(ត្បូងឃ្មុំ)៖ លោក តូច ចាន់នី អគ្គនាយកដ្ឋាននាយកដ្ឋានសេវាសង្គមកិច្ច នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយឃុំកណ្តោលជ្រុំ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ អនុវត្តខ្ជាប់ខ្ជួននូវវិធានការ ៣ការពារ ៣កុំ និងបន្តចូលរួមទទួលវ៉ាក់សាំងកូវីដ-១៩ ដូសជំរុញទី៣ ទី៤ និងទី៥ តាមសេចក្តីអំពាវនាវរបស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តី ក្នុងការបន្តចូលរួមចលនាជាតិទប់ស្កាត់និងគ្រប់គ្រងកូវីដ-១៩ សំដៅបង្កលក្ខណៈល្អប្រសើរកាន់តែខ្លាំងក្លារឹងមាំដល់ការបើកសេដ្ឋកិច្ច និងសង្គមជាតិ ក្នុងពេលដែលជំងឺដ៏កាចសាហាវនេះនៅមិនទាន់ត្រូវបានលុបបំបាត់ចោលទាំងស្រុងនៅឡើយ។

លោក តូច ចាន់នី បានលើកឡើងបែបនេះខណៈលោក រួមជាមួយសហការី បានចុះទៅចូលរួមពិធីបុណ្យកាន់បិណ្ឌប្រពៃណីជាតិ បាននាំយកនូវទេយ្យទាន និងបច្ច័យមួយចំនួន ដើម្បីប្រគេនព្រះចៅអធិការនិងព្រះសង្ឃដែលគង់ចាំព្រះវស្សាក្នុងវត្តកណ្តោលជ្រុំ និងផ្តល់ថវិកា ជូន យាយជី តាជី និងកូនសិស្សស្នាក់នៅក្នុងវត្ត សរុបចំនួន ៨០នាក់ និង ពុទ្ធបរិស័ទ នាថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២ ។

នៅព្រឹកថ្ងៃដដែល លោក តូច ចាន់នី បានពាំនាំអំណោយដ៏ថ្លៃថ្លា របស់ លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និងឃុំជាច ស្រុកកំចាយមា ខេត្តព្រៃវែង នៅថវិកា និងរទេះពិការ ចំនួន ៣គ្រឿង ជូន អ៊ុចាស់ជរាពិការ សម្រាប់ប្រើប្រាស់ និងបានផ្តល់បន្ថែម ជា អង្ករ គ្រឿងបរិភោគជូនគ្រួសារក្រីក្រ ចំនួន ២គ្រួសារផងដែរ។

នៅរសៀលថ្ងៃដដែល លោក តូច ចាន់នី ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយឃុំកណ្តោលជ្រុំ ជួបសំណេះសំណាល និងប្រកាសសមាភាពក្រុមការងារចុះជួយ ភូមិ ឃុំ ព្រមទាំង ថ្លែងអំណរគុណ និងអំពាវនាវបងប្អូនប្រជាពលរដ្ឋម្ចាស់ឆ្នោតនៅឃុំកណ្តោលជ្រុំ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ គាំទ្រគោលនយោបាយសុខសន្តិភាព និងអភិវឌ្ឍន៍របស់គណបក្សប្រជាជនកម្ពុជា សម្រាប់ការបោះឆ្នោតជាតិនៅឆ្នំា២០២៣ ខាងមុខ។

ពិធីនេះមានសមាសភាព ចូលរួមពីសំណាក់ ក្រុមប្រឹក្សាឃុំ សមាជិកគណបក្សឃុំ ព្រមទាំង លោក លោក លោកស្រី ប្រធាន អនុប្រធានក្រុមការងារថ្នាក់កណ្តាល និង ប្រធានគណបក្សឃុំ មេឃុំ មន្រ្តីអាជ្ញាធរមូលដ្ឋាន ។

បន្ទាប់ពី លោក ផន សោភា ប្រធានគណបក្សឃុំ បានធ្វើសេចក្តីរាយការណ៍ជូនអង្គប្រជុំពីវឌ្ឍនភាពការងារ និងទិសដៅការងារបន្តរបស់គណបក្សឃុំ រួចមក លោក តូច ចាន់នី ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយឃុំកណ្តោលជ្រុំ បានកោតសរសើរ វាយតម្លៃខ្ពស់ និងអរគុណដោយស្មោះស្ម័គ្របំផុតចំពោះបងប្អូនប្រជាពលរដ្ឋ ក្នុងឃុំកណ្តោលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ក៏ដូចជាប្រជាពលរដ្ឋទូទាំងប្រទេស ដែលបានចូលរួមគាំទ្រគណបក្សប្រជាជនកម្ពុជា ឱ្យឈ្នះភ្លូកទឹកភ្លូកដីក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ កន្លងមក ដើម្បីសុខសន្តិភាព វឌ្ឍនភាព និងវិបុលភាពជារៀងដរាប សម្រាប់អនាគតរុងរឿងរបស់កូនចៅគ្រប់ជំនាន់។

លោក តូច ចាន់នី បានពាំនាំការសួរសុខទុក្ខពីសំណាក លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និងឃុំជាច ស្រុកកំចាយមាខេត្តព្រៃវែង ក្នុងនោះលោក បានថ្លែងមតិកោតសរសើរលើកទឹកចិត្តផងដែរ ដល់មន្រ្តីមូលដ្ឋានយើងគ្រប់លំដាប់ថ្នាក់ ដែលបានបន្តចូលរួមអនុវត្តយ៉ាងសកម្មនូវរាល់ភារកិច្ចនយោបាយសំខាន់ៗក្នុងការថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ និងប្រក្រតីភាព ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋតាមភូមិ ឃុំ ដោយឡែក ឃុំកណ្តោលជ្រុំ ខិតខំពុះពារឆ្លងកាត់ការលំបាក និងដោះស្រាយផលប៉ះពាល់ទាំងឡាយដែលបង្កឡើងដោយជំងឺកូវីដ-១៩។

មុនបញ្ចប់នៃមតិសំណេះសំណាល និងប្រកាសសមាសភាពក្រុមការងារចុះជួយឃុំកណ្តោលជ្រុំ បានផ្ដាំរំលឹកដល់ក្រុមការងារ និងមន្រ្តីអាជ្ញាធរគ្រប់លំដាប់ថ្នាក់ទាំងអស់ ពីកាតព្វកិច្ចក្នុងការតបស្នងការស្រឡាញ់ និងជំនឿទុកចិត្តដ៏មុតមាំរបស់ប្រជាពលរដ្ឋមកលើគណបក្សប្រជាជនកម្ពុជា ដោយត្រូវរួមគ្នាបន្តធ្វើអំពើល្អ អំពើបុណ្យគ្រប់ពេលវេលា គ្រប់ទីកន្លែង បន្តពុះពារជំរុញអនុវត្តសម្រេចភារកិច្ចនយោបាយតាមមុខសញ្ញានៅគ្រប់ផ្នែក គ្រប់លំដាប់ថ្នាក់ ប្រកបដោយការទទួលខុសត្រូវខ្ពស់រៀងៗខ្លួន ក្នុងសកម្មភាពបម្រើការពារប្រជាពលរដ្ឋដោយស្មោះស្ម័គ្រ និងឆន្ទៈខ្ពស់ សំដៅរក្សា និងពង្រីកប្រៀបឈ្នះរបស់គណបក្សប្រជាជនកម្ពុជា ឈានឆ្ពោះទៅដណ្តើមជ័យជម្នះ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នៅឆ្នាំ២០២៣ ខាងមុខនេះ៕