(សៀមរាប)៖ ដើម្បីជួយផ្គត់ផ្គង់ទំនុកបំរុង ដល់ព្រះសង្ឃ និងរួមចំណែកថែរក្សាពិធីបុណ្យប្រពៃណីជាតិ ដែលមានតាំងពីបុរាណកាលមក ឲ្យបានស្ថិតស្ថេរគង់វង្សនោះ ក្នុងរដូវបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌឆ្នាំនេះលោកស្រី ឃួន ឃុនឌី សមាជិកព្រឹទ្ធសភា រួមទាំងមិត្តភក្តិបងប្អូន និងពុទ្ធបរិស័ទចំណុះជើងវត្ត បានអញ្ជើញកាន់បិណ្ឌវេនទី១ នៅវត្តអង្គរតូចខាងត្បូងស្ថិតក្នុងខេត្តសៀមរាប នៅព្រឹកថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ២០២២។

លោកស្រី ឃួន ឃុនឌី បានលើកឡើងថា ពិធីបុណ្យកាន់បិណ្ឌភ្ជុំបិណ្ឌនេះ ត្រូវបានប្រជាពលរដ្ឋខ្មែរជាពុទ្ធសាសនិកជនប្រារព្ធឡើងក្នុងគោលបំណង ដើម្បីរៀបចំសង្ឃភត្តទំនុកបម្រុងដល់ព្រះសង្ឃ ក្នុងរដូវវស្សាពីព្រោះរដូវនេះ មានភ្លៀងធ្លាក់បង្កឲ្យមានការលំបាកដល់ព្រះសង្ឃក្នុងការនិមន្តបិណ្ឌបាត្រ។ ម្យ៉ាងទៀត ក៏ដើម្បីឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធបុព្វការីជន កម្មាភិបាល យុទ្ធជន យុទ្ធនារី បានទៅកាន់សុគតិភពផងដែរ។

ក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី១ វត្តអង្គរតូចខាងត្បូងនេះ លោកស្រីព្រមទាំងក្រុមគ្រួសារ រួមនឹងពុទ្ធបរិស័ទទាំងអស់បាននាំយកចង្ហាន់ទេយ្យទានផ្សេងៗ ទៅវេរប្រគេនដល់ព្រះសង្ឃក្នុងវត្តនេះ ដើម្បីឧទ្ទិសកុសលដល់បុព្វការីជន ដែលបានលាចាកទៅកាន់លោកខាងមុខ ក៏ដូចជាវិញ្ញាណក្ខន្ធបុព្វបុរសស្នេហាជាតិទាំងអស់ បានមកទទួលយកកុសលផលបុណ្យតាមជំនឿបែបព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋព្រមទាំងបានធ្វើកិច្ចបែបសាសនាស្របតាមទំនៀមទម្លាប់ នៃពិធីបុណ្យកាន់បិណ្ឌភ្ជុំបិណ្ឌនេះ។

គួសបញ្ជាក់ថា ពិធីបុណ្យកាន់បិណ្ឌភ្ជុំបិណ្ឌ គឺជាពិធីបុណ្យប្រពៃណីជាតិបែបព្រះពុទ្ធសាសនាដ៏ធំមួយ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ឆ្នាំនេះ ពិធីបុណ្យកាន់បិណ្ឌភ្ជុំបិណ្ឌ ត្រូវបានប្រារព្ធឡើងចាប់ពីថ្ងៃ១ រោចដល់ថ្ងៃ១៥ រោចខែភទ្របទ។

ការប្រារព្ធពិធីបុណ្យនេះ គឺជាទំនៀមទម្លាប់មួយដែលជនជាតិខ្មែរនយមធ្វើតៗគ្នា តាំងពីបុរាណកាលមក ដូច្នេះប្រជាពលរដ្ឋខ្មែរទាំងអស់ ដែលជាពុទ្ធសាសនិកជនគប្បីនាំគ្នា ថែរក្សាពិធីបុណ្យ ដែលជាមរតកកេរ្តិ៍ដំណែលវប្បធម៌របស់ដូនតាខ្មែរ ឲ្យបានស្ថិតស្ថេរគង់វង្សតាមរយៈការបណ្ដុះស្មារតីដល់យុវជន និងកូនចៅជំនាន់ក្រោយទាំងអស់ ឲ្យចេះទៅធ្វើបុណ្យទាន នៅក្នុងរដូវបុណ្យកាន់បិណ្ឌភ្ជុំបិណ្ឌនេះ នៅតាមទីវត្តអារាមនានាទូទាំងប្រទេស ដើម្បីធ្វើយ៉ាងណាអភិរក្សពិធីបុណ្យប្រពៃណីជាតិដ៏ល្អផូរផង់នេះកុំឲ្យបាត់បង់។ ប៉ុន្តែត្រូវចូលរួមអនុវត្តវិធានការសុវត្ថិភាពអនាម័យ តាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរាតត្បាតពីជំងឺកូវីដ១៩ បើទោះបីជំងឺនេះ មានការធូស្រាលក្នុងប្រទេសកម្ពុជាក៏ដោយ។

ជាមួយគ្នានោះដែរ លោកស្រី ក៏បាននាំយកយកនូវសម្ភារ និងថវិកាមួយចំនួនចែកជូនដល់លោកយាយ លោកតា ផងដែរ៕