(កំពង់ស្ពឺ)៖ បុរសជាប្តី និងប្រពន្ធ បានរងរបួសធ្ងន់ធ្ងរ និងត្រូវបានដឹកបញ្ជូនយកទៅសង្គ្រោះនៅគ្លីនិក ម្តុំកន្លែងកើតហេតុ ពេលកំពុងជិះម៉ូតូឌុបគ្នា ហើយត្រូវរថយន្តកុងតឺន័របើកលឿនបុកពីក្រោយ អូសជាច្រើន ម៉ែត្រលើផ្លូវជាតិលេខ៤។ ការបុកនេះ បណ្តាលឱ្យបែកផ្កាភ្លើងឆេះរថយន្ត និងម៉ូតូបង្កឱ្យភ្ញាក់ផ្អើល ដល់អ្នកធ្វើដំណើរ និងសមត្ថកិច្ចជួយអន្តរាគមន៍ យករថយន្តពន្លត់អគ្គិភ័យបាញ់ពន្លត់ផងដែរ។

ហេតុការណ៍នេះ កើតឡើងកាលពីវេលាយប់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២២ នៅតាមបណ្តោយផ្លូវជាតិលេខ៤ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ ៣៧-៣៨ ចំណុចភូមិអូរក្រាំងអំបិល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

មន្ត្រីនគរបាលចរាចណ៍ស្រុកសំរោងទង បានឲ្យដឹងថា នៅមុនពេលកើតហេតុ មានរថយន្ដ១គ្រឿងម៉ាក FUSO ពណ៌ស ពាក់ផ្លាកលេខមិនដឹង (ឆេះអស់) សណ្ដោងសឺម៉ឺរឺម៉ក់ ពាក់ផ្លាក់លេខភ្នំពេញ 4A-1115 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ និងអាស័យដ្ឋាននោះទេ (បានរត់គេចក្រោយពេលកើតហេតុរួច) បានបើកបរតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងទិសដៅ ពីទិសខាងកើតទៅទិសខាងលិច។ លុះធ្វើដំណើរដល់ចំណុចកើតហេតុខាងលើ បានបុកម៉ូតូ១គ្រឿង ម៉ាកហុងដាសេ១២៥ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 1GH-6884។

អ្នកបើកបរឈ្មោះ ស្រី វណ្ណា ភេទប្រុស អាយុ ៣២ឆ្នាំ ឌុបប្រពន្ធឈ្មោះ អើន សុភាព អាយុ២៦ឆ្នាំ អ្នកទាំងពីរ រស់នៅភូមិត្រពាំងត្បាល ឃុំសូរសែ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ សមត្ថកិច្ចបញ្ជាក់ថា ជនរងគ្រោះត្រូវរថយន្តបុកពីក្រោយ អូសជាច្រើនម៉ែត្រ បណ្តាលឱ្យរងរបួសធ្ងន់ធ្ងរទាំងពីរនាក់ប្តី-ប្រពន្ធ។ សមត្ថកិច្ចដឹកយកទៅសង្គ្រោះព្យាបាល នៅគ្លីនិកឯកជនភ្លាមៗ ម្តុំកន្លែងកើតហេតុ។ ឆេះក្បាលរថយន្ត ក្នុងទូកុងតឺន័រពុំទាន់មានទំនិញទេ។

ចំពោះករណីខាងលើ សមត្ថកិច្ចប្រើប្រាស់រថយន្ដពន្លត់អគ្គិភ័យចំនួន៣គ្រឿង (ស្រុកសំរោងទង១គ្រឿង និង ការិយាល័យអគ្គិភ័យ២គ្រឿង) បាញ់ទឹកអស់៤រថយន្ដ ទើបរលត់៕