(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានកោតសរសើរអាជ្ញាធរខេត្តសៀមរាប និងក្រុមការងាររបស់ ក្រសួងមហាផ្ទៃ ដែលបានរួមគ្នាដោះស្រាយការប្រមូលផ្តុំរបស់សកម្មជនគណបក្សសម្ព័ន្ធដើម្បី ប្រជាធិបតេយ្យ (LDP) នៅចម្ការម្រេចជើងភ្នំគូលែន ក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប ដោយសន្តិវិធី និងគ្មានអំពើហិង្សា។

ការសរសើរនេះបានធ្វើឡើងក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនាព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២២នេះ ក្រោមអធិបតីភាពរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។

សូមបញ្ជាក់ថា ក្រោមការឃោសនាអបិយជំនឿគ្រោះមហន្តរាយពិភពលោករញ្ជួយដី និងទឹកជំនន់ ពីសំណាក់លោក ខឹម វាសនា ប្រធានគណបក្ស LDP នោះ បានធ្វើឱ្យសកម្មជន សមាជិក សមាជិករបស់គណបក្សមួយនេះ សរុបជាង១ម៉ឺននាក់ បានទៅប្រមូលផ្តុំគ្នានៅចម្ការម្រេចជើងភ្នំគូលែន ស្រុកបន្ទាយស្រី ខេត្តសៀមរាប។

ការប្រមូលផ្តុំនោះ ត្រូវបានអាជ្ញាធរទាមទារឱ្យពួកគេរំសាយវិញ ក្រោមហេតុផលជាការប្រមូលផ្តុំផ្ទុយនឹងច្បាប់។ ក្រោមកិច្ចប្រឹងប្រែង និងសម្របសម្រួលរបស់អាជ្ញាធរ ក្រុមសកម្មជនរបស់គណបក្ស LDP បានព្រមរំសាយជាបន្តបន្ទាប់។ រហូតមកដល់ពេលនេះ មានសកម្មជនរបស់គណបក្ស LDP បន្តិចបន្តួចប៉ុណ្ណោះបន្តស្នាក់នៅក្នុងចម្ការម្រេច ខណៈលោក ខឹម វាសនា និងបក្ខពួកមួយចំនួនទៀត នៅតែបន្តឃោសនាបំភ័យពីគ្រោះមហន្តរាយទឹកលិចពិភពលោក៕