ពុជា នឹងមិនមានពេលច្រើនដើម្បីសម្រាកនោះទេ ព្រោះត្រូវត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះ ទទួលក្រុមចិនតៃប៉ិ វិញម្ដងនៅក្នុងជំនួបជើងទី២ នាថ្ងៃទី០៧ ខែមិថុនាខាងមុខ ដើម្បីកាត់សេចក្ដីក្រុមខ្លាំងឡើងទៅវគ្គបន្ដ។

គួរបញ្ជាក់ផងដែរថា ការប្រកួតស្មើជាមួយក្រុមចិនតៃប៉ិ ២-២ ក្រៅទឹកដី គឺជាឱកាសល្អ សម្រាប់ក្រុមជម្រើសជាតិកម្ពុជា ដែលមានសង្ឃឹមឡើងទៅវគ្គបន្ដបាន ព្រោះការប្រកួតជើងទី២ ធ្វើឡើងក្នុងទឹកដីកម្ពុជា ពិសេសគឺក្រុមជម្រើសជាតិ កម្ពុជា ត្រូវការត្រឹមស្មើក្នុងទឹកដី ក៏កម្ពុជាទទួលបានកៅអីវគ្គជម្រុះជុំចុងក្រោយដែរ ដោយសារតែកម្ពុជាមាន ២គ្រាប់ក្នុងដៃ នៅទឹកដីក្រៅផ្ទះហើយនោះ។

ក្នុងជំនួបដ៏តានតឹងលើកទី២ យប់ក្បាលព្រលប់យប់មិញនេះដែរ កម្ពុជា បានធ្វើការវាយបករហូតដល់តាមបានស្មើ ២-២ ក្នុងវគ្គទី១ បើទោះបីជាមិនមាន គ្រាប់បំប៉ោងសំណាញ់ទីបន្ថែមក្នុងវគ្គទី២ក៏ដោយ ក្នុងជំនួបជើងទី១ នៃវគ្គជម្រុះពាន រង្វាន់ AFC Asian Cup 2019 ក្នុងទឹកដីចិនតៃប៉ិ៕