(រតនគិរី)៖ ដើម្បីជួយផ្គត់ផ្គង់ទំនុកបម្រុងដល់ព្រះសង្ឃ និងរួមចំណែកថែរក្សាពិធីបុណ្យប្រពៃណីជាតិ ដែលមានតាំងពីបុរាណកាលមកឱ្យបានស្ថិតស្ថេរគង់វង្សនោះ នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២ លោក ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្ត លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី និងលោកស្រី ព្រមទាំងថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត រួមនិងពុទ្ធបរិស័ទចំណុះជើងវត្ត បានអញ្ជើញកាន់បិណ្ឌវេនទី១ នៅវត្តឥសាន្តរតនារាមហៅវត្តភ្នំស្វាយ ស្ថិតនៅក្នុងសង្កាត់បឹងកន្សែង ក្រុងបានលុង។

ពិធីបុណ្យកាន់បិណ្ឌភ្ជុំបិណ្ឌនេះ ត្រូវបានប្រជាពលរដ្ឋខ្មែរជាពុទ្ធសាសនិកជនប្រារព្ធឡើងក្នុងគោលបំណង ដើម្បីរៀបចំសង្ឃភត្តទំនុកបម្រុងដល់ព្រះសង្ឃ ក្នុងរដូវវស្សាពីព្រោះរដូវនេះ មានភ្លៀងធ្លាក់បង្កឱ្យមានការលំបាកដល់ព្រះសង្ឃក្នុងការនិមន្តបិណ្ឌបាត្រ។ ម្យ៉ាងទៀតក៏ដើម្បីឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធបុព្វការីជនរបស់ពួកគាត់ឲ្យបានទៅកាន់សុគតិភពផងដែរ។

ក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី១ នៅវត្តឥសាន្តរតនារាមនេះ លោកប្រធានក្រុមប្រឹក្សា និងលោកអភិបាលខេត្ត ព្រមទាំងក្រុមគ្រួសារ រួមនឹងពុទ្ធបរិស័ទទាំងអស់ បាននាំយកចង្ហាន់ទេយ្យទានផ្សេងៗ ទៅវេរប្រគេនដល់ព្រះសង្ឃក្នុងវត្តនេះ ដើម្បីឧទ្ទិសកុសលដល់បុព្វការីជន ដែលបានលាចាកទៅកាន់លោកខាងមុខ ក៏ដូចជាវិញ្ញាណក្ខន្ធបុព្វបុរសស្នេហាជាតិទាំងអស់ បានមកទទួលយកកុសលផលបុណ្យ តាមជំនឿបែបព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋព្រមទាំងបានធ្វើកិច្ចបែបសាសនាស្របតាមទំនៀមទម្លាប់ នៃពិធីបុណ្យកាន់បិណ្ឌភ្ជុំបិណ្ឌនេះផងដែរ។

គួរបញ្ជាក់ថាពិធីបុណ្យកាន់បិណ្ឌភ្ជុំបិណ្ឌ គឺជាពិធីបុណ្យប្រពៃណីជាតិបែបព្រះពុទ្ធសាសនាដ៏ធំមួយនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ការប្រារព្ធពិធីបុណ្យនេះ គឺជាទំនៀមទម្លាប់មួយដែលជនជាតិខ្មែរនិយមធ្វើតៗគ្នាតាំងពីបុរាណកាលមក ដូច្នេះប្រជាពលរដ្ឋខ្មែរទាំងអស់ដែលជាពុទ្ធសាសនិកជន គប្បីនាំគ្នាថែរក្សាពិធីបុណ្យ ដែលជាមរតកកេរ្តិ៍ដំណែល វប្បធម៌របស់ដូនតាខ្មែរ ឲ្យបានស្ថិតស្ថេរគង់វង្សតាមរយៈការបណ្ដុះស្មារតីដល់យុវជន និងកូនចៅជំនាន់ក្រោយទាំងអស់ឱ្យចេះទៅធ្វើបុណ្យទាននៅក្នុងរដូវបុណ្យកាន់បិណ្ឌភ្ជុំបិណ្ឌនេះ នៅតាមទីវត្តអារាមនានា ទូទាំងប្រទេស ដើម្បីធ្វើយ៉ាងណាអភិរក្សពិធីបុណ្យប្រពៃណីជាតិដ៏ល្អផូរផង់នេះកុំឲ្យបាត់បង់។ ប៉ុន្តែត្រូវចូលរួមអនុវត្តវិធានការសុវត្ថិភាពអនាម័យ តាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរាតត្បាតពីជំងឺកូវីដ-១៩ បើទោះបីជំងឺនេះ មានការធូស្រាលក្នុងប្រទេសកម្ពុជាក៏ដោយ៕