(ភ្នំពេញ)៖ ពិធីបិទមហោស្រពវង់តន្ត្រីពិណពាទ្យ រាជធានីភ្នំពេញ ត្រូវបានរៀបចំឡើងក្រោមអធិបតីភាពលោក ស្រី សួន រដ្ឋលេខាធិការ តំណាងលោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នាថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២ នៅមន្ទីរវប្បធម៌និងវិចិត្រសិល្បៈរាជធានីភ្នំពេញ។

ថ្លែងក្នុងឱកាលនោះ លោក ស្រី សួន បានថ្លែងថា «ការរៀបចំមហោស្រព វង់តន្រ្តីពិណពាទ្យនាពេលនេះ មិនត្រឹមតែស្វែរកអ្នកមានសមត្ថភាពនោះទេ ហើយក៏ដើម្បីផ្តល់ឱកាសឲ្យយុវជន ចេះស្រលាញ់ ការពារ ចេះផ្សាយបន្តដល់សាធារណជន និងពិភពលោកឲ្យគេស្គាល់ច្បាស់ថា ភ្លេងពិណពាទ្យជារបស់ខ្មែរ មិនមែនរបស់ប្រទេសណាមួយទេ កុំឲ្យមានមតិមួយចំនួននៅយល់ច្រឡំថា ជាភ្លេងសៀម តទៅទៀត ពោលគឺជារបស់ខ្មែរសុទ្ធសាធ»

ជាលទ្ធផល ក្នុងមហោស្រពនាថ្ងៃនេះ មានដូចខាងក្រោម៖

* ក្រុមតន្ត្រីពិណពាទ្យ យុវជនស្រលាញ់វប្បធម៌ខ្មែរ ទទួលបានជ័យលាភីលេខ១
* ក្រុមតន្ត្រីពិណពាទ្យ បុរាណខ្មែរ ទទួលបានជ័យលាភីលេខ២
* ក្រុមតន្ត្រីពិណទ្យ វត្តក្រាំងធ្នង់ ទទួលបានជ័យលាភីលេខ៣។

ជាមួយគ្នានេះដែរ លោក ស្រី សួន ថែមទាំងបានកោតសរសើ ដល់មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈរាជធានីភ្នំពេញ ដែលមានគំនិតផ្តួចផ្តើមក្នុងការរៀបចំប្រឡងប្រជែងតន្រ្តីពិណពាទ្យលើកដំបូងគេ និងអរគុណគណៈកម្មការផ្តល់ពិន្ទុ មន្រ្តីរាជការ ជាពិសេស ដល់ក្រុមបេក្ខជនជាយុវជនទាំងអស់ដែលបានចូលរួមប្រកួតប្រជែង ទោះបីទទួលបានជ័យលាភីក្តី មិនបានជ័យលាភីក្តី។ លោក ស្រី សួន ក៏បានជំរុញឲ្យខិតខំបន្ថែមទៀត ដើម្បីរួមគ្នា អភិរក្ស និងអភិវឌ្ឍ វង់តន្រ្តីពិណពាទ្យរបស់យើងឲ្យបានគង់វង្សតទៅ ព្រោះជាកេរតំណែលរបស់ដូនតា ដែលមានតាំងពីសម័យហ្វូណនមកម្លេះ៕