(ព្រះសីហនុ)៖ រដ្ឋបាលខេត្តព្រះសីហនុ បានចេញសេចក្តីជូនដំណឹងដល់ម្ចាស់ទីតាំង ដែលជាអ្នកគ្រប់គ្រងអគារ មានជនបរទេសស្នាក់នៅ និងបម្រើការងារ ត្រូវចូលរួមពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការពារសន្តិសុខ និងសុវត្ថិភាពដល់ជនបរទេស។

ជាមួយគ្នានេះ រដ្ឋបាលខេត្តព្រះសីហនុ បានស្នើម្ចាស់ផ្ទះ ឬអ្នកគ្រប់គ្រងទីតាំងដែលមានជនបរទេសស្នាក់នៅ និងបម្រើការងារ ត្រូវធ្វើរបាយការណ៍ស្តីពីវត្តមានជនបរទេសដែលខ្លួនគ្រប់គ្រងមកអាជ្ញាធរមូលដ្ឋានជាប្រចាំ។

របាយការណ៍នេះ ត្រូវផ្ញើរមកប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ/សង្កាត់ ដែលទីតាំងអគារស្ថិតនៅឱ្យបានមុនថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២២ជាកំណត់។ រដ្ឋបាលខេត្ត សូមឲ្យម្ចាស់អគារទាំងអស់ ចាត់ចែងអនុវត្តដោយការទទួលខុសត្រូវខ្ពស់ចាប់ពីពេលផ្សាយ ដំណឹងនេះតទៅ៕