(ភ្នំពេញ)៖ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២នេះ ដែលត្រូវនឹងថ្ងៃកាន់បិណ្ឌ១ នៃបុណ្យកាន់បិណ្ឌទំនៀមទម្លាប់ប្រពៃណីជាតិ បានដឹកនាំមន្ដ្រីក្រុមការងារ ចុះពិនិត្យសុខភាព និងចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ព្រមទាំងព្រះសង្ឃ នៅក្នុងបរិវេណវត្ដឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

រដ្ឋមន្ដ្រី ម៉ម ប៊ុនហង បានគូសបញ្ជាក់ថា «នេះជាការជួបជុំមួយដែលមានសារៈសំខាន់ ជាពិសេសបិណ្ឌ១នេះ មន្ដ្រីក្រសួង ខណ្ឌ-សង្កាត់ បានមកចូលរួមបូជាទៀនធូប ផ្កាភ្ញីថ្វាយព្រះរតនត្រ័យ នាំយកទេយ្យទាន និងបច្ច័យមួយចំនួន វេនប្រគេនព្រះសង្ឃ នៅវត្ដអារាម ហើយមានការរៀបចំចាក់វ៉ាក់សាំងបន្ថែម និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ, ព្រះសង្ឃ ដើម្បីឱ្យមានសុខភាពល្អ។ ដូច្នេះថ្ងៃនេះ សប្បាយចិត្ដណាស់បាន ធ្វើបុណ្យផង និងបំពេញកាតព្វកិច្ចផង»

ក្នុងឱកាសនោះរដ្ឋមន្ដ្រីក្រសួងសុខាភិបាល ក៏បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ ដែលបានមកទទួលចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ និងថ្លែងអរគុណដល់មន្ដ្រីក្រុមការងារទាំងអស់ ដែលបានសាមគ្គីគ្នា ខិតខំប្រឹងប្រែងអនុវត្ដនូវគោលនយោបាយដ៏ខ្ពង់ខ្ពស់របស់រាជរដ្ឋាភិបាល សម្ដេចតេជោ នាយករដ្ឋមន្ដ្រីកម្ពុជា ដែលលោកតែងតែឧបត្ថម្ភគាំទ្រ និងណែនាំ ក៏ដូចជាផ្ដល់ឱវាទដល់មន្ដ្រីបុគ្គលិកសុខាភិបាល ធ្វើយ៉ាងម៉េចផ្ដល់សេវាសុខាភិបាល ឱ្យកាន់តែគៀកជិត និងចុះដល់ភូមិឋានរបស់ប្រជាពលរដ្ឋយើង។

ទន្ទឹមនឹងនោះ រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង ក៏បានសម្ដែងនូវការកោតសរសើរ ដល់មន្ដ្រីសុខាភិបាល និងអាជ្ញាធរមូលដ្ឋាន ដែលធ្វើការជាមួយគ្នាបានល្អណាស់ ដែលចុះជាប់ និងបង្ខិតសេវាសុខាភិបាល ជូនប្រជាពលរដ្ឋយើង។

សូមជម្រាបថា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២២ ក៏បានចេញសេចក្តីណែនាំ ស្តីពីការការពារការចម្លងវីរុសកូវីដ១៩ និងការពុលចំណីអាហារ ក្នុងកំឡុងពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដោយធ្វើការក្រើនរំលឹក និងជំរុញលើកទឹកចិត្តដល់សាធារណជន ស្ថាប័នពាក់ព័ន្ធ អង្គភាពសាធារណៈ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ សេវាឯកជន និងជនបរទេស ដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជាទាំងអស់ សូមចូលរួមអនុវត្តនូវវិធានការចាំបាច់នានា ដើម្បីការពារសុខភាពផ្ទាល់ខ្លួន ពីការចម្លងជំងឺផ្សេងៗ រួមទាំងការការពារការចម្លងវីរុសកូវីដ-១៩ និងការពុលចំណីអាហារ ក្នុងអំឡុងពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២២ខាងមុខនេះ និងបន្តការពារខ្លួនជាបន្តទៀត នៅក្រោយពេលពីចប់ពិធីបុណ្យប្រពៃណីជាតិនេះផងដែរ៕