(តាកែវ)៖ អ្នកឧកញ៉ា លី សាម៉េត ទីប្រឹក្សាផ្ទាល់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយសមាជិកគណបក្សប្រជាជនកម្ពុជា ដែលទើបប្រកាសបញ្ជូលចំនួន៤០០នាក់ នៅស្រុកគិរីវង់ ស្រុកកោះអណ្ដែត ខេត្តតាកែវ នាថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២២។

ក្នុងពិធីនេះ ក៏មានការចូលរួមពី លោក អ៊ូច ភា ប្រធានគណៈកម្មាធិការគណបក្សប្រជាជនខេត្តតាកែវ និងអមដំណើរដោយលោក យូ សិរីវុឌ្ឍ ប្រធានក្រុមការងារពិសេសសម្ដេចតេជោ ហ៊ុន សែន, លោក ភឺន ផល្លា, លោក ដួង តារា ជំនួយការផ្ទាល់សម្ដេចតេជោ ហ៊ុន សែន, លោក មាស ប៊ុនឡី ជំនួយការសម្ដេចតេជោ ហ៊ុន សែនប្រធានគណបក្សប្រជាជន។

ជាកិច្ចចាប់ផ្ដើមលោកប្រធានគណបក្សស្រុកគិរីវង់ និងស្រុកកោះអណ្ដែត បានអានរបាយការណ៍សង្ខេបជូនគណៈអធិបតី និងថ្លែងអំណរគុណ ដែលឆ្លៀតឱកាសដ៏មានតម្លៃបានជួបសំណេះសំណាលជាមួយប្រជាជន ជាសមាជិកគណបក្សនានាដែលបានចូលរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា។

លោក អ៊ូច ភា ក្នុងនាមប្រធានគណបក្សខេត្តសូមស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះលោកគ្រូមា លី សាម៉េត ទីប្រឹក្សាផ្ទាល់សម្ដេចតេជោ ហ៊ុន សែន ដែលបានចំណាយពេលវេលាកម្លាំងកាយចិត្តថវិកា ដើម្បីជួបសំណេះសំណាលជាមួយសកម្មជនដែលទើបមក រួមរស់ជាមួយគណបក្សប្រជាជន។

លើសពីនេះទៅទៀត លោកបានជម្រាបសកម្មជនដែលទើបមករួមរស់ជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនថា ពួកគាត់យល់ច្បាស់ហើយទើបមករួមរស់ជាមួយគណបក្សប្រជាជនក្រោមម្លប់សន្តិភាព និងការអភិវឌ្ឍយ៉ាងឆាប់ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន អ្វីដែលសំខាន់ គឺសម្ដេចអាចជួយប្រជាជនឲ្យរួចពីមាត់ជ្រោះមរណៈនៃជំងឺ កូវីត ទាំងស្រុង។

ក្នុងឱកាសនោះ លោក យូ សិរីវុឌ្ឍ ប្រធានក្រុមការងារពិសេសរបស់សម្ដេចតេជោ បានថ្លែងចំណាប់អារម្មណ៍ថា សន្តិភាពដែលបានមកនេះ គឺមិនមែនស្រួលទេ គឺពិបាកណាស់ដោយគណបក្សប្រជាជនដែលដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជន មិនដែលមានប្រវត្តិរត់ចោលជនរួមជាតិទេ ពោលមានតែលះបង់ជីវិតដើម្បីមាតុប្រទេស បងប្អូនត្រូវចាំថានៅឆ្នាំ១៩៧៧ សម្ដេចរត់ទៅតស៊ូនៅប្រទេសវៀតណាម គឺមានបីចំណុចគ្រោះថ្នាក់៖

*ទី១៖ គ្រោះថ្នាក់ដោយសារមីនតាមបន្ទាត់ព្រំដែន
*ទី២៖ អាចវៀតណាមបាញ់សម្លាប់ នៅពេលសម្ដេចឆ្លងដែនខុសច្បាប់ចូលប្រទេសវៀតណាម
*ទី៣៖ អាចវៀតណាមចាប់សម្ដេច និងសហការីបញ្ជូនមកកម្ពុជាវិញ ត្រូវកម្ពុជាប្រជាធិបតេយ្យសម្លាប់ចោល។

ទាំងនេះជាការផ្សងគ្រោះថ្នាក់ដើម្បីជាតិមាតុភូមិកម្ពុជា។ តើអ្នកនយោបាយណាមួយហ៊ានលះបង់ជីវិតដើម្បីប្រជាជន និងប្រទេសជាតិដូចឥស្សរជនគណបក្សប្រជាជនទេ?
ហើយបច្ចុប្បន្ន តើប្រទេសកម្ពុជាយើងដើរដល់ណាហើយផ្លូវស្រុកគិរីវង់ និងផ្លូវស្រុកកោះអណ្តែត ដែលពីមុនធ្វើដំណើរប៉ុន្មានម៉ោងពីខេត្តតាកែវ មកបច្ចុប្បន្នប៉ុន្មាននាទី ហើយរស់យ៉ាងសុខសប្បាយក្រោមម្លប់សន្តិភាពស្ថេភាព និងការអភិវឌ្ឍន៍ប្រទេស។

បន្ថែមពីនេះ អ្នកឧកញ៉ា លី សាម៉េត ទីប្រឹក្សាសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជន និងជានាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា «កូនក្មួយបងប្អូន ពិតជាគិតត្រូវធ្វើត្រូវដែលដើរតាមគន្លងកតញ្ញូ នៃការតបស្នងគុណធម៌ នៃម្ចាស់សន្តិភាព គឺទេវតាចាប់ជាតិ ហើយទេវតាចាប់ជាតិនោះ គឺសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នេះតែម្ដង។ ព្រោះថា ពូជាគ្រូទាយដ៏សាកសិទ្ធជាទីបំផុត ខ្ញុំទាយទាំងក្រយ៉ៅ សម រង្ស៉ី និង កឹម សុខា នោះម៉្លេះព្រោះអ្នកទាំងពីរធ្លាប់ទៅរកខ្ញុំប្រមើលមើលខ្ញុំប្រាប់ថា សម រង្ស៉ី ឯងមិនអាចដឹកនាំប្រទេសបានទេ ព្រោះទេវតាចារមកឲ្យ សម រង្ស៉ី រត់ចោលស្រុករហូតហ្នឹងនេះជាការពិត។ ចំពោះ កឹម សុខា ក្រយៅជាប់គុកជាប់មែន ជាចុងក្រោយបងប្អូនកូនក្មួយគិតត្រូវណាស់ ដែលចូលរួមរស់ជាមួយគណបក្សប្រជាជន ដែលជាគណបក្សចាស់ទុំនយោបាយចេះយកអាសារប្រជាជន ហើយអភិវឌ្ឍន៍ទាំងបាតដៃទទេ រហូតរីកចម្រើនដល់សព្វថ្ងៃ សម្បូរសប្បាយ ពូសូមជូនពរបងប្អូនកូនក្មួយជួបតែសុខ និងចម្រើនគ្រប់គ្នា»