(ភ្នំពេញ)៖ លោក ឃី កុសល សមាជិកយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងជាប្រធានក្រុមការងារយុវជន គណបក្សក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើង ក្នុងពិធីសំណេះសំណាលជាមួយសមាជិក សមាជិកាជាយុវជននៃគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រមាណ៨០០នាក់ នាព្រឹកថ្ងៃអាទិត្យ ទី១១ ខែកញ្ញា ឆ្នាំ២០២២ នៅវិមាន៧មករា។

ឆ្លៀតក្នុងឱកាសនេះដែរ លោកប្រធាន បានអរគុណ កោតសសើរ និងវាយតម្លៃខ្ពស់ចំពោះសមាជិក សមាជិកា ជាយុវជន ទាំងអស់ដែលបានចូលរួមយ៉ាងសកម្ម ក្នុងការរៀបចំ និងអនុវត្តតាមផែនការឆ្ពោះ ទៅកាន់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ដោយទទួលបានជោគជ័យនាពេលកន្លងមក ហើយទាំងនេះស្តែងឱ្យឃើញពី ការបំពេញតួនាទីភារកិច្ចដ៏សំខាន់ក្នុងនាមជាមន្រ្តីគណបក្ស ដើម្បីធ្វើឲ្យគណបក្សទទួលបានជោគជ័យគ្រប់ទិសទី។

លោកប្រធាន បានលើកទឹកចិត្តដល់បងប្អូនជាសមាជិក សមាជិកាទាំងអស់ សូមបន្តស្មារតី និងគោលជំហរដល់គណបក្សប្រជាជនកម្ពុជាជារៀងរហូត ពីព្រោះបុព្វហេតុនៃគណបក្សគឺធ្វើអ្វីៗ ដើម្បីជាតិ និងប្រជាជន មានសន្តិភាព ឯករាជ្យ សិទ្ធិសេរីភាពពេញលេញ និងការអភិវឌ្ឍ ដូចបណ្តាប្រទេសក្នុងតំបន់ និងពិភពលោក។

ជាមួយគ្នានេះ លោកប្រធានក៏បានលើកឡើងពីចំណុចសំខាន់ៗនៃកម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ដែលបានដាក់ចេញប្រកបដោយចក្ខុវិស័យច្បាស់លាស់ ដើម្បីរក្សាសន្តិភាព និងស្ថេរភាពជូនប្រជាជនកម្ពុជា។

បន្ថែមពីនេះ លោកប្រធានបានលើកឡើងពីតួនាទីវិស័យកសិកម្ម ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលបានខិតខំអនុវត្តចក្ខុវិស័យរបស់រាជរដ្ឋាភិបាលគឺ ការធ្វើទំនើបកម្មវិស័យនេះ ដោយប្រែក្លាយពីដំណាក់កាល អភិវឌ្ឍតាមបែបវិបុលវប្បកម្ម ឬតាមបែបប្រពៃណីឈានទៅរកដំណាក់កាលតាមបែបប្រពលវប្បកម្ម ដោយផ្អែកលើការប្រែប្រួលនៃបច្ចេកវិទ្យាថ្មីៗ ការស្រាវជ្រាវ ការអភិវឌ្ឍយន្តូបនីយកម្ម និងការបង្កើនសមត្ថភាពស្រោចស្រព ដើម្បីលើកកម្ពស់ផលិតកម្ម ពិពិធកម្មកសិកម្ម ការគ្រប់គ្រងដីធ្លី ធនធានព្រៃឈើ និងជលផល ព្រមទាំងការធានាចីរភាពធនធានធម្មជាតិ ប្រកបដោយប្រសិទ្ធភាព តាមរយៈការខិតខំបំពេញបេសកកម្មរបស់ខ្លួនយ៉ាងសកម្ម ក្នុងការរួមចំណែកដោះស្រាយនូវរាល់បញ្ហាប្រឈម និងក្តីកង្វល់ទាំងឡាយដែលកសិករជួបប្រទះ ជាមួយគ្រប់ភាគីពាក់ព័ន្ធទាំងអស់តាមរយៈការលើកកម្ពស់អភិក្រម «ភាពជាដៃគូរវាងរដ្ឋ ឯកជន អ្នកផលិត» ដើម្បីកែលម្អជីវភាពរស់នៅរបស់បងប្អូនកសិករ រួមចំណែកលើក កម្ពស់ការអភិវឌ្ឍវិស័យកសិកម្មលើគ្រប់ផ្នែក ឆ្លើយតបទៅនឹងគោលនយោបាយកំណែទម្រង់ស៊ីជម្រៅដ៏ត្រចះត្រចង់ របស់រាជរដ្ឋាភិបាលនិងគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា។

ជាមួយគ្នានេះ លោកប្រធានបានផ្តាំផ្ញើដល់សមាជិក សមាជិកាជាយុវជន ដើម្បីទទួលបានជោគជ័យក្នុងការបោះឆ្នោតគ្រប់កាលៈទេសៈទាំងអស់ យុវជនគណបក្សក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវបន្តចូលរួមអនុវត្តដូចខាងក្រោម៖

១៖ ខិតខំប្រតិបត្តិឱ្យបានត្រឹមត្រូវតាមកម្មវិធីនយោបាយ និងលក្ខន្តិកៈរបស់គណបក្ស
២៖ កសាងទំនាក់ទំនងល្អជាមួយប្រជាជន និងខិតខំឃោសនាផ្សព្វផ្សាយ អំពីកម្មវិធីនយោបាយរបស់គណបក្ស ច្បាប់របស់រដ្ឋដល់ប្រជាជន ក្តាប់បាននូវសភាពការណ៍នៃការអភិវឌ្ឍ សុខទុក្ខ ជីវភាព និងសំណូមពររបស់ប្រជាជន ដើម្បីដាក់ចេញនូវកម្មវិធីនយោបាយរបស់គណបក្ស និងរដ្ឋឲ្យចំគោលដៅ និងតម្រូវការរបស់ថ្នាក់មូលដ្ឋាន
៣៖ ត្រូវថែរក្សាធ្លុងសាមគ្គី ឯកភាពផ្ទៃក្នុង រក្សាការសម្ងាត់របស់គណបក្ស ជានិច្ចកាលជួយមតិគ្នាទៅវិញទៅមកដើម្បីការរីកចម្រើន
៤៖ ខិតខំរៀនសូត្រលើកកម្ពស់សមត្ថភាព និងគុណធម៌ ដើម្បីសម្រេចភារកិច្ចជូនជាតិ និងមាតុភូមិ
៥៖ ជម្រុះចោលភាពអសកម្ម និងចំណុចខ្សោយរបស់ខ្លួន បង្កើនការប្តេជ្ញាក្នុងការបំពេញការងារ តម្រង់ទិសទស្សន:វិស័យ និងរក្សាគោលជំហរនយោបាយរឹងមាំ៕