ភ្នំពេញ)៖ លោក រ័ត្ន ស្រ៊ាង ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា សង្កាត់ព្រែកកំពឹស បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួម ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ របស់គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា នៅសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ នាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២២។

ក្នុងនោះក៏មានការចូលរួមពីលោក អ៊ុយ សុន សមាជិកក្រុមប្រឹក្សាខណ្ឌដង្កោ ជាអនុប្រធានក្រុមការងារ លោក លោកស្រីក្នុងក្រុមការងារជាប្រតិភូអមដំណើរ លោក លោកស្រីក្នុងជួរគណៈកម្មាធិការគណបក្សសង្កាត់ គណៈសាខាបណ្តាអង្គភាព និងសាខាភូមិ ប្រធានអនុសាខាភូមិ ព្រមទាំងយុវជនជាសកម្មជន ដែលមានវត្តមានសរុបចំនួន១៧៨នាក់។

ថ្លែងក្នុងឱកាសនាពេលនោះ លោក រ័ត្ន ស្រ៊ាង បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខដោយក្តីនឹករលឹកពីសំណាក់ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ជូនដល់ថ្នាក់ដឹកនាំ សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា ដែលមានវត្តមាននៅទីនេះទាំងអស់ និងបានកោតសរសើរ និងថ្លែងអំណរគុណចំពោះក្រុមការងារទាំងអស់ ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ដណ្តើមបានជោគជ័យដ៏ត្រចះត្រចង់ក្នុងការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ នាពេលកន្លងមក។

លោក រ័ត្ន ស្រ៊ាង បានជំរុញដល់ក្រុមការងារសង្កាត់ ត្រូវយកចិត្តទុកដាក់បម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន របស់ខ្លួនឲ្យមានប្រសិទ្ធិភាព ដើម្បីបន្តផ្តល់ទំនុកចិត្តជូនប្រជាពលរដ្ឋ ពិសេសដើម្បីឲ្យប្រជាពលរដ្ឋកាន់តែមានភាពជឿជាក់ លើគណបក្សប្រជាជនកម្ពុជា លើសម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស។

ទន្ទឹមនោះ លោក រ័ត្ន ស្រ៊ាង បានធ្វើការគូសបញ្ជាក់ពីការប្តេជ្ញាចិត្តជាយុទ្ធសាស្រ្តរបស់គណបក្សប្រជាជនកម្ពុជា គឺពុះពារ សម្រេចឲ្យបានជោគជ័យទាំងស្រុង សម្រាប់ការបោះឆ្នោតជាតិឆ្នាំ២០២៣ខាងមុខ ដើម្បីបន្តបេសកកម្មជាប្រវត្តិសាស្រ្តរបស់ខ្លួន ក្នុងបុព្វហេតុសុខសន្តិភាព វឌ្ឍនភាព និងវិបុលភាព របស់មាតុភូមិ និងប្រជាជនកម្ពុជា ជាដរាបតរៀងទៅ៕