(កំពង់ចាម)៖ លោកបណ្ឌិត ម៉ា ឈឿន តំណាងរាស្ដ្រមណ្ឌលកំពង់ចាម សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្ដាល ចុះជួយស្រុកជើងព្រៃ និងលោកស្រីកិត្ដិបណ្ឌិត អ៊ុក ម៉ាលី នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២នេះ បានអញ្ជើញកាន់បិណ្ឌវេនទី១ វត្តសុវណ្ណគិរី ហៅវត្ដជើងឆ្នុក ស្ថិតនៅភូមិជើងឆ្នុក ឃុំតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម ដែលប្រព្រឹត្ដទៅ នៅសាលាបុណ្យ នាស្រុកកំណើត។

លោកបណ្ឌិត ម៉ា ឈឿន និងភរិយា បានបូជាទៀនធូប ផ្កាភ្ញីថ្វាយព្រះរតនត្រ័យ និងប្រគេនទេយ្យទាន និងបច្ច័យមួយចំនួនដល់ព្រះចៅអធិការវត្ដ និងព្រះសង្ឃ រួមទាំងបច្ច័យសម្រាប់សាងសង់វត្ដមួយចំនួនផងដែរ នៅវត្ដនៅសុវណ្ណគិរី-ជើងឆ្នុក ដើម្បីឧបត្ថម្ភទ្រទ្រង់ដល់ព្រះសង្ឃ ក្នុងឱកាសបុណ្យកាន់បិណ្ឌប្រពៃណីជាតិ។ ជាមួយគ្នានោះ លោកបណ្ឌិត ម៉ា ឈឿន និងភរិយា ក៏បានជូនថវិកាក្នុងម្នាក់ៗចំនួន២ម៉ឺនរៀល និងក្រណាត់ស១ដុំ ដល់លោកតា លោកយាយ ជាពុទ្ធបរិស័ទ សរុបប្រមាណជាង២០០នាក់។

ក្នុងឱកាសនោះ តំណាងរាស្ដ្រមណ្ឌលកំពង់ចាម ក៏បានពាំនាំនូវប្រសាសន៍របស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ និងក្ដីនឹករលឹកដល់ប្រជាពលរដ្ឋទាំងអស់ផងដែរ។

ជាមួយគ្នានោះ តំណាងរាស្ដ្រ ម៉ា ឈឿន បានវាយតម្លៃខ្ពស់ និងថ្លែងអរគុណដោយស្មោះស្ម័គ្របំផុតចំពោះបងប្អូនប្រជាពលរដ្ឋ នៅឃុំតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម និងទូទាំងស្រុកជើងព្រៃ ក៏ដូចជាប្រជាពលរដ្ឋទូទាំងប្រទេស ដែលបានចូលរួមគាំទ្រគណបក្សប្រជាជនកម្ពុជា ឱ្យឈ្នះភ្លូកទឹកភ្លូកដីក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ កន្លងមក ដើម្បីសុខសន្តិភាព វឌ្ឍនភាព និងវិបុលភាពជារៀងដរាប សម្រាប់អនាគតរុងរឿងរបស់កូនចៅគ្រប់ជំនាន់។

ទន្ទឹមនឹងនោះ លោកបណ្ឌិត ក៏បានថ្លែងអំពាវនាវដល់ប្រជាពលរដ្ឋម្ចាស់ឆ្នោតទាំងនៅក្នុងស្រុកជើងព្រៃ ខេត្ដកំពង់ចាម និងទូទាំងប្រទេស សូមមេត្ដាបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា សម្រាប់ការបោះឆ្នោតជាតិនៅឆ្នំាំ២០២៣ ខាងមុខនេះ ដើម្បីសម្ដេចតេជោ នាយករដ្ឋមន្ដ្រី បន្ដដឹកនាំប្រទេសកម្ពុជាយើង ទៅរកសុខសន្ដិភាព វឌ្ឍនភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ដូចបច្ចុប្បន្ននេះ គឺផ្ដល់នូវសិទ្ធិសេរីភាពជូនប្រជាជន និងប្រទេសជាតិរបស់យើង ។លើសពីនោះ សូមប្រជាពលរដ្ឋ ជួយជ្រោយជ្រែង ឱ្យគណបក្សប្រជាជនកម្ពុជា ឈ្នះឆ្នោតជារៀងរហូត ដើម្បីបញ្ជៀសនូវសង្គ្រាម ដែលបង្កឡើងដោយជនអគិត ដែលតែងតែញុះញង់បង្កចលាចលដល់ប្រទេសជាតិយើង៕