(ភ្នំពេញ)៖ និយ័តករបរធនបាលកិច្ច (ន.ប.ធ.) បានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយនឹង CEO Master Club ស្ដីពីកិច្ចសហប្រតិបត្តិការលើការលើកកម្ពស់ការយល់ដឹងជាសាធារណៈ និងជំរុញការចូលរួមក្នុងវិស័យបរធនបាលកិច្ចនៅកម្ពុជា។

ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នានេះធ្វើឡើងនារសៀលថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២២ ក្រោមអធិបតីភាពរបស់លោក សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច (ន.ប.ធ.) និងលោក អោម សេងបូរ៉ា ស្ថាបនិកនៃ CEO Master Club។

ក្នុងក្របខណ្ឌនៃការចុះអនុស្សរណៈនៃការយោគយល់គ្នានេះ ភាគីទាំងពីរនឹងបង្កើតកិច្ចសហប្រតិបត្តិការលើកកម្ពស់ការយល់ដឹងជាសាធារណៈ និងជំរុញការចូលរួមអនុវត្តដល់សមាជិក-សមាជិការបស់ CEO Master Club ដែលជាស្ថាបនិក សហគ្រិន និងធុរជនមានសក្តានុពល និងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងសកម្មភាពធុរកិច្ចនៅប្រទេសកម្ពុជា ក្នុងគោលបំណងធ្វើយ៉ាងណាឱ្យសហគ្រិន និងធុរជនទាំងអស់អាចយល់បានពីយន្តការប្រតិបត្តិការបរធនបាលកិច្ច មានលទ្ធភាពសមស្របដើម្បីរៀបចំខ្លួនចូលរួមអនុវត្ត និងទាញយកផលប្រយោជនពីប្រតិបត្តិការបរធនបាលកិច្ច ក្នុងដំណើរការធុរកិច្ចរបស់ខ្លួន ក៏ដូចជាចូលរួមជំរុញការអភិវឌ្ឍវិស័យបរធនបាលកិច្ចនៅកម្ពុជា តាមរយៈការលើកកម្ពស់ការយល់ដឹង និងផ្សព្វផ្សាយជាសាធារណៈ។

ពិធីនេះដែរក៏មានការចូលរួមពីតំណាងនៃនិយ័តករក្រោមឱវាទនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ថ្នាក់ដឹកនាំ និងមន្រ្តីជំនាញនៃ ន.ប.ធ. ប្រធាន/នាយកប្រតិបត្តិ ថ្នាក់ដឹកនាំក្រុមហ៊ុនដែលជាសមាជិក-សមាជិការបស់ CEO Master Club ក្រុមហ៊ុនបរធនបាល និងបុគ្គលផ្ដល់សេវាពាក់ព័ន្ធក្នុងវិស័យបរធនបាលកិច្ចផងដែរ៕