(ភ្នំពេញ)៖ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២២ បានរៀបចំពិធីសំណេះសំណាល និងថ្លែងអំណរគុណជូនដល់ថ្នាក់ដឹកនាំ សមាជិក សមាជិកា ក្រុមការងារគ្រូពេទ្យស័្មគ្រចិត្ត លោក ហ៊ុន ម៉ានី ដោយមានការចូលរួមពី លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានកិត្តិយសនៃក្រុមគ្រូពេទ្យស័្មគ្រចិត្តលោក ហ៊ុន ម៉ានី និងសមាជិក សមាជិកា សរុបប្រមាណ៣២០០នាក់ មកពីបណ្តារាជធានីខេត្ត។

ឱកាសនោះ លោក ហ៊ុន ម៉ានី បានថ្លែងទៅកាន់ថ្នាក់ដឹកនាំ សមាជិក សមាជិកា ក្រុមការងារគ្រូពេទ្យស័្មគ្រចិត្តលោក ហ៊ុន ម៉ានី យ៉ាងដូច្នោះថា «ក្រុមគ្រូពេទ្យស្ម័គ្រចិត្តគ្រប់ៗរូប គឺជាវីរៈបុរសជួរមុខ ដែលបានដាក់ប្រយោជន៍បុគ្គលដោយឡែក មករួបរួមគ្នាដើម្បីបុព្វហេតុឧដុង្គឧត្តមសម្រាប់ប្រជាជន និងសង្គមជាតិ»

ជាមួយគ្នានោះដែរ លោក ហ៊ុន ម៉ានី បានធ្វើការវាយតម្លៃខ្ពស់ និងកោតសរសើរ ចំពោះក្រុមការងារគ្រូពេទ្យស័្មគ្រចិត្តលោក ហ៊ុន ម៉ានី ដែលបានប្រឹងប្រែង លះបង់ពេលវេលា និងប្តេជ្ញាទាំងកម្លាំងកាយ និងកម្លាំងចិត្ត ក្នុងការបំពេញភារកិច្ច ស្របតាមបេសកម្មរបស់ខ្លួន ជាពិសេសក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ១៩។

លោកបានសង្កត់ធ្ងន់ទៀតថា បើទោះបីជាសមាជិក សមាជិកា មានការងារគោលផ្សេងៗគ្នា និងមមាញឹកយ៉ាងណាក្តី ក្រុមការងារបានដាក់ការងារខ្លួនដោយឡែក ហើយមករួបរួមគ្នាដើម្បីចូលរួមការងារស័្មគ្រចិត្ត ក្នុងការពិនិត្យព្យាបាលជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ ជាពិសេសចូលរួមក្នុងយុទ្ធនាការចាក់វ៉ាក់សាំង ដើម្បីប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ-១៩។

សូមជម្រាបថា ក្នុងរយៈពេលជាង១០ឆ្នាំ (០២ ធ្នូ ឆ្នាំ២០១២ ដល់ ៣១ សីហា ឆ្នាំ២០២២) ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ដោយផ្ទាល់ ការចង្អុលបង្ហាញជាប្រចាំ ប្រកបដោយទស្សនវិស័យវែងឆ្ងាយ និងប្រាកដប្រជាគួរឱ្យគោរពកោតសរសើររបស់ លោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភាជាតិ និងប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ដែលមានក្រុមគ្រូពេទ្យចំនួន ៩,៥៤៩នាក់ (ប្រាំបួនពាន់ប្រាំរយសែសិបប្រាំបួននាក់) ក្នុងនោះស្ត្រីមានចំនួន ៤,៨៩៩ នាក់ (បួនពាន់ប្រាំបីរយកៅសិបប្រាំបួននាក់) ដឹកនាំនិងសម្របសម្រួលដោយលោក លេង ផាលី រដ្ឋលេខាធិការក្រសួងផែនការ និងជាប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី។

ក្នុងឱកាសនោះ លោក លេង ផាលី ប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស័្មគ្រចិត្តលោក ហ៊ុន ម៉ានី បានធ្វើការស្វាគមន៍យ៉ាងកក់ក្តៅចំពោះ វត្តមាន លោក ហ៊ុន ម៉ានី និងថ្លែងរបាយការណ៍អំពីគោលបំណង សកម្មភាព និងលទ្ធផលរបស់ក្រុមការងារគ្រូពេទ្យស័្មគ្រចិត្ត ដែលបានខិតខំបំពេញបេសកកម្មកន្លងមក ក្រោមស្មារតីមនុស្សធម៌ និងឆន្ទៈមុះមុត ដើម្បីបុព្វហេតុសង្គមជាតិ។

ប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស័្មគ្រចិត្តលោក ហ៊ុន ម៉ានី រូបនេះក៏បានរំលេចពីការចូលរួមរបស់សមាជិក សមាជិកាម្នាក់ៗ ក្រោមការតម្រង់ទិស និងផ្តល់អនុសាសន៍ជាបន្តបន្ទាប់របស់លោក ហ៊ុន ម៉ានី ក្នុងការលើកស្ទួយសុខមាលភាពប្រជាជនកម្ពុជា តាមរយៈការផ្តល់ការពិនិត្យព្យាបាលជូនប្រជាពលរដ្ឋឥតគិតថ្លៃ ជាពិសេសក្នុងអំឡុងពេលនៃការរីករាលនៃជំងឺកូវីដ-១៩ និងក្នុងយុទ្ធនាការចាក់វ៉ាក់សាំង ព្យាបាលជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស។

