(ភ្នំពេញ)៖ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២នេះ បានជួបសំណេះសំណាល និងថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ សមាជិក សមាជិកា សម្ព័ន្ធក្រុមគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា នៅសាលមហោស្រពកោះពេជ្រ។

ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ លោក សាយ សំអាល់ អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា, លោកបណ្ឌិត ហេង សុខគង់ ប្រធានក្រុមគ្រូពេទ្យស.ស.យ.ក លោក លោកស្រី សមាជិក គណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការកណ្ដាល ស.ស.យ.ក. និងសមាជិក សមាជិកា សម្ព័ន្ធគ្រូពេទ្យប្រមាណ ៣,៥៦២រូបផងដែរ។

លោក ហេង សុខគង់ សមាជិកគណៈអចិន្រ្តៃយ៍នៃគណកម្មការកណ្តាល ស.ស.យ.ក. និងជាប្រធានក្រុមការងារសម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា បានសម្តែងនូវសេចក្តីសោមនស្សរីករាយចំពោះវត្តមាន លោក ហ៊ុន ម៉ានី និងបានធ្វើរបាយការណ៍អំពីបុព្វហេតុ សាវតា រចនាសម្ព័ន្ធ និងសមិទ្ធផលដែលទទួលបាន។

លោកបានរំលេចផងដែរថា សម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា ដែលផ្តួចផ្តើមបង្កើតឡើង និងដឹកនាំដោយលោក ហ៊ុន ម៉ានី តែងតែយកចិត្តទុកដាក់ចុះពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃជូនដល់ប្រជាពលរដ្ឋ ដោយបានចុះទៅពិនិត្យដោយផ្ទាល់ដល់ទីកន្លែងរស់នៅរបស់ប្រជាពលរដ្ឋតែម្តង ជាពិសេសក្រុមគ្រូពេទ្យបានចូលរួមក្នុងយុទ្ធនាការចាក់វ៉ាក់សាំង ដើម្បីប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ-១៩។

លោកបន្ដថា គិតចាំពីឆ្នាំ២០១៤ មក ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត នៃសម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក.ទូទាំងប្រទេសមានចំនួនសរុបប្រមាណ ១២,៧៨៩នាក់ ក្នុងនោះមាន ៤,២២១ឮរូបដែលមិនទាន់មានពិធីប្រកាសទទួលស្គាល់។

រុមការងារដឹកនាំ និងចង្អុលបង្ហាញទិសដៅរបស់លោក ហ៊ុន ម៉ានី និងមានការដឹកនាំដោយផ្ទាល់ពីសំណាក់ លោកស្រី យឹម ឆៃលីន ប្រធានកិត្តិយសសម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក សម្រេចបាននូវការងារមួយចំនួនគួរជាទីមោទនៈ ក្នុងនោះរួមមានការងារចាក់វ៉ាក់សាំង ការសម្របសម្រួល និងព្យាបាលក្នុងមណ្ឌលព្យាបាលជំងឺកូវីដ១៩ ចំនួន០៣មណ្ឌល ការចុះផ្ដល់ជំនួយឧបត្ថម្ភដល់កុមារកំព្រា ព្យាបាលតាមខ្នងផ្ទះ និងសម្របសម្រួលអ្នកជំងឺបញ្ចូនមកព្យាបាលក្នុងរាជធានីភ្នំពេញ ជាពិសេសការផ្ដល់ជូនអាហារូបករណ៍ដល់សមាជិក សមាជិកា យុវជន និងយុវនារីកម្ពុជា។

ថ្លែងក្នុងឱកាសនោះ លោក ហ៊ុន ម៉ានី បានធ្វើការកោតសរសើរនិងវាយតម្លៃខ្ពស់ ចំពោះក្រុមការងារសម្ព័ន្ធគ្រូពេទ្យស័្មគ្រចិត្តសហភាពសហព័ន្ធយុវជនកម្ពុជា ដែលបានខិតខំប្រឹងប្រែង ចំណាយពេលវេលា លះបង់ទាំងកម្លាំងកាយ និងកម្លាំងចិត្ត ក្នុងការបំពេញបេសសកម្ម ជាពិសេសនាកំឡុងពេល នៃការរីករាលដាលនៃកូវីដ-១៩ ហើយសកម្មភាពទាំងនេះជាមោទកភាពដ៏ធំធេងបំផុត ចំពោះសមាជិក សមាជិកា ដែលបានឆ្លងកាត់ដំណាក់កាលលំបាកមួយនេះ ដែលទន្ទឹមនឹងការឆ្លងកាត់នេះ ការរីករាលដាលនៃកូវីដ-១៩ បានផ្តល់ជាមេរៀនសម្រាប់សមាជិក សមាជិកា ដកស្រង់បទពិសោធន៍ផងដែរ។

លោកសង្កត់ធ្ងន់ថា «ក្រៅពីការងារស្នូលរបស់សមាជិក សមាជិកា នៃសម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក. បានដាក់ខ្លួនទាំងស្រុងទៅក្នុងមណ្ឌលព្យាបាលជំងឺកូវីដ១៩ ដើម្បីព្យាបាលជំងឺជូនប្រជាពលរដ្ឋដែលការរៀបចំនោះចំណាយពេលតិចបំផុត» ជាក់ស្ដែងការឆ្លងកាត់ការលំបាក និងឧបសគ្គកន្លងមកបានធ្វើឲ្យក្រុមគ្រូពេទ្យស្ម័គ្រចិត្ត នៃសម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក ពង្រឹងការអនុវត្តផង បង្កើនសមត្ថភាព ដកស្រង់បទពិសោធ៍ ហើយលើសពីនោះថែមទៀតការផ្ដល់ជូនអាហារូបករណ៍ជូនយុវជនកម្ពុជា។

បន្ថែមពីនេះ លោក ហ៊ុន ម៉ានី បានរំលេចឡើងពីភាពជោគជ័យ ក៏ដូចជាការវិលត្រលប់មករកស្ថានភាពប្រសើរឡើងវិញដែលប្រទេសកម្ពុជា សម្រេចបានគួបផ្សំជាមួយយុទ្ធសាស្រ្តដែលដាក់ចេញដោយរាជរដ្ឋាភិបាល ក្នុងនោះពិតជាមិនអាចកាត់ផ្ដាច់បានពីការចូលរួមរបស់សមាជិក សមាជិកា នៃសម្ព័ន្ធគ្រូពេទ្យស.ស.យ.ក. បានឡើយ៕