(ភ្នំពេញ)៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជា ចង់ឃើញមន្ត្រីរបស់គណបក្សប្រជាជនកម្ពុជា កំពុងកាន់ការងារប្រទេសជាតិ តម្កល់កាតព្វកិច្ច និងការទទួលខុសត្រូវ ឱ្យធំជាងសិទ្ធិជាមន្ត្រី ដើម្បីសម្រេចប្រយោជន៍ជូនជាតិ និងប្រជាជន ដែលជាបំណងរួមរបស់គណបក្សប្រជាជនកម្ពុជា។

តាមរយៈវីដេអូសំណេះសំណាលជាមួយសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា ដែលបង្ហោះលើទំព័រហ្វេសប៊ុកផ្លូវការនៅព្រឹកថ្ងៃអាទិត្យ ទី១១ ខែកញ្ញា ឆ្នាំ២០២២នេះ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានចែករំលែកទស្សនទានស្តីពីការប្រើប្រាស់សិទ្ធិ និងការបំពេញកាតព្វកិច្ច របស់មន្ត្រី។

សម្រាប់លោកបណ្ឌិត ហ៊ុន ម៉ាណែត បេក្ខជននាយករដ្ឋមន្ត្រីនាពេលអនាគតមកពីគណបក្សប្រជាជនកម្ពុជា គឺចង់ឃើញមន្ត្រីគណបក្សដែលកំពុងកាន់តួនាទី ជាមន្ត្រីរាជការទាំងថ្នាក់ជាតិ និងក្រោមជាតិនោះ ត្រូវយកចិត្តទុកដាក់ទទួលខុសត្រូវលើកាតព្វកិច្ចឱ្យច្រើនជាងសិទ្ធិ ដើម្បីធ្វើឱ្យការបំពេញតួនាទីបម្រើជាតិ និងប្រជាជនទទួលបានភាពល្អប្រសើរ។

អ្នកដឹកនាំជាន់ថ្មីបញ្ចប់បណ្ឌិតផ្នែកសេដ្ឋកិច្ច និងនយោបាយពីសាកលវិទ្យាល័យនៅចក្រភព អង់គ្លេសរូបនេះ បានបញ្ជាក់យ៉ាងដូច្នេះ «ការប្រគល់ភារកិច្ចមានសិទ្ធិ និងការទទួលខុសត្រូវ។ មន្ត្រីម្នាក់ៗរបស់បក្សយើងមិនថា នៅថ្នាក់ជាតិ ឬក្រោមជាតិ បើយើងផ្តោតទៅលើការទទួល ខុសត្រូវកាតព្វកិច្ច ធំជាងសិទ្ធិល្អជាង។ ការប្រើប្រាស់សិទ្ធិរបស់យើង គឺត្រឹមតែទៅដោះស្រាយ ការងារ ដើម្បីសម្រេចភារកិច្ច និងកាតព្វកិច្ច»

លោកបណ្ឌិតបន្ថែមថា «បើយើងឡើងមក គិតរឿងសិទ្ធិយើងធំជាងកាតព្វកិច្ច យើងអាចគ្រោះថ្នាក់»

ក្នុងវីដេអូនេះ លោកបណ្ឌិត ហ៊ុន ម៉ាណែត ក៏បានក្រើនរំលឹកដល់មន្ត្រីដែរថា មន្ត្រីអាចយល់ដឹងពីការធ្វើជំនួញ ឬការធ្វើធុរកិច្ច តែមន្ត្រីមិនអាចទៅធ្វើជំនួញ ឬធ្វើធុរកិច្ចនោះឡើយ។

ចុងបញ្ចប់នៃវីដេអូនេះ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានណែនាំដល់មន្ត្រីគណបក្សប្រជាជនកម្ពុជា ត្រូវតម្កល់ភារកិច្ច និងការទទួលខុសត្រូវជាគោល និងឱ្យធំជាងសិទ្ធិ ដើម្បីសម្រេចនូវប្រយោជន៍សម្រាប់ជាតិ និងប្រជាជន ដែលជាបំណងប្រាថ្នារួមរបស់គណបក្សប្រជាជនកម្ពុជា៕