(ភ្នំពេញ)៖ លោក ហេង សួរ ប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជា នៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍(ESEA) បានសម្តែងការគោរពនូវអនុសាសន៍ និងការចែករំលែកចំណេះដឹងមិនអាចកាត់ថ្លៃបានអំពីការដឹកនាំ និងគ្រប់គ្រងអង្គភាព ឬក្រុមការងារ ដោយផ្ទាល់ពីលោកបណ្ឌិត ហ៊ុន ម៉ាណែត អនាគតបេក្ខភាពនាយករដ្ឋមន្ត្រី។

អនុសាសន៍របស់លោក ហ៊ុន ម៉ាណែត បានលើកឡើងក្នុងពិធីជួបសំណេះសំណាលជាមួយសមាជិក សមាជិកា នៃក្រុមការងាររៀបចំអង្គការចាត់តាំង យុវជនគណបក្សប្រជាជនកម្ពុជានៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ (OCIC)។ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២២។

លោក ហេង សួរ បានបញ្ជាក់នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២ «ជាកិត្តិយសយ៉ាងធំធេងដែលឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានចំណាយពេលវេលាដ៏មានតម្លៃជួបសំណេះសំណាលជាមួយក្រុមការងារទាំងអស់គ្នា ជាសមាជិក សមាជិកា ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍»

លោក ហេង សួរ ថ្លែងយ៉ាងដូច្នេះថា «យើងខ្ញុំសូមថ្លែងអំណរគុណជាអនេកចំពោះអនុសាសន៍ និងការចែករំលែកចំណេះដឹងដ៏មិនអាចកាត់ថ្លៃបានអំពីការដឹកនាំ និងគ្រប់គ្រងអង្គភាព ឬក្រុមការងារ ដល់យើងខ្ញុំ។ យើងខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះចក្ខុវិស័យដឹកនាំប្រកបដោយយុទ្ធសាស្ត្រ ចិត្តសាស្ត្រ សិល្បៈ ការច្នៃប្រឌិត និងការប្រកាន់នូវគោលការណ៍គន្លឺះពេលបំពេញការងារ (សច្ចធម៌ យុត្តិធម៌ ធានាសង្គតិភាព តម្លាភាព មានស្មារតីមនុស្សធម៌ មេត្តា ករុណា និងត្រូវធានាចីរភាព និងនិរន្តរភាពនៃសកម្មភាព ឬដំណោះស្រាយ)»

សម្រាប់លោក ហេង សួរ អនុសាសន៍ និងចំណេះដឹង ដែលលោកបណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើង គឺកើតចេញពីបទពិសោធន៍ការងារ និងជោគជ័យផ្ទាល់នៃការដឹកនាំ និងគ្រប់គ្រងអង្គភាព ឬគម្រោង ឬសកម្មភាពសង្គមរបស់លោក។ លោកបន្តថា អនុសាសន៍ ដែលលោក ហ៊ុន ម៉ាណែត បានចែករំលែកគឺជាទស្សនវិជ្ជា និងសិល្បៈថ្មីនៃការដឹកនាំ និងគ្រប់គ្រងអង្គភាព ដែលសំយោគចេញពីបទពិសោធការងារជាក់ស្តែងផង និងពីទ្រឹស្តី និងភាពជោគជ័យដែលបានកត់ត្រាទុកដោយប្រវត្តិវិទូនៃលោកខាងលិចផង និងអាស៊ីផង។

អនុសាសន៍ដ៏មានអត្ថន័យយ៉ាងជ្រាលជ្រៅបំផុតជូនសមាជិក សមាជិកា នាឱកាសនេះ លោក ហេង សួរ បានគូសបញ្ជាក់បន្ថែមទៀតថា «យើងខ្ញុំនឹងចងចាំជានិច្ចនូវអនុសាសន៍ណែនាំរបស់បងប្រធាន គឺទៅបម្រើ ទៅជួយ ទៅស្តាប់-ឆ្លើយតប ទៅស្តាប់-ផ្តល់ដំណោះស្រាយ និងទៅបង្រួបបង្រួមសហគមន៍ខ្មែរយើងឲ្យចេះស្រឡាញ់ខ្មែរ ស្រឡាញ់មាតុភូមិ វប្បធម៌ កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ខ្មែរ។ ខ្មែរគ្រប់រូបមានតម្លៃទាល់តែយើងចេះលើកតម្លៃខ្លួនឯង»។

លោក ហេង សួរ ក៏ប្រាប់ទៅកាន់ក្រុមការងារត្រូវចេះរក្សាសាមគ្គីភាពផ្ទៃក្នុង ចេះយោគយល់គ្នា និងចេះសហការគ្នាជាមួយគ្រប់តួអង្គពាក់ព័ន្ធទាំងអស់ ដើម្បីបម្រើ និងគាំពារប្រជាពលរដ្ឋ ពលករ កម្មសិក្សាការី និងសិក្ខាកាមខ្មែរឲ្យកាន់តែល្អប្រសើរ និងមានប្រសិទ្ធភាព។ អ្វីដែលល្អ និងមានការគាំទ្រពីសហគមន៍ហើយ សូមយើងបន្តធ្វើ។

លោកបន្ថែមទៀតថា អ្វីដែលយើងនៅខ្វះខាត និងអ្វីដែលសហគមន៍យើងបានលើកជាសំណូមពរ ឬបញ្ហា គឺត្រូវខិតខំស្តាប់ឲ្យបានច្បាស់ ស្វែងយល់ពីប្រភពផ្សេងៗ និងសិក្សាជាបន្ទាន់ ដើម្បីរកដោះស្រាយសមស្រប ឬត្រូវពន្យល់តបភ្លាមៗទៅម្ចាស់សំណូមពរ ឬអ្នកលើកបញ្ហា៕