(ព្រះសីហនុ)៖ ជនជាតិចិនពីរនាក់ត្រូវបានសមត្ថកិច្ចខេត្តព្រះសីហនុឃាត់ខ្លួន ក្រោយរកឃើញមានអាវុធខ្លីមួយដើម ជាមួយនឹងគ្រាប់កាំភ្លើងចំនួន ១០ គ្រាប់។ នាយឧត្តមសេនីយ៍ខៀវ សុភ័គ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ បានបញ្ជាក់ប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងថា ការឃាត់ខ្លួននេះបានធ្វើឡើង នៅរសៀលថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២២ ដោយមានសន្តិសុខជនជាតិចិន១នាក់ បានរាយការណ៍ និងសហការជាមួយសមត្ថកិច្ច បាននាំបុរសជនជាតិចិន ២នាក់ មកប្រគល់ជូន ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល។

សន្តិសុខជនជាតិចិននេះបានបំភ្លឺប្រាប់សមត្ថកិច្ចថា នៅចុងខែសីហា ឆ្នាំ២០២២ ឈ្មោះ LIU CHENG YU ភេទប្រុស ជនជាតិចិន បានឲ្យខ្លួនទៅយកឥវ៉ាន់ពីឈ្មោះ SHAO ZHI MIN ភេទប្រុស ជនជាតិចិន នៅម្តុំកាស៊ីណូ ប៉ឡាយ ស្ថិតក្នុង ភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ រួចយកមកទុកនៅក្នុងបន្ទប់របស់ខ្លួន រង់ចាំមិត្តភក្តិរបស់ឈ្មោះ LIU CHENG YU មកយកពីខ្លួន តែមិនមានអ្នកណាមកយកទេ លុះដល់ថ្ងៃទី ០៧ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង ១៩ ០០នាទី ខ្លួនកំពុងស្វែងរកលិខិតឆ្លងដែន ហើយខ្លួនក៏បានបើកមើលប្រអប់របស់ឈ្មោះ LIU CHENG YU ទើបដឹងថា ឥវ៉ាន់នោះជាអាវុធខ្លី ១ដើម។

ប្រភពដដែលបានអះអាងថា បន្ទាប់មក ខ្លួនបានរាយការណ៍ជូនសមត្ថកិច្ច និងបានសហការជាមួយសមត្ថកិច្ច ដើម្បីចាប់ខ្លួនពួកគេទាំង០២នាក់ ក្រោយមក ខ្លួនបានទាក់ទងពួកគេទាំង០២នាក់ឲ្យមកក្រុមហ៊ុនរបស់ខ្លួន និងបានឃាត់ខ្លួនពួកគេទាំង០២នាក់ យកមកប្រគល់ជូនសមត្ថកិច្ចតែម្តង ។

សម្រាប់សម្ភារវត្ថុតាងចាប់យកបាន រួមមានអាវុធខ្លី ១ដើម ម៉ាក BLOW C75 មានលេខសម្គាល់ B61Y2-20120086 (បង់ ១ មាន ១០គ្រាប់ ) រួមទាំងទូរស័ព្ទដៃចំនួន ០២គ្រឿង ។

ករណីខាងលើនេះ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងធ្វើការសួរនាំបន្តផងដែរ៕