(កណ្ដាល)៖ លោក ភឺន ផល្លា ជំនួយការផ្ទាល់សម្តេចតេជោនាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកស្រី ព្រមទាំងក្រុមគ្រួសារ នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២ បាននាំយកទេយ្យទានទៅប្រគេន ព្រះសង្ឃគង់នៅវត្តបន្ទាយ, វត្តខ្សាច់, វត្តអរិយក្សត្រ, វត្តស្វាយជ្រំ, វត្តបារាជ, វត្តសារិកាកែវ, វត្តឧទុម្ពរ នៅក្នុងស្រុកល្វាឯម និងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

ក្នុងវត្តនីមួយៗ៖ អង្ករ (នាងមិញ) ៥០គីឡូក្រាម ស្មើនឹង១០៥,៥០០រៀល, មីខ្លាឃ្មុំ៥កេស ស្មើនឹង១៣៥,០០០រៀល, ត្រីខ៥កេស ស្មើនឹង៩០,០០០រៀល, ទឹកត្រី៥យួរ ស្មើនឹង៤២,៥០០រៀល, ទឹកស៊ីអ៊ីវ៥យួរ ស្មើនឹង៤០,០០០រៀល, ទឹកសុទ្ធ (Vital) ៥កេស ស្មើនឹង ៦៥,០០០រៀល, សាដក២សម្រាប់ ស្មើនឹង១០០,០០០រៀល, ផ្លែឈើមួយកន្ត្រក ស្មើនឹង ១០០,០០០រៀល, បច្ច័យចូលបុណ្យ១លានរៀល។

ក្នុងមួយវត្តៗ លោក ភឺន ផល្លា បានប្រគេនទេយ្យទាន និងបច្ច័យ ចំនួន១,៦៧៧,៥០០រៀល។

គួសបញ្ជាក់ថា ពិធីបុណ្យកាន់បិណ្ឌភ្ជុំបិណ្ឌ គឺជាពិធីបុណ្យប្រពៃណីជាតិ បែបព្រះពុទ្ធសាសនាដ៏ធំមួយ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ឆ្នាំនេះ ពិធីបុណ្យកាន់បិណ្ឌភ្ជុំបិណ្ឌ ត្រូវបានប្រារព្ធឡើងចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ។

ការប្រារព្ធពិធីបុណ្យនេះ គឺជាទំនៀមទម្លាប់មួយ ដែលជនជាតិខ្មែរនិយមធ្វើតៗគ្នា តាំងពីបុរាណកាលមក ដូច្នេះប្រជាពលរដ្ឋខ្មែរទាំងអស់ ដែលជាពុទ្ធសាសនិកជនគប្បីនាំគ្នា ថែរក្សាពិធីបុណ្យ ដែលជាមរតកកេរ្តិ៍ដំណែលវប្បធម៌របស់ដូនតាខ្មែរ ឲ្យបានស្ថិតស្ថេរគង់វង្ស តាមរយៈការបណ្ដុះស្មារតី ដល់យុវជន និងកូនចៅជំនាន់ក្រោយទាំងអស់ ឲ្យចេះទៅធ្វើបុណ្យទាន នៅក្នុងរដូវបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌនេះ នៅតាមទីវត្តអារាមនានាទូទាំងប្រទេស ដើម្បីធ្វើយ៉ាងណាអភិរក្ស ពិធីបុណ្យប្រពៃណីជាតិដ៏ល្អផូរផង់នេះ កុំឲ្យបាត់បង់៕