(កំពង់ធំ)៖ លោកស្រី លំ គន្ធារី អភិបាលរងខេត្តកំពង់ធំ លោក ប្លុង ពុទ្ធកូរ៉ា សមាជិកក្រុមប្រឹក្សាខេត្ត លោកឧត្តមសេនីយ៍ទោ ហង្ស ថុល ជាសមាជិកក្រុមស្រាវជ្រាវយុទ្ធសាស្ត្រយោធា ថ្នាក់អគ្គបញ្ជាការដ្ឋាន និងលោកស្រី មៀច សុភី ព្រមទាំងលោកស្រី ជិន អូន ម្ចាស់ការ៉ាស់សាំងថ្នល់បែក បានផ្ដល់នូវនំបញ្ចុកអាហារសាមគ្គីគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ដល់កុមារកំព្រាចំនួន៥៣នាក់ អ្នកថែកុមារកំព្រាចំនួន០៤នាក់ ស្ថិតនៅបុរីកុមារខេត្តកំពង់ធំ ក្នុងភូមិអាចារ្យលាក់ សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២។

លោកស្រី លំ គន្ធារី បានថ្លែងថា ដោយសង្កេតឃើញពីទុក្ខលំបាករបស់កុមារកំព្រា ដែលរស់នៅមានការខ្វះខាតនៅអាហារហូបចុក សំលៀកបំពាក់ និងសម្ភារៈសិក្សាមួយចំនួន។ ស្របពេលជាមួយគ្នានេះដែរ លោកស្រី បានរៀបចំជានំបញ្ចុកសាមគ្គីផ្ដល់ជូនដល់កុមារកំព្រា ដើម្បីឲ្យពួកគាត់ទទួលអាហារបានគ្រប់គ្រាន់មានសុខភាពល្អ ប្រាជ្ញាឈ្លាសវៃ និងការសិក្សាទទួលបានជោគជ័យ។

លោកស្រីបានបន្តថា រដ្ឋបាលខេត្តតែងតែជួយគាំទ្រលើកទឹក និងបានបញ្ជូនកុមារទាំងអស់នេះទៅសិក្សាបានគ្រប់ៗគ្នា ដើម្បីទទួលបាននូវចំណេះដឹង និងជំនាញមួយចំនួនសម្រាប់ ប្រកបមុខរបរចិញ្ចឹមជីវិតរៀងៗខ្លួន។

លោកស្រីក៏បានសំណូមពរ និងអំពាវនាវបន្ថែមដល់សប្បុរសជន អង្គការដៃគូនានា នៅក្នុងនិងក្រៅប្រទេសជួយគាំទ្រ ផ្តល់ជាសម្ភារៈថវិកា ដើម្បីលើកកម្ពស់ដល់កុមារកំព្រា ដែលរស់នៅក្នុងបុរីកុមារកំព្រានេះ មានលក្ខណៈល្អប្រសើរឡើង។

លោក ភិន រ៉ាមីន ប្រធានបុរីកុមារខេត្តកំពង់ធំ កុមារកំព្រា និងអ្នកថែទាំកុមារកំព្រា បានថ្លែងអំណរគុណដល់លោកស្រី លំ គន្ធារី អភិបាលរងខេត្តកំពង់ធំ និងលោក ប្លុង ពុទ្ធកូរ៉ា សមាជិកក្រុកប្រឹក្សាខេត្តលោកឧត្តមសេនីយ៍ទោ ហង្ស ថុល ជាសមាជិកក្រុមស្រាវជ្រាវយុទ្ធសាស្ត្រយោធា ថ្នាក់អគ្គបញ្ជាការដ្ឋាន និងលោកស្រី មៀច សុភី ព្រមទាំងលោកស្រី ជិន អូន ម្ចាស់ការ៉ាស់សាំងថ្នល់ បែកបានជួយឧបត្ថម្ភសម្ភារៈ និងថវិកាដល់បុរីកុមារខេត្តកំពង់ធំ ក្នុងការដោះស្រាយទុក្ខលំបាកមួយចំនួនផងដែរ៕