(សៀមរាប)៖ គណៈប្រតិភូក្រសួងការពារជាតិ ចុះសួរសុខទុក្ខនាយទាហាន នាយទាហានរង និង ពលទាហាន ក្នុងឱកាសដែលប្រជាពលរដ្ឋខ្មែរ កាន់សាសនាព្រះពុទ្ធ ប្រារព្វធ្វើបុណ្យភ្ជំបិណ្ឌប្រពៃណីខ្មែរ នៅមជ្ឈមណ្ឌលអភិវឌ្ឍយោធិនពិការ សម្ដេចតេជោ ហ៊ុន សែន គូលែន៣១៧ ខេត្តសៀមរាប ចំនួន២៩០ គ្រួសារ នាថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២។

លោក ពៅ ស៊ា នាយកមជ្ឈមណ្ឌលអភិវឌ្ឍយោធិនពិការ សម្ដេចតេជោ ហ៊ុន សែន គូលែន៣១៧សៀមរាប បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចនាយករដ្ឋមន្ត្រី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោកស្រី ដែលជានិច្ចកាលសម្តេចតែងតែគិតគូរពីសុខទុក្ខ និងជីវភាពរស់នៅរបស់យោធិន នាយទាហាន នាយទាហានរង និងពលទាហាននៃកងយោធពលខេមរភូមិន្ទ នាឱកាសណ្យភ្ជំបិណ្ឌប្រពៃណីជាតិ និងពិធីបុណ្យជាតិ ដែលរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាគណៈប្រតិភូក្រសួងការពារជាតិ និងអាជ្ញាធរ គ្រប់លំដាប់ថ្នាក់តែងតែចុះមកសាកសួរសុខទុក្ខដល់យោធិនពិការ បាត់បង់សុពលភាពការងារ និងយោធិននិវត្តន៍ នៅតាមមជ្ឈមណ្ឌលអភិវឌ្ឍន៍យោធិនពិការ ក៏ដូចនៅតាមបណ្តាកងពល និងអង្គភាព។

លោកក៏បានធ្វើការកោតសរសើរ ចំពោះវីរភាព ក្នុងស្មារតីដ៏មុះមុតរបស់យោធិនពិការទាំងអស់ ដែលបានចូលរួមបូជាសាច់ស្រស់ឈាមស្រស់ ការពារបូរណភាពដែនដី និងរកសុខសន្តិភាពជូនជាតិមាតុភូមិរហូតធ្លាក់ខ្លួនពិការ។ ដោយគោលនយោបាយ ឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានបង្រួបបង្រួមជាតិ សាមគ្គីជាតិ ឯកភាពផ្ទៃក្នុង បានបញ្ចប់សង្គ្រាមនៅកម្ពុជាទាំងស្រុងក្នុងឆ្នាំ១៩៩៨ ធ្វើឲ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ កាន់តែប្រសើរឡើង និងប្រទេសជាតិមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យផងដែរ។

ដោយឡែក លោក ឃឹម ប៊ុនសុង រដ្ឋលលេខាធិការ ក្រសួងការពារជាតិ បានថ្លែងអំណរគុណចំពោះគ្រួសារជនពិការ ដែលបានលះបង់ប្តី និងសមាជិកគ្រួសារ ក្នុងបុព្វហេតុការពារជាតិមាតុភូមិ។ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់តែងតែដឹងគុណជានិច្ចចំពោះវីរភាពដ៏អង់អាចក្លាហាន របស់យោធិនពិការគដែលបានលះបង់សាច់ឈាម ដើម្បីបុព្វហេតុជាតិ និងមាតុភូមិ ដោយគុណបំណាច់ទាំងនេះ សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធិបណ្ឌិត បានផ្ដល់នូវអ្វីៗទាំងអស់គ្រប់បែបយ៉ាង ដើម្បីលើកស្ទួយជីវភាពរស់នៅរបស់យោធិនពិការ ព្រមទាំងក្រុមគ្រួសាររបស់យោធិនពិការកាន់តែប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ។

ទន្ទឹមនឹងនោះដែរ លោកក៏បានថ្លែងអំណរគុណ កោតសសើរ ចំពោះមេបញ្ជាការ មេបញ្ជាការរង អង្គភាព នាយទាហាន និងពលទាហាន យោធិនពិការគូលែន៣១៧សៀមរាប ដែលរក្សាបាននូវប្រពៃណី សីលធម៌ អត្តចរិក និងវិន័យរបស់កងយោធពលខេមរភូមិន្ទ ដោយកន្លងមកពុំដែលធ្វើអំពើអ្វីមិនសមរម្យ បង្កការលំបាកដល់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយនោះឡើយ។

លោករដ្ឋលេខាធិការ ក៏បានធ្វើការផ្តាំផ្ញើដល់យោធិនពិការទាំងអស់ ត្រូវខិតខំថែរក្សាសុខភាព និងសំខាន់ចូលរួមក្នុងការបង្ការទប់ស្កាត់ជម្ងឺកូវិដ១៩ ទោះបីស្ថានភាពជម្ងឺកូវិដ១៩ បានមានភាពធូរស្រាលក៏ពិតមែន និងត្រូវបន្តអនុវត្តវិធានការរបស់រាជរដ្ឋាភិបាលឲ្យបានខ្ជាប់ខ្ជួន ព្រមទាំងជម្រុញដល់សមាជិកគ្រួសារ ក៏ដូចប្រជាពលរដ្ឋ ទៅចាក់វ៉ាក់សាំងឲ្យបានគ្រប់ដូស និងដូសជម្រុញទី៥ផងដែរ។

ជាមួយនេះដែរ សម្តេចពិជ័យសេនា ទៀ បាញ់ ប្រគល់ជូនថវិកាចំនួន៣លានរៀល សម្រាប់ប្រើប្រាស់ក្នុងមជ្ឈមណ្ឌលអភិវឌ្ឍយោធិនពិការ សម្ដេចតេជោ ហ៊ុន សែន គូលែន៣១៧សៀមរាប និងគ្រួសារយោធិនពិការទាំង២៩០គ្រួសារ ក្នុងមួយគ្រួសារទទួលបាន ត្រីខ មី ស្ករស ទឹកដោះគោ និងថវិកា៣ម៉ីនរៀលផងដែរ៕