(ភ្នំពេញ)៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានសម្តែងនូវមរណទុក្ខយ៉ាងក្រៀមក្រំបំផុត ចំពោះមរណភាព ឧបាសិកា តាំង លាងហួរ ដែលត្រូវម្ដាយបង្កើតរបស់នាយឧត្តមសេនីយ៍ មៀច សុផាន់ណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ។

តាមរយៈសាររំលែកមរណទុក្ខសម្តេចពិជ័យសេនា ទៀ បាញ់ បានបង្ហាញក្តីសោកស្តាយយ៉ាងដូច្នេះថា ខ្ញុំ និងភរិយា មានក្តីរំជួលចិត្តឥតឧបមាដោយបានទទួលដំណឹងដ៏ក្រៀមក្រំថា ឧបាសិកា តាំង លាងហួរ ត្រូវជាម្ដាយបង្កើតរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ បានទទួលមរណភាពនៅថ្ងៃសុក្រ ១៤កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២២ នៅរដ្ឋកាលីហ្វញ៉ា សហរដ្ឋអាមេរិក ក្នុង
ជន្មាយុ៨៥ឆ្នាំ ដោយជរាពាធ។

ក្នុងឱកាសប្រកបដោយសមានទុក្ខនេះ ខ្ញុំ និងភរិយាសូមសម្តែងនូវការសោកស្តាយ ស្រណោះអាឡោះអាល័យជាទីបំផុតជាមួយក្រុមគ្រួសារនៃសព ព្រោះការបាត់បង់ឧបាសិកា តាំង លាងហួរ គឺជាការបាត់បង់នូវម្តាយ ជីដូន ជីទួត ប្រកបដោយព្រហ្មវិហារធម៌ល្អប្រពៃចំពោះកូនចៅជាទីស្រឡាញ់។

ខ្ញុំ និងភរិយា សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធសពឧបាសិកា តាំង លាងហួរ សូមឆាប់បានចាប់កំណើតកើតក្នុងសុគតិភពគ្រប់ៗជាតិកុំបីឃ្លៀងឃ្លាតឡើយ។ សូម ឯកឧត្តម នាយឧត្តមសេនីយ៍ និងលោកជំទាវ ទទួលនូវការរាប់អានដ៏ជ្រាលជ្រៅពីខ្ញុំ៕