(ភ្នំពេញ)៖ លោកបណ្ឌិត អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្ដាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាគណៈវិស្វករកម្ពុជា បានថ្លែងបញ្ជាក់ថា មន្ទីរពិសោធន៍ ដែលគណៈវិស្វករកម្ពុជា សហការជាមួយក្រុមហ៊ុន CAST Laboratories PTE Ltd នៃប្រទេសសិង្ហបុរី រៀបចំដាក់ឱ្យដំណើរការនេះ នឹងដើរតួនាទី យ៉ាងសំខាន់ ក្លាយជា ស្ពាន ផ្សារភ្ជាប់ទ្រឹស្តីទៅនឹងការអនុវត្តជាក់ស្តែង តាមរយៈការធ្វើតេស្តត្រួតពិនិត្យ ការវាយតម្លៃសម្ភារ គ្រឿងផ្គុំ ការធ្វើកោសល្យវិច័យលើការងារវិស្វកម្ម និងការផ្តល់វិញ្ញា បនបត្រទទួលស្គាល់ ប្រកបដោយភាពប្រាកដច្បាស់លាស់។

លោកបណ្ឌិត អ៉ិត សំហេង បានលើកឡើងយ៉ាងដូចនេះនារសៀលថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតីសម្ពោធដាក់ ឱ្យដំណើរការ ជាផ្លូវការនូវ មន្ទីរ ពិសោធន៍គណៈវិស្វករកម្ពុជា ដែលជាកិច្ចសហការរវាងគណៈវិស្វករកម្ពុជា និងក្រុមហ៊ុន ខាស់ ឡាបូរ៉េតធ័ររី មកពីប្រទេសសិង្ហបុរី ដែរបានធ្វើឡើងនៅសណ្ឋាគារ សុខាភ្នំពេញ ដោយមានការ សួស គង់ រដ្ឋលេខាធិការប្រចាំការ ក្រសួងអភិវឌ្ឍន៍ជនបទ និងជាអនុប្រធានក្រុមប្រឹក្សា គណៈវិស្វករកម្ពុជា, លោក អាល់វីន កោះ (Alvin Koh) ទីប្រឹក្សាតំណាងស្ថានទូតសឹង្ហបុរីប្រចាំកម្ពុជា, លោក លីម អេង ហេង (Lim Eng Heng) នាយកប្រតិបត្តិក្រុមហ៊ុន ខាស់ ឡាបូរ៉េតធ័ររី មកពីប្រទេសសិង្ហបុរី រួមទាំងលោក លោកស្រី រដ្ឋលេខាធិការ និងអគ្គលេខាធិការ, អគ្គលេខាធិការរង គណៈវិស្វករកម្ពុជាជាច្រើនរូបផងដែរ។

លោកបណ្ឌិត អ៉ិត សំហេង បានបន្ថែមថា គណៈវិស្វករកម្ពុជា ពិតជាមានការវិវត្តរីកចម្រើនគួរឱ្យកត់សំគាល់តាំងពីចាប់ផ្តើមបង្កើតឡើងកាលពីឆ្នាំ២០០៩ រហូតមកដល់ បច្ចុប្បន្នដែលមានប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ជាប្រធានកិត្តិយសរបស់ក្រុមប្រឹក្សាគណៈវិស្វករកម្ពុជា ហើយមានអគ្គ លេខាធិការដ្ឋានគណៈវិស្វករកម្ពុជា ជាសេនាធិការ បានខិតខំសម្រេចនូវសមិទ្ធផលធំៗជាច្រើន។

សមិទ្ធផលទាំងនេះគឺសម្រេចបានដោយសារការដឹកនាំដ៏ត្រឹមត្រូវប្រកបដោយឆន្ទៈមោះមុត និងភាពឈ្លាសវៃ និងដោយការដាក់ចេញនូវគោលនយោបាយយុទ្ធសាស្រ្ត និងផែនការអភិវឌ្ឍន៍ដ៏ត្រឹមត្រូវ ច្បាស់លាស់ និងមានលក្ខណៈប្រាកដប្រជា គួបផ្សំនឹងយន្តការរបស់ស្ថាប័ននីមួយៗ ដែលមានការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព លើគ្រប់វិស័យ ក្នុងនោះក៏មានការរីចម្រើនយ៉ាងខ្លាំងគួរឱ្យកត់សម្គាល់លើវិស័យហេដ្ឋារចនាសម្ព័ន្ធ ដែលមានសំណង់អគារខ្ពស់ៗ ងើបឡើងប្រណាំងគ្នាយ៉ាងផុលផុស ការស្ថាបនាផ្លូវថ្នល់ខ្វែងខ្វាត់ ផ្លូវក្រោមដី ផ្លូវអាកាស ផ្លូវហាយវ៉េ។

លោករដ្ឋមន្ត្រី បានបន្ថែមថា ដើម្បីជំរុញឱ្យគោលបំណងរបស់គណៈវិស្វករកម្ពុជា អាចសម្រេចបានប្រកបដោយសុក្រឹត្យភាព អគ្គលេខាធិការដ្ឋានគណៈវិស្វករកម្ពុជា ត្រូវរៀបចំផែនការបណ្ដុះបណ្ដាលបំប៉នជំនាញវិជ្ជាជីវៈវិស្វកម្ម ការត្រួតពិនិត្យវិស័យសំណង់ និងមុខជំនាញផ្សេងៗទៀតដែលពាក់ព័ន្ធ ដោយសហការជាមួយ ដៃគូ ដើម្បីផ្លាស់ប្តូរបទពិសោធន៍ និងបទដ្ឋានបច្ចេកទេសស្តង់ដាផ្សេងៗ ជូនដល់វិស្វករដែលចុះបញ្ជីនៅគណៈវិស្វករកម្ពុជា

