(កំពង់ធំ)៖ ដើម្បីជួយដោះស្រាយការលំបាក និងបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋក្រីក្រ បានទៅចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនោះ នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលថ្នាក់ខេត្ត ចុះជួយមូលដ្ឋានស្រុកស្ទោង និងជាប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាលថ្នាក់ខេត្ត ចុះជួយមូលដ្ឋានឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ និងសហការី រួមជាមួយអាជ្ញាធរដែនដី បានបន្តនាំយកអំណោយរបស់ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងលោកស្រី ពេជ ចន្ទមុន្នី ទៅឧបត្ថម្ភជូនប្រជាពលរដ្ឋចំនួន១៥គ្រួសារ ដែលមានជីវភាពលំបាកខ្វះខាតចំនួនពីរភូមិ គឺភូមិចន្លុះចំនួន១០គ្រួសារ និងភូមិពន្លាជ័យចំនួន៥គ្រួសារ។

ពិធីនេះ ប្រព្រឹត្តទៅនៅភូមិចន្លុះ ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ចំពោះប្រជាពលរដ្ឋទាំងអស់ ដែលជានិច្ចកាលសម្ដេចតែងតែ គិតគូរពីសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនគ្រប់ពេលវេលា ព្រមជាមួយនោះ សម្តេចតេជោ បានផ្តាំផ្ញើនូវការជូនពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមបានប្រកបដោយសេចក្ដីសុខសេចក្ដីចម្រើន មានសុខភាពល្អ និងបន្តរួមគ្នាថែរក្សាសុខសន្តិភាព ដើម្បីប្រទេសជាតិយើងមានការអភិវឌ្ឍន៍រីកចម្រើនរុងរឿងបន្ថែមទៀត។

ឧត្ដមសេនីយ៍ទោ សោម ស៊ុន ក៏បានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះកូនចៅតូចៗខ្លាចលង់ទឹកដោយប្រការផ្សេងៗ ដោយរដូវវស្សានេះ ជំនន់ទឹកភ្លៀងកំពុងជន់លិចនៅកន្លែងមួយចំនួន។ ជាមួយនេះផងដែរ ត្រូវចេះអនាម័យដើម្បីសុខភាពរបស់ក្រុមគ្រួសារនីមួយៗ និងត្រូវខិតខំប្រកបមុខរបររកទទួលទានដោយសុច្ចរិតទៀងត្រង់ ស្របតាមច្បាប់ របស់រដ្ឋ និងត្រូវចូលរួមអនុវត្តន៍ឲ្យបានត្រឹមត្រូវតាមគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព។

ក្នុងរដូវកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន បាននាំយកនូវអំណោយរបស់ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី ឧបត្ថម្ភជូនគាត់ ដោយក្នុងមួយគ្រួសារ ទទួលបាននូវ៖ អង្ករចំនួន២៥គីឡូក្រាម មីចំនួន១កេស ត្រីខចំនួន១យួរ និងថវិកាមួយចំនួន ដើម្បីប្រជាពលរដ្ឋយើងបានដោះស្រាយការលំបាកខ្វះខាតប្រចាំថ្ងៃ និងមានលទ្ធភាពបានធ្វើបុណ្យទានផងដែរ៕