(ព្រះវិហារ)៖ លោក មាស សុភា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះវិហារ ដោយមានការចូលរួមពីលោក ប្រាក់ សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត លោក គីម រិទ្ធី អភិបាលខេត្ត ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ តាមមន្ទីរ អង្គភាព ជុំវិញខេត្តនិងពុទ្ធបរិស័ទជិតឆ្ងាយ នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២នេះ បានចូលរួមបុណ្យដាក់បិណ្ឌទី១ នៅវត្តគោកបេង ស្ថិតក្នុងសង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ។

លោក មាស សុភា បានថ្លែងប្រគេនព្រះសង្ឃ និងជម្រាបជូនលោកតា លោកយាយ បងប្អូនប្រជាពលរដ្ឋ ពីប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលជានិច្ចជាកាលតែងគិតគូរយកចិត្តទុក្ខដាក់ ចំពោះសុខទុក្ខ និងការរស់នៅរបស់ប្រជាពលរដ្ឋគ្រប់ៗរូប។

លោកទេសរដ្ឋមន្ត្រី មាស សុភា ក៏បានបន្តថ្លែងប្រគេនព្រះសង្ឃ និងជម្រាបជូនលោកតា លោកយាយ បងប្អូនប្រជាពលរដ្ឋ ពីតម្លៃសុខសន្តិភាពនិងការអភិវឌ្ឍន៍រីកចម្រើនគ្រប់វិស័យ ពេញផ្ទៃប្រទេស ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី។ លោកថា បើគ្មានសុខសន្តិភាព គ្មានការអភិវឌ្ឍន៍ យើងទាំងអស់គ្នាមិនអាចមកជួបជុំគ្នាដូចថ្ងៃនេះទេ។

ជាមួយគ្នានេះដែរ លោកទេសរដ្ឋមន្ត្រី ក៏បានថ្លែងអំពាវនាវដល់ប្រជាពលរដ្ឋយើង ត្រូវចូលរួមថែក្សាសុខសន្តិភាពដែលយើងទទួលបានដោយលំបាក ឲ្យនៅស្ថិតស្ថេរយូរអង្វែង ដើម្បីឲ្យប្រទេសជាតិ យើងកាន់តែមានការអភិវឌ្ឍន៍រីកចម្រើនថែមទៀត ពិសេសត្រូវចូលរួមគាំទ្រការអនុវត្តន៍កម្មវិធីគោលនយោបាយនានារបស់រាជរដ្ឋាភិបាល គាំទ្របេក្ខភាពសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៅអាណត្តិក្រោយៗទៀត និងគាំទ្របេក្ខភាពលោកបណ្ឌិត ហ៊ុន ម៉ាណែត ជាអ្នកដឹកនាំបន្តវេន។

ទាក់ទងនឹងថ្ងៃកាន់បិណ្ឌរហូតដល់ថ្ងៃភ្ជុំបិណ្ឌ ខាងមុខនេះ លោក មាស សុភា ក៏បានថ្លែងណែនាំដល់អាជ្ញាធរ និងសមត្ថកិច្ច នៅតាមមូលដ្ឋានក្នុងខេត្តព្រះវិហារ ត្រូវបង្កើនការយកចិត្តទុកដាក់ ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ ដើម្បីបង្ករលក្ខណៈដល់ប្រជាពលរដ្ឋបានទៅធ្វើបុណ្យនៅតាមទីវត្តអារ៉ាមនានា។

ទន្ទឹមនឹងនោះដែរ លោកក៏ណែនាំដល់ប្រជាពលរដ្ឋ បន្តយកចិត្តទុកដាក់ការពារពីជំងឺកូវីដ-១៩ ដោយបន្តអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាល និងការណែនាំរបស់រាជរដ្ឋាភិបាល «៣កុំនិង៣ការពារ»៕