(ឧត្ដរមានជ័យ)៖ នាព្រឹកថ្ងៃអាទិត្យ ១រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២ លោក ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តឧត្ដរមានជ័យ បានដឹកនាំមន្ត្រីរាជការក្រោមឱវាទ ចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌ១ នៅវត្តប្រាសាទរាជាសំរោង ស្ថិតក្នុងសង្កាត់សំរោង ក្រុងសំរោង ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ អាជ្ញាធរ ក្រុង ស្រុក និងពុទ្ធបរិស័ទជិតឆ្ងាយជាច្រើនរូបទៀត។

នៅក្នុងឱកាសនេះដែរ លោក ប៉ែន កុសល្យ បានថ្លែងប្រគេនព្រះសង្ឃ និងជម្រាបជូន លោកតា លោកយាយ បងប្អូនប្រជាពលរដ្ឋ ពីតម្លៃសុខសន្តិភាព ដែលធ្វើឱ្យយើងបានប្រារព្វពិធីជួបជុំផ្សេងៗជាមួយគ្នាបានដោយក្តីសប្បាយរីករាយ។លោកថានេះក៏ដោយសារមានការដឹកនាំដ៍បុិនប្រសព្វនិងឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជារបស់យើង ដែលធ្វើឱ្យប្រទេសមានសុខសន្តិភាព និងការអភិវឌ្ឍន៍ពេញផ្ទៃប្រទេស ពិសេសនៅតាមព្រំដែនរបស់យើង។

លោកអភិបាលខេត្តឧត្តរមានជ័យ ក៏បានថ្លែងណែនាំដល់អាជ្ញាធរដែនដីនិងសមត្ថកិច្ចនៅតាមមូលដ្ឋាន ក្រុង ស្រុក ឃុំ សង្កាត់ ក្នុងខេត្ត ត្រូវបង្កើនការយកចិត្តទុកដាក់ ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ ពិសេសនៅតាមទីវត្តអារ៉ាមនានា ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋយើង បានទៅចូលរួមក្នុងពិធីបុណ្យដ៍ធំនេះបានច្រើនកុះករនិងមានសុវត្ថិភាព។

ជាមួយគ្នានេះលោកក៏បាននាំយកទេយ្យវត្ថុ និងបច្ច័យមួយចំនួន ប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់ជិតត្រីមាស ព្រមទាំងបានរៀបចំប្រារព្វពិធីបែបសាសនា ដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់បុព្វការីជនទាំងប្រាំពីរសណ្ដាន ដែលបានចែកឋានទៅកាន់បរលោក និងបានបួងសួងសូមឱ្យវត្ថុស័ក្កិសិទ្ធិទាំងពួងតាមជួយថែរក្សា មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ ជាពិសេសតាមជួយថែរក្សាប្រទេសជាតិយើងឱ្យមានសុខសន្តិភាពជានិរន្តរ៍តរៀងទៅ៕