ជាមួយគ្នានោះលោកបណ្ឌិត អ៉ិត សំហេង ក៏បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃអគ្គលេខា ធិការដ្ឋានគណៈវិស្វករកម្ពុជា ដែលបានចាប់យកកិច្ចសហការជាមួយក្រុមហ៊ុន CAST Laboratories PTE Ltd នៃប្រទេសសិង្ហបុរី ដែលជាក្រុមហ៊ុនមួយមាន បច្ចេកវិទ្យាខ្ពស់កម្រិតស្តង់ដាអន្តរជាតិ ISO មានជំនាញ និងបទពិសោធន៍យូរឆ្នាំ ទៅលើការងារតេស្តសម្ភារៈគ្រឿងផ្គុំ ការផ្តល់វិញ្ញាបនប័ត្រ និងការវាយតម្លៃ ប្រកបដោយគុណភាព និងការទទួលខុសត្រូវខ្ពស់ទៅលើការសាងសង់ ដោយមានការទទួលស្គាល់ជាសាកល ទាំងអង្គភាព បទប្បញ្ញត្តិជាតិ និងអន្តរជាតិ។

លោក សុខុម រិទ្ធីវុធ អគ្គលេខាធិការនៃគណៈវិស្វករកម្ពុជា បានឲ្យដឹងថា គណៈវិស្វករកម្ពុជា គឺជាអាជ្ញាធរវិស្វកម្មជាតិមួយ ដែលត្រូវបានបង្កើតឡើងស្របទៅនឹងការវិវត្ត នៃសង្គមសេដ្ឋកិច្ច និងកិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមក លើសេវាកម្មវិស្វកម្មឆ្លងដែនក្នុងតំបន់អាស៊ាន ក្នុងគោលបំណងប្រមូលផ្តុំធនធានបញ្ញាវន្តវិស្វករជាតិ ចុះបញ្ជីគ្រប់គ្រង និងអភិវឌ្ឍសមត្ថភាពប្រតិបត្តិវិជ្ជាជីវៈ ដើម្បីធានាឱ្យការប្រកបវិជ្ជាជីវៈវិស្វកម្មមាន គុណភាព ប្រសិទ្ធភាព សុវត្ថិភាព ស្ថិរភាព និងការទទួលខុសត្រូវខ្ពស់ សម្រាប់ការអភិវឌ្ឍប្រទេសជាតិ។

លោក សុខុម រិទ្ធីវុធ បានបញ្ជាក់ថា ដើម្បីជំរុញឱ្យគោលបំណងរបស់គណៈវិស្វករកម្ពុជា អាចសម្រេចបានប្រកបដោយសុក្រឹត្យភាព អគ្គលេខាធិការដ្ឋានគណៈវិស្វករ កម្ពុជា ត្រូវរៀបចំផែនការបណ្ដុះបណ្ដាលបំប៉នជំនាញវិជ្ជាជីវៈវិស្វកម្ម ការត្រួតពិនិត្យវិស័យសំណង់ និងមុខជំនាញផ្សេងៗទៀត ដែលពាក់ព័ន្ធដោយសហការ ជាមួយដៃគូរក្រុមហ៊ុន នៃប្រទេសសិង្ហបុរី ដើម្បីផ្លាស់ប្តូរបទពិសោធន៍ និងបទដ្ឋានបច្ចេកទេសស្តង់ដាផ្សេងៗ ជូនដល់វិស្វករ ដែលចុះបញ្ជីនៅគណៈវិស្វករកម្ពុជា។

លោក លីម អេង ហេង បានឱ្យដឹងដែរថា ការសម្រេចចាប់ដៃគូជាមួយគណៈវិស្វករកម្ពុជា ដោយសារគណៈវិស្វករកម្ពុជា ជាអាជ្ញាធរវិស្វកម្មជាតិមួយ ដែលមានគោល បំណងចំបង គឺការប្រមូលផ្តុំ ធនធានបញ្ញាវន្តវិស្វករចុះបញ្ជី និងការអភិវឌ្ឍន៍សមត្ថភាពប្រតិបត្តិវិជ្ជាជីវៈគ្រប់ជំនាញ និងពង្រីកធនធានមនុស្ស ឱ្យស្របតាម កាលៈទេសៈ បច្ចុប្បន្ន និងអនាគត ដើម្បីធានាឱ្យការប្រកបវិជ្ជាជីវៈវិស្វកម្មមានគុណភាព ប្រសិទ្ធភាព សុវត្ថិភាពស្ថិរភាពការទទួលខុសត្រូវខ្ពស់ និងការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងផ្ទៃក្នុងវិស្វកម្មថ្នាក់ជាតិ និងអន្តរជាតិ។ គណៈវិស្វករកម្ពុជា និង ខាសថ៍ លេបប័ររេបឺរី មានបេសកកម្មរួមមួយ ពោលគឺកសាងបរិស្ថានមួយប្រកបដោយ សុវត្ថិភាព និងមាននិរន្តរភាព សម្រាប់វិស័យសំណង់នៅក្នុងប្រទេសកម្ពុជា៕