(ភ្នំពេញ)៖ លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២២នេះ បានចេញមកប្រតិកម្មចំពោះម្ចាស់ផេកហ្វេសបុកមួយ ដែលយកវីដេអូប្រសាសន៍របស់លោកទៅបង្ហោះផ្សាយខុសពីការពិត ដោយដាក់ចំណងជើងផ្សេង ក្នុងចេតនាញុះញង់ ឬចោទប្រកាន់ថាលោកបានបង្គាប់បញ្ជាប្រដៅបុគ្គលនេះ បុគ្គលនោះជាដើម។

តាមរយៈ Facebook លោក ស សុខា បានចាត់ទុកថា ការបង្ហោះសារភ្ជាប់ជាមួយវីដេអូរបស់លោកបែបនេះ ជារឿងមិនអាចទទួលយកបានឡើយ។ លោកអះអាងថា ចេតនានេះ គឺជាយុទ្ធសាស្ដ្របំបែកបំបាក់ផ្ទៃក្នុងរបស់គណបក្សប្រជាជនកម្ពុជាតែម្ដង។

ខាងក្រោមនេះ ជាសារទាំងស្រុងរបស់លោក ស សុខា ដែលប្រតិកម្មជាមួយ Page Samdach Ratana TV

«ជូនចំពោះម្ចាស់ Page Samdach Ratana TV!

ខ្ញុំមិនទោមនស្សរាល់ការបញ្ចេញមតិរបស់លោកនោះទេ។ ប៉ុន្តែខ្ញុំសុំលោកម្យ៉ាង កុំយកវិឌីអូឃ្លីបរបស់ខ្ញុំដែលមានខ្លឹមសារផ្សេងទៅបង្ហោះដាក់ចំណងជើងផ្សឹងដែលបង្កប់ដោយចេតនាញ៉ុះញុងឬចោទប្រកាន់ខ្ញុំថា បង្គាប់បញ្ជាប្រដែប្រដៅបុគ្គលនេះបុគ្គលនោះ។ ជាពិសេស កូនសម្ដេចតេជោនាយករដ្ឋមន្រ្តី ដូចជា ឯកឧត្តម ហ៊ុន ម៉ាណែត និង ឯកឧត្ដម ហ៊ុន ម៉ានី ជាដើម។

អ្វីដែលខ្ញុំមិនអាចទទួលយកបាន លោកថា ខ្ញុំក៏ចង់ធ្វើជានាយករដ្ឋមន្រ្តីដែរនោះ។ ខ្ញុំសូមបញ្ជាក់ថា ខ្ញុំកើតមកមិនមែនដើម្បីប្រកួតប្រជែងនោះទេ។ ជាការពិតខ្ញុំនៅក្នុងគណបក្សមួយ។ យើងត្រូវគោរពសេចក្ដីសម្រេចរបស់គណបក្សក្នុងការរៀបចំចាត់ចែងរចនាសម្ព័ន្ធដឹកនាំប្រទេសនៅពេលដែលគណបក្សឈ្នះឆ្នោត។ ជាក់ស្ដែង ឯកឧត្តម ហ៊ុន ម៉ាណែត ត្រូវបានគណបក្សបោះឆ្នោតជាបេក្ខជននាយករដ្ឋមន្ត្រីបន្តវេននាពេលអនាគត ដែលក្នុងនោះខ្ញុំក៏ជាមនុស្សម្នាក់គាំទ្រលោកដែរ។

ថាជាភ័ព្វសំណាងរបស់ខ្ញុំក៏ថាបាន ដែលកើតមកក្នុងត្រកូលខ្ពង់ខ្ពស់មួយ។ តែអ្វីដែលជាស្មារតីពិតប្រាកដរបស់ខ្ញុំ មិនមែនកើតមកសម្រាប់ការប្រកួតប្រជែងនោះទេ តែជាការចូលរួមចំណែកឲ្យអស់ពីលទ្ធភាពដើម្បីប្រយោជន៍យុវជន ប្រជាជន និងសង្គមជាតិទាំងមូល។ ពោលគឺ ខ្ញុំមិនធ្វើជាចំណែកនៃបញ្ហានោះទេ តែខ្ញុំប្ដេជ្ញាធ្វើជាចំណែកនៃដំណោះស្រាយសង្គមវិញ។

ជារួមទាំងពីរចំណុច ដែលលោកទម្លាក់កំហុសលើខ្ញុំនេះ ជាសារមួយដែលមិនអាចទទួលយកបាន និងជារឿងអយុត្តិធម៌សម្រាប់ខ្ញុំ។ ខ្ញុំនៅតែនិយាយដដែលថា នេះជាយុទ្ធសាស្ត្របំបែកបំបាក់ផ្ទៃក្នុង ដែលពុំធ្លាប់មានប្រសិទ្ធភាពម្ដងណាឡើយ។ ពួកយើងមានតែការសាមគ្គីផ្ទៃក្នុងគ្រប់ស្រទាប់ ឋាន: និងគ្រប់រូបភាព។ និយាយឲ្យអស់ទៅ យើងតែងជួបគ្នាគ្រប់មធ្យោបាយ ទាំងក្នុងក្របខ័ណ្ឌទំនាក់ទំនងរាