(ភ្នំពេញ)៖ គណៈវិស្វករកម្ពុជាបានសម្ពោធដាក់ឱ្យដំណើរការមន្ទីរពិសោធន៍របស់ខ្លួនមួយ ជួយក្នុងការគ្រប់គ្រង ត្រួតពិនិត្យ វិភាគ តាមដាន និងធ្វើកោសល្យវិច័យលើការប្រកបវិជ្ជាជីវៈវិស្វកម្មរបស់វិស្វករអាជីពនៅគណៈវិស្វករកម្ពុជា ដើម្បីអភិវឌ្ឍធនធានបញ្ញាវ័ន្តវិស្វកម្មជាតិ ដែលជាតម្រូវការចាំបាច់ក្នុងការកសាងប្រទេស។

ពិធីសម្ពោធមន្ទីរពិសោធន៍នេះរៀបចំធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ នារសៀលថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២២ ក្រោមអធិបតីភាពលោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាគណៈវិស្វករកម្ពុជា។

លោករដ្ឋមន្ត្រី អ៉ិត សំហេង បានឱ្យដឹងថា ដើម្បីជំរុញឱ្យគោលបំណងរបស់គណៈវិស្វករកម្ពុជាអាចសម្រេចបានប្រកបដោយសុក្រឹត្យភាព អគ្គលេខាធិការដ្ឋាន គណៈវិស្វករកម្ពុជាត្រូវរៀបចំផែនការបណ្ដុះបណ្ដាលបំប៉នជំនាញវិជ្ជាជីវៈវិស្វកម្ម ការត្រួតពិនិត្យវិស័យសំណង់ និងមុខជំនាញផ្សេងៗទៀតដែលពាក់ព័ន្ធ ដោយសហការជាមួយដៃគូ គឺក្រុមហ៊ុន CAST Laboratories PTE Ltd នៃប្រទេសសិង្ហបុរី ដើម្បីផ្លាស់ប្តូរបទពិសោធន៍ និងបទដ្ឋានបច្ចេកទេសស្តង់ដាផ្សេងៗ ជូនដល់វិស្វករដែលចុះបញ្ជីនៅគណៈវិស្វករកម្ពុជា ពីព្រោះថាមន្ទីរពិសោធន៍នេះនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការក្លាយជាស្ពានផ្សារភ្ជាប់ទ្រឹស្តីទៅនឹងការអនុវត្តជាក់ស្តែង តាមរយៈការធ្វើតេស្តត្រួតពិនិត្យ ការវាយតម្លៃសម្ភារ គ្រឿងផ្គុំ ការធ្វើកោសល្យវិច័យលើការងារវិស្វកម្ម។

លោកបានបន្តថា ការអភិវឌ្ឍធនធានវិស្វកម្ម គឺជាកម្លាំងចលករមួយដ៏ខ្លាំងក្លាបំផុតមិនអាចខ្វះបានសម្រាប់ការអភិវឌ្ឍសង្គមជាតិមួយឱ្យមានការរីកចម្រើន។ ដូចនេះវាជាការចាំបាច់ក្នុងការបង្កើនយន្តការដឹកនាំ ដើម្បីធ្វើឱ្យស្ថាប័នវិស្វកម្មមួយនេះក្លាយជាមជ្ឈមណ្ឌលមួយដ៏រឹងមាំ ដែលអាចចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការរៀបចំផែនការអភិវឌ្ឍន៍សង្គមជាតិប្រកបដោយចីរភាព។

លោកថា សមិទ្ធផលទាំងនេះគឺសម្រេចបានដោយសារការដាក់ចេញនូវគោលនយោបាយយុទ្ធសាស្រ្ត និងផែនការអភិវឌ្ឍន៍មានលក្ខណៈប្រាកដប្រជា គួបផ្សំនឹងយន្តការរបស់ស្ថាប័ននីមួយៗដែលមានការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពលើគ្រប់វិស័យ ក្នុងនោះក៏មានការរីចម្រើនយ៉ាងខ្លាំងគួរឱ្យកត់សម្គាល់លើវិស័យហេដ្ឋារចនាសម្ពន្ធ ដែលមានសំណង់អគារខ្ពស់ៗងើបឡើងប្រណាំងគ្នាយ៉ាងផុលផុស ការស្ថាបនាផ្លូវថ្នល់ខ្វែងខ្វាត់ ផ្លូវក្រោមដី ផ្លូវអាកាស ផ្លូវល្បឿនលឿនជាដើម។

លោក សុខុម រិទ្ធីវុធ អគ្គលេខាធិការនៃគណៈវិស្វករកម្ពុជា បានឱ្យដឹងថា គណៈវិស្វករកម្ពុជា គឺជាអាជ្ញាធរវិស្វកម្មជាតិមួយដែលត្រូវបានបង្កើតឡើង ស្របទៅនឹងការវិវត្តនៃសង្គមសេដ្ឋកិច្ច និងកិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមកលើសេវាកម្មវិស្វកម្មឆ្លងដែនក្នុងតំបន់អាស៊ាន ក្នុងគោលបំណងប្រមូលផ្តុំធនធានបញ្ញាវន្តវិស្វករជាតិចុះបញ្ជី គ្រប់គ្រង និងអភិវឌ្ឍសមត្ថភាពប្រតិបត្តិវិជ្ជាជីវៈ ដើម្បីធានាឱ្យការប្រកបវិជ្ជាជីវៈវិស្វកម្មមាន គុណភាព ប្រសិទ្ធភាព សុវត្ថិភាព ស្ថិរភាព និងការទទួលខុសត្រូវខ្ពស់ សម្រាប់ការអភិវឌ្ឍប្រទេសជាតិ៕