(ភ្នំពេញ)៖ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២២នេះ បានអញ្ជើញទទួលឧបករណ៍តាមដាន សរីរៈវិទ្យាវេជ្ជសាស្រ្ត (Medical Physiological Monitor) ចំនួន ៥គ្រឿង សម្រាប់ប្រើប្រាស់នៅតាមន្ទីរពេទ្យ ពីក្រុមហ៊ុន China MEHECO Corporation ។

ពិធីប្រគល់ និងទទួលនេះបានធ្វើឡើងនៅទីស្ដីការក្រសួងសុខាភិបាល ដោយមានការអញ្ជើញចូលរួមដោយ លោក ជូវ ម៉ិញសាន តំណាងក្រុមហ៊ុន China MEHECO Corporation ផងដែរ។

រដ្ឋមន្ត្រី ម៉ម ប៊ុនហេង បានថ្លែងថា ជំនួយថ្មីមួយទៀតនាថ្ងៃនេះ របស់វិស័យឯកជនចិន ចូលរួមជាមួយរាជរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ដែលជាមិត្តដែកថែបកម្ពុជា សបញ្ជាក់ពីចំណងមិត្តភាព សាមគ្គីភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការ ក្នុងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកម្ពុជា-ចិន កាន់តែត្រូវបានពង្រឹង និងពង្រីកឥតឈប់ឈរ និងបានបញ្ជាក់កាន់តែច្បាស់ អំពីដំណើរឈានទៅ សម្រេចបានការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន។

រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានគូសបញ្ជាក់បន្ថែមថា កម្ពុជា-ចិន បាននិងកំពុងកាន់ដៃគ្នា ស្មាប្រកៀកស្មា ឈរយ៉ាងរឹងមាំក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ប៉ុណ្ណោះទេ ប៉ុន្តែដើម្បីបន្តនិរន្តរភាពសង្គម សេដ្ឋកិច្ច នៃប្រទេសទាំងពីរ ក៏ដូចជាពិភពលោកទាំងមូល។

រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង ក៏បានសម្តែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះរដ្ឋាភិបាល និងប្រជាជនចិន ព្រមទាំងវិស័យឯកជនចិន ដែលតែងតែជួយដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ទោះជាក្នុងកាលៈទេសៈណាក៏ដោយ ជាពិសេសក្នុងកាលៈទេសៈដ៏លំបាក ប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូរី-១៩៕