(កំពង់ធំ)៖ រដ្ឋបាលស្រុកតាំងគោក ខេត្តកំពង់ធំ បានរៀបចំធ្វើពិធីសូត្រមន្ត និងក្រុងពាលីប្រោះព្រំ អគាររដ្ឋបាល និងការិយាល័យច្រកចេញចូលតែមួយ ដើម្បីដំណើរការបម្រើសេវាជូនប្រជាពលរដ្ឋ និងបានធ្វើពិធីបំបួសកូនឈើចំនួន១០៥ដើម ដាំជុំវិញបរិវេណសាលាស្រុកជាអំណោយរបស់សប្បុរសជន ដើម្បីលម្អអគារសាលាស្រុកថ្មី។

ពិធីនេះធ្វើឡើងកាលពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២២ ដោយមានការអញ្ជើញចូលរួមពីលោក ប៊ុន ឈួន ប្រធានក្រុមប្រឹក្សាស្រុកតាំងគោក, លោក ហាក់ ម៉ុងហួត អភិបាលស្រុក កងកម្លាំងទាំងបី លោក-លោកស្រីមេឃុំ មន្ត្រីរាជការជុំវិញស្រុក។

លោក ហាក់ ម៉ុងហួត អភិបាលស្រុក បានថ្លែងអំណរគុណដល់សប្បុរសជន ដែលបានជួយឧបត្ថម្ភជាកូនឈើ និងថវិកា ដើម្បីកែលម្អសោភ័ណភាពឲ្យស្រស់បំព្រង និងជាការទាក់ទាញអារម្មណ៍របស់បងប្អូនប្រជាពលរដ្ឋដែលមកទទួលសេវា។

លោកក៏បានក្រើនរំលឹកដល់ប្រជាពលរដ្ឋឲ្យស្រឡាញ់ធម្មជាតិ និងចូលរួមដាំដើមឈើដើម្បីបរិស្ថានព្រោះបច្ចុប្បន្នអាកាសធាតុមានការប្រែប្រួល ដើមឈើមានប្រយោជន៍ច្រើនយ៉ាង ការពារខ្យល់ព្យុះ ផ្តល់ខ្យល់ដកដង្ហើមជាដើម។

ជាមួយការទទួលបានអគារដ្ឋានលថ្មី លោកអភិបាលស្រុក បានប្តេជ្ញាចិត្តក្នុងការផ្តល់សេវាពាក់ព័ន្ធនានា ជូនប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ និងលឿនរហ័ស។

គួរបញ្ជាក់ថា រដ្ឋបាលស្រុក សម្រេចរៀបចំប្ដូរទីតាំងពីសាលាស្រុកចាស់ ទៅសាលាស្រុកថ្មី ដែលស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៦ ភូមិថ្លា ឃុំច្រនាង (ច្រកចូលទល់មុខវត្ដថ្លាឃុំច្រនាង) ត្រង់ចំណុចគីឡូម៉ែត្រលេខ k99 +800 ម៉ែត្រ ចាប់ពីថ្ងៃទី១២ ខែកញ្ញាឆ្នាំ២០២២៕