(ស្វាយរៀង)៖ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ ដោយសារក្មេងសិស្សសាលាម្នាក់ ជិះកង់បត់ឆ្វេងខ្វះការប្រុងប្រយ័ត្ន ត្រូវម៉ូតូដែលបើកបញ្ច្រាសទិសគ្នាបុកយ៉ាងពេញទំហឹង បានបណ្តាលឲ្យបាត់បង់ជីវិតក្មេងភ្លាមៗ និងអ្នកជិះម៉ូតូប្រុសស្រី២នាក់ទៀតរងរបួសធ្ងន់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង២០នាទីថ្ងៃត្រង់ថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ២០២២ នៅលើផ្លូវក្រាលកៅស៊ូស្ថិតនៅក្នុងភូមិចំបក់កោង ឃុំកំពង់ចក ស្រុករំដួល ខេត្តស្វាយរៀង។

សមត្ថកិច្ចនគរបាលស្រុករំដួល បានឲ្យដឹងថា ក្មេងសិស្សសាលាដែលស្លាប់មានឈ្មោះ ឡុង ប៊ុនហេង អាយុ៩ឆ្នាំ មានទីលំនៅភូមិចំបក់កោង ឃុំកំពង់ចក ស្រុករំដួល ខេត្តស្វាយរៀង។

ចំណែកអ្នកបើកម៉ូតូមានឈ្មោះ សៅ សុខផេង អាយុ២២ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នៅភូមិខ្នងជ្រូកខាងកើត ឃុំត្រពាំងស្ដៅ ស្រុករមាសហែកខេត្តស្វាយរៀង (របួសធ្ងន់) និងអ្នករួមដំណើរឈ្មោះ រស់ ស្រីចាន់ ភេទស្រី អាយុ២៣ឆ្នាំ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិអង្គប្រស្រែ ឃុំអង្គប្រស្រែ ស្រុករមាសហែក ខេត្តស្វាយរៀង(របួសធ្ងន់) ជិះម៉ូតូម៉ាកហុងដា សេ១២៥ ស៊េរីឆ្នាំ២០២២ ពណ៌ក្រហម ពាក់ស្លាកលេខស្វាយរៀង 1T-1514 ខូចខាតទាំងស្រុង។

យោងតាមសាក្សីនៅកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុមានក្មេងសិស្សសាលាម្នាក់ បានជិះកង់មួយគ្រឿងដោយធ្វើដំណើរនៅលើផ្លូវក្រាលកៅស៊ូពីលិចទៅកើត ហើយក៏បានបត់ឆ្វេងខ្វះការប្រុងប្រយ័ត្នស្រាប់តែមាន ម៉ូតូមួយគ្រឿង ជិះគ្នា២នាក់ក្នុងទិសដៅបញ្ច្រាសគ្នាជាន់ហ្វ្រាំងមិនទាន់ក៏បុកពេញទំហឹងបង្កការភ្ញាក់ផ្អើលតែម្ដង។

បច្ចុប្បន្ន ក្មេងប្រុសដែលស្លាប់ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ និងប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី រីឯអ្នករងរបួសធ្ងន់ទាំង២នាក់ ត្រូវបានដឹកយកទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកសាមគ្គីរំដួល។ ចំណែកវត្ថុតាងមធ្យោបាយធ្វើដំណើរទាំងពីរគ្រឿងសមត្ថកិច្ចវាស់វែង និងអូសយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុករំដួល ដើម្បីដោះស្រាយពេលក្រោយតាមច្បាប់៕