(បាត់ដំបង)៖ រដ្ឋបាលខេត្តបាត់ដំបង ចូលរួមពិធីបុណ្យកាន់បិណ្ឌវេណទី១ នៅវត្តពោធិ៍វាល ក្រុងបាត់ដំបង ដឹកនាំដោយ លោក អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្តបាតដំបង ព្រមទាំង សមាជិកក្រុមប្រឹក្សាខេត្តលោក សុខ លូ អភិបាលខេត្តបាត់ដំបង និងលោកស្រី អស់លោក លោកស្រី ប្រធាន មន្ទីរស្ថាប័ណ្ណ អង្គភាពនានា ក្នុងខេត្តបាត់ដំបង។

ពិធីបុណ្យកាន់បិណ្ឌនេះ បានធ្វើនារសៀលថ្ងៃទី១១ និងព្រឹកថ្ងៃទី១២ខែកញ្ញាឆ្នាំ២០២២ នឹងបានយកបច្ច័យ វេរប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់ត្រីមាស ក្នុងវត្តពោធិ៍វាល ស្ថិតក្នុង សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

លោក សុខ លូ បានសំណេះសំណាលក្នុងពិធីថា បុណ្យកាន់បិណ្ឌបានព្រឹត្តិទៅតាមទំនៀមទម្លាប់ព្រះពុទ្ធសាសនាជាបន្តបន្ទាប់ ដោយក្តីសប្បាយរីករាយជ្រះថ្លា ក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី១នេះ ដែលជារៀងរាល់ឆ្នាំ សាសនិកជនទាំងអស់ ដែលកាន់ ព្រះពុទ្ធសាសនា តែងតែគោរពប្រណិបត្តិ នូវពិធីបុណ្យកាន់បិណ្ឌតាមទំនៀមទំលាប់ តាំងពីបុរាណ ដែលមានរយ:ពេល១៥ថ្ងៃ នៅគ្រប់ទីវត្តអារាម ទូទាំងព្រះរាជាណាចក្រកម្ពុជា ដែលចាប់ផ្តើមពីថ្ងៃទី០១ រោច ខែភទ្របទ រហូតដល់ថ្ងៃទី១៤រោច និងថ្ងៃ១៥ រោច ខែភទ្របទ គឺជាថ្ងៃបុណ្យភ្ជុំបិណ្ឌធំតែម្តង។

លោកថា ជាការពិតណាស់ ក្រោមការដឹកនាំដ៏ត្រឹមត្រូវនៃគោលនយោបាយឈ្នះ ៗរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើឲ្យប្រទេសមានសុខសន្តិភាព មានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ ទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ។ រាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានបន្តដឹកនាំនិងបានខិតខំបន្តរក្សានូវកិច្ចសហការគ្នា ជាមួយអាជ្ញាធរមូលដ្ឋាន កម្លាំងមានសមត្ថកិច្ច និងបង្កើនវិធានការ កាពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈក្នុងមូលដ្ឋាន ព្រមទាំងមានវិធានការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទ
ល្មើស បញ្ហាផ្សេងៗដែលកើតមានឡើង ប្រកបដោយប្រសិទ្ធភាព ដោយអនុវត្តតាមគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព របស់រាជរដ្ឋាភិបាលកម្ពុជា។

លោកអភិបាលខេត្តបាត់ដំបង បានថ្លែងអំណរគុណ ដល់អស់ លោក លោកស្រី អភិបាលរងខេត្ត ប្រធានមន្ទីរ ស្ថាប័ណ្ណ អង្គភាពនានា ក្នុងខេត្តបាត់ដំបង ដែលបានចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌវេណទី១នៅវត្តពោធិ៍វាល ព្រមទាំងគណៈកម្មការអាចារ្យវត្តនិងពុទ្ធបរិស័ទជិតឆ្ងាយទាំងអស់ដែលបានខិតខំប្រឹងប្រែងលះបង់ធនធានផ្ទាល់ខ្លួនចូលរួមក្នុងវេណកាន់បិណ្ឌទី១ ដើម្បីប្រគេនដល់ព្រះសង្ឃ សម្រាប់ប្រើប្រាស់និងដើម្បីកសាងនូវសមិទ្ធផលក្នុងវត្តជាប្រយោជន៏ ទ្រទ្រង់ទាំងផ្នែកពុទ្ធចក្រ និងផ្នែកអាណាចក្រ សម្រាប់កូនចៅជំនាន់ក្រោយៗទៀតគោរពប្រណិបត្តិតាម ។

លោកថា នេះគឺជាសេរីភាពដែលបង្ហាញអំពីទឹកចិត្តសទ្ធាជ្រះថ្លារបស់ពុទ្ធបរិស័ទដែលបានប្រគេនជូនតាមរយ:ព្រះសង្ឃដែលជាស្រែបុណ្យក្នុងគោលបំណងដើម្បីឧទ្ទិសកុស
លផលបុណ្យជូនដល់ដួងវិញាណក្ខន្ឌ បុព្វការីជនមាន ជីដូន ជីតា ញាត្តិការទាំងប្រាំពីរសន្តាន ដែលបានចែកឋានទៅកាន់លោកខាងមុខ សូមបានសោយសុខក្នុងឋានសុខគតិភពកុំបីឃ្លៀងឃ្លាតឡើយ នឹងសូមឧទ្ទិស កុសលផលបុណ្យដែលកើតមកពីបុណ្យកាន់បិណ្ឌទី១នេះ សូមឲ្យទទួលបានមគ្គផលស្មើរៗគ្នា ។

លោក សុខ លូ និងលោកស្រីបាននាំយកទេយ្យទាន, ទេយ្យវត្ថុមាន អង្ករ , មី ,ទឹកសុទ្ធ, ទឹកក្រូច ,និងបច្ច័យ ដែលបានពីការចូលរួមដ៏សទ្ធាជ្រះថ្លា របស់អស់លោក លោកស្រី សប្បុរសជនមួយចំនួនធំ ដើម្បីវេរប្រគេនព្រះសង្ឃនៅវត្តពោធ៍វាល ដើម្បីទុកសំរាប់ប្រើប្រាស់ ទៅតាមតម្រូវការរបស់វត្តផងដែរ៕