លោក លេង ផាលី បានបញ្ជាក់ទៀតថា «ចាប់ពីខែមីនា ឆ្នាំ២០២១ រហូតមកដល់ពេលនេះ ក្រុមការងារគ្រូពេទ្យស្មគ្រ័ចិត្តឯកឧត្តម ហ៊ុន ម៉ានី ចំនួន ៤,៦០១នាក់ បានចុះបេសកកម្មតាមការឧទ្ទេសនាមរបស់គណៈកម្មកាចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស ដោយឥតគិតថ្លៃ និងដោយស្ម័គ្រចិត្តឥតគិតថវិកាបេសកកម្ម សម្រាប់ដូសទី១ ដូសទី២ ដូសទី៣ ដូសទី៤ និងដូសទី៥ ដោយចាក់ជូនប្រជាពលរដ្ឋបានប្រមាណ ៩,៦០៤,៤២៦ដូស (ប្រាំបួនលាន ហុកសិបម៉ឺនបួនពាន់បួនរយម្ភៃប្រាំមួយដូស) និងកំពុងតែបន្តស្ម័គ្រចិត្តចូលរួមយុទ្ធនាការចាក់វ៉ាក់សាំង ក្នុងក្របខណ្ឌទូទាំងប្រទេស ដោយឥតគិតថ្លៃ និងឥតគិតថវិកាបេសកកម្មឡើយ ក្នុង ២៥ រាជធានី-ខេត្ត»

តាមរបាយការណ៍របស់ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី បានបំពេញបេសកកម្មដ៏ថ្លៃថ្លា ដោយទទួលបានលទ្ធផលប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលជាច្រើនឥតគណនា ក្នុងការចូលរួមអប់រំផ្សព្វផ្សាយ ចាក់វ៉ាក់សាំងបង្កាកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បណ្តុះបណ្តាលវគ្គសង្គ្រោះបឋម យកសំណាករកវីរុសកូវីដ-១៩ និងពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃក្នុង ២៥ រាជធានី- ខេត្ត នៃព្រះរាជាណាចក្រកម្ពុជា បានចំនួន ៧០២លើក, ព្យាបាលជំងឺជូនប្រជាពលរដ្ឋបានចំនួន ១០,៧២២,២៥៩នាក់ (ដប់លានចិតសិបពីរម៉ឺនពីរពាន់ពីររយហាសិបប្រាំបួននាក់) ក្នុងនោះស្ត្រីមានចំនួន ៥,៤៦៥,១៧៥នាក់ (ប្រាំលាន សែសិបប្រាំមួយម៉ឺន ប្រាំពាន់ មួយរយ ចិតសិប ប្រាំនាក់) គិតត្រឹម ថ្ងៃទី៣១ ខែសីហា ឆ្នាំ ២០២២ បានចំនួនជាង ១ ភាគ ២ នៃប្រជាជនសរុបទូទាំងប្រទេសដែលមានចំនួន ១៦,៨៤៣,៣៣៣នាក់ (ដប់ប្រាំមួយលានប៉ែតសិបបួនម៉ឺនបីពាន់បីរយសាមសិបបីនាក់) ធៀបនឹងឆ្នាំ២០២២ ទទួលបានការពិនិត្យ ព្យាបាល និងចែកថ្នាំជូនដោយឥតគិតថ្លៃពី ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ដោយមានកិច្ចសហការជាមួយ សាខាសកម្មជនក្រុមការងារយុវជនរាជធានីភ្នំពេញ សហភាពសហព័ន្ធយុវជនកម្ពុជា យុវជនកាកបាទក្រហមកម្ពុជា យុវជនកាយរិទ្ធិកម្ពុជា ក្រុមការងាររាជរដ្ឋាភិបាលចុះជួយរាជធានី ខេត្ត មន្ទីរសុខាភិបាលខេត្ត និងអាជ្ញាធរគ្រប់ជាន់ថ្នាក់។

ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ទៅដល់ទីណាគឺប្រជាពលរដ្ឋសប្បាយរីករាយ ស្វាគមន៍រាក់ទាក់យ៉ាងកក់ក្តៅនិងពេញចិត្តគាំទ្រ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ខ្លាំងណាស់ ។ និយាយដោយខ្លីគឺ «ចុះដល់ទីណា ទទួលបានការគាំទ្រដល់ទីនោះ» ហើយអំពើល្អរបស់លោក ហ៊ុន ម៉ានី ក៏ត្រូវបានដក់ជាប់ក្នុងចិត្តបងប្អូនប្រជាពលរដ្ឋ និងអាជ្ញាធរផងនៅគ្រប់ទិសទីដែលក្រុមការងារចុះទៅដល់។

ក្នុងនោះ លោក លេង ផាលី បានបបញ្ជាក់បន្ថែមថា «បញ្ហាសុខភាព គឺជាមូលដ្ឋានគ្រឹះដើម្បីឆ្ពោះទៅរកភាពជោគជ័យ សុភមង្គលជូនគ្រួសារនិងសង្គជាតិ។ មានសុខភាពល្អ ទើបមានអ្វីៗទាំងអស់ មានសន្តិភាព មានសុខភាពល្អនាំឱ្យមានការអភិវឌ្ឍន៍នោះយើងនឹងចាកចេញផុតពីភាពក្រីក្រ»