(ភ្នំពេញ)៖ ក្រុមបាតុករខុសច្បាប់ប្រមាណជាង ១០០នាក់ ជាអតីតបុគ្គលិកក្រុមហ៊ុន ណាហ្គាវើលដ៍ ដឹកនាំដោយមេសហជីពផុតអាណត្តិ ឈឹម ស៉ីថរ ដែលបានបញ្ឈប់ពីការងារអស់ពេលជាច្រើនខែមកហើយ នៅព្រឹកថ្ងៃអាទិត្យទី១១ ខែកញ្ញា ឆ្នាំ២០២២នេះ ដែលជាថ្ងៃឈប់សម្រាករបស់មន្ត្រីរាជការ បែរជាពួកគេធ្វើការប្រមូលផ្តុំគ្នា និងដើរស្រែកតវ៉ាយ៉ាងអនាធិបតេយ្យនៅតាមសងផ្លូវសាធារណៈ ក្នុងរាជធានីភ្នំពេញ និងពុំបានស្នើសុំច្បាប់អនុញ្ញាត ពីសាលារាជធានីភ្នំពេញទៀតផង។

ប្រជាពលរដ្ឋដែលធ្វើដំណើរនៅតាមដងផ្លូវមួយចំនួន បានរិះគន់ចំពោះសកម្មភាពអនាធិបតេយ្យនេះយ៉ាងខ្លាំង និងចាត់ទុកថាជាទង្វើបង្កភាពប៉ះពាល់ដល់សណ្តាប់ធ្នាប់ សន្តិសុខ និងជាការញុះញង់ បង្កភាពវឹកវរចលាចលក្នុងសង្គម ដែលជាទង្វើរំលោភបំពានម្តងហើយម្តងទៀត លើគោលការណ៍ច្បាប់។

តាមរយៈការដើរស្រែកតវ៉ា ប្រមូលផ្តុំគ្នាធ្វើបាតុកម្មខុសច្បាប់ ដឹកនាំដោយមេសហជីពដែលគេដឹងថាមានការពាក់ព័ន្ធនឹងរបៀបវារៈនយោបាយ បម្រើក្រុមប្រឆាំងនៅពីក្រោមខ្នង ឈ្មោះ ឈឹម ស៉ីថរ និងបក្ខពួកមួយចំនួននៅថ្ងៃនេះ បានធ្វើការចោទប្រកាន់ និងទម្លាក់កំហុសមកលើក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយពុំមានហេតុផលត្រឹមត្រូវ និងបង្កការរំខានដល់សណ្តាប់ធ្នាប់ក្នុងរាជធានីភ្នំពេញ ក្រោមលេសទាមទារសិទ្ធិបង្កើតសហជីព ខណៈដែលពួកក្រុមបាតុករខុសច្បាប់ទាំងនេះ ត្រូវបានក្រុមហ៊ុន ណាហ្គាវើលដ៍ បញ្ឈប់ពីការងារជាយូរមកហើយ។

តាមច្បាប់ការងារ ក្រុមបាតុករអតីតបុគ្កលិក ណាហ្គាវើលដ៍ ដែលកំពុងតវ៉ាអស់ទាំងនេះ គ្មានសិទ្ធិដើម្បីបង្កើតសហជីព ឬមានអ្នកតំណាងថ្មីណាទៀត ដើម្បីបង្កើតនូវភាពអនាធិបតេយ្យ អុកឡុក រំខានកិច្ចការងារប្រកបអាជីវកម្មរបស់ក្រុមហ៊ុន ណាហ្គាវើលដ៍ បានទៀតឡើយ ពីព្រោះពួកគេសព្វថ្ងៃនេះមិនមែនជាបុគ្កលិករបស់ក្រុមហ៊ុន ណាហ្គាវើលដ៍ ហើយក្រុមហ៊ុន ក៏មិនអាចទទួលយកសំណូមពររបស់ពួកគេ ដែលសុំទាមទារប្រាស់ចាកពីគោលការណ៍ ដែលមានចែកក្នុងច្បាប់ការងារបានឡើយ។ ដូចនេះ ក្រុមបាតុករដែលដឹកនាំដោយនាង ឈឹម ស៉ីថរ គឺពុំអាចធ្វើសកម្មភាពណាមួយក្នុងការបន្តស្រែកតវ៉ា ការប្រមូលផ្តុំគ្នា ឬក៏ប្រើភាពជាតំណាងរបស់បុគ្គលិកក្រុមហ៊ុន ណាហ្គាវើលដ៍ ស្របច្បាប់បានទៀតនោះឡើយ។ ផ្ទុយទៅវិញ ពួកគេគប្បីទៅស្វែងរកការងារថ្មី ដែលជាជម្រើសល្អ ដែលមិនត្រូវបន្តដឹកនាំធ្វើបាតុកម្មខុសច្បាប់យ៉ាងអនាធិបតេយ្យបែបនេះឡើយ។

ទង្វើអនាធិបតេយ្យ ដឹកនាំដោយ នាង ឈឹម ស៉ីថរ ត្រូវបានអ្នកធ្វើដំណើរនៅតាមដងផ្លូវ បានលើកឡើងជាសំណូមពរថា អាជ្ញាធរមានសមត្ថកិច្ចត្រូវតែចាត់វិធានការច្បាប់ ដែលមិនគួរបន្តបណ្តែតបណ្តោយឱ្យពួកគេដើរស្រែកតវ៉ា តាមទីសាធារណៈយ៉ាងអនាធិបតេយ្យបែបនេះទេ។ មិនត្រឹមតែប៉ុណ្ណោះ ប្រជាពលរដ្ឋមួយចំនួនទៀតបាននិយាយថា សមត្ថកិច្ចរបស់រាជរដ្ឋាភិបាល ត្រូវតែឆាប់បំផ្លាញក្រុមនេះ តាមវិធានការច្បាប់ឱ្យបានទាន់ពេលវេលា ដែលពុំគួរទុកឱ្យពួកគេប៉ុនប៉ងប្រព្រឹត្តតាមទង្វើរបស់ក្រុមគណបក្សប្រឆាំង ដែលបានបង្កភាពវឹកវរចលាចលសង្គមដូចព្រឹត្តិការណ៍ កាលពីអំឡុងឆ្នាំ២០១៣នោះឡើយ៕