(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានជួបសន្ទនាតាមទូរស័ព្ទជាមួយលោក ដាតុ ស្រ៊ី សៃហ្វូឌីន អាប់ឌុលឡា (Dato' Sri Saifuddin Abdullah) រដ្ឋមន្ត្រីការបរទេសម៉ាឡេស៉ី ដោយបានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការ ក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆបោក។

ជំនួបសន្ទនាតាមទូរស័ព្ទ រវាងប្រមុខការទូតទាំងពីរ បានធ្វើឡើងក្នុងឱកាសប្រមុខការទូតម៉ាឡេស៉ី មកបំពេញទស្សនកិច្ចការងាររយៈពេលខ្លី នៅរាជធានីភ្នំពេញ នាថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២២នេះ។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស ដែលបណ្តាញព័ត៌មាន Fresh News ទទួលបានបញ្ជាក់យ៉ាងដូច្នេះថា «ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី និងសមភាគីម៉ាឡេស៉ី បានពិភាក្សាគ្នាអំពីកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ លើកិច្ចខិតខំប្រឹងប្រែងរួមគ្នា ក្នុងការប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស និងឧក្រិដ្ឋកម្មឆបោក»

រដ្ឋមន្ត្រីការបរទេស ដាតុ ស្រ៉ី សៃហ្វូឌីន អាប់ឌុលឡា បានសម្ដែងនូវអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា និងអាជ្ញាធរពាក់ព័ន្ធ ដែលបានផ្តល់ «ជំនួយជាច្រើន» និងបានបំពេញ «ការងារដ៏ល្អ» ក្នុងការជួយសង្រ្គោះជនរងគ្រោះ។ លោកក៏បានគូសបញ្ជាក់ផងដែរថា មានជនជាតិម៉ាឡេស៉ី ជាច្រើននាក់ដែលចូលមកកម្ពុជា ដើម្បីធ្វើជំនួញ និងធ្វើការយ៉ាងជោគជ័យ ហើយមានតែមួយចំនួនតូចប៉ុណ្ណោះ ដែលរងគ្រោះដោយសារការបោកប្រាស់ការងារ។

លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានជម្រាបជូនរដ្ឋមន្ត្រីការបរទេស ដាតុ ស្រ៉ី សៃហ្វូឌីន អាប់ឌុលឡា ថា ឧក្រិដ្ឋកម្មទាំងនេះកើតឡើងនៅគ្រប់ប្រទេស មិនថាជាប្រទេសតូច ឬធំនោះទេ ហើយយើងទាំងអស់គ្នាត្រូវតែប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មទាំងនេះ ដោយគូសបញ្ជាក់ថាមធ្យោបាយដ៏ល្អបំផុតដើម្បីដោះស្រាយបញ្ហានេះ គឺត្រូវរួមដៃគ្នា និងមានកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ។

លោកឧបនាយករដ្ឋមន្ត្រី បានធានាចំពោះសមភាគីរបស់លោក អំពីការត្រៀមខ្លួនរួចជាស្រេចរបស់កម្ពុជា ក្នុងការធ្វើការជាមួយស្ថានទូតម៉ាឡេស៉ីនៅភ្នំពេញ ដើម្បីទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មទាំងនេះ៕