(ស្វាយរៀង)៖ ផ្ទះប្រជាពលរដ្ឋប្រមាណ៣០ខ្នង និងបង្គោលភ្លើង១ដើម នៅក្រុងបាវិត ខេត្តស្វាយរៀង បានដួលរលំ និងរបើកដំបូលដោយសារឥទ្ធិពលខ្យល់កន្ក្រាក់។ តែក្នុងហេតុការណ៍នេះ មិនបណ្តាលឲ្យមានមនុស្សរងគ្រោះថ្នាក់នោះទេ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៦១៥នាទីល្ងាចថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២២ ស្ថិតនៅសង្កាត់បាវិតនិងសង្កាត់បាទី ក្រុងបាវិត។

នគរបាលក្រុងបាវិត បានឲ្យដឹងថា កាលពីល្ងាចម្សិលមិញនេះ នៅក្នុងសង្កាត់បាវិត និងសង្កាត់បាទី ក្រុងបាវិត មានភ្លៀងធ្លាក់មួយមេធំលាយឡំនឹងខ្យល់កន្ក្រាក់ បោកបក់បណ្តាលឲ្យខូចខាតផ្ទះប្រជាពលរដ្ឋចំនួន៣០ខ្នង និងបាក់បង្គោលភ្លើង១ដើម។

ប្រភពដដែលបន្តថា នៅក្នងសង្កាត់បាវិតខូចខាតផ្ទះប្រជាពលរដ្ឋចំនួន២៩ខ្នង និងបង្គោលតង់ស្យុងភ្លើងចំនួន១ដើម។ ចំណែកសង្កាត់បាទី ខូចខាតផ្ទះប្រជាពលរដ្ឋចំនួន១ខ្នង តែករណីនេះ មិនបណ្តាលឲ្យមានមនុស្សរបួស ឬស្លាប់ឡើយ។

អាជ្ញាធរមូលដ្ឋាន បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ពេលមានភ្លៀងធ្លាក់ខ្យល់កន្ត្រាក់ និងរន្ទះត្រូវប្រញាប់ប្រញាល់រកទីមានសុវត្ថិភាពនិងបិទទូរស័ព្ទ ហើយបើមានហេតុការណ៍គ្រោះមហន្តរាយណាមួយ ត្រូវរាយការណ៍មកសមត្ថកិច្ចមូលដ្ឋាន ដើម្បីងាយស្រួលក្នុងការធ្វើអន្តរាគមន៍ ជួយសង្គ្រោះទាន់ពេលវេលា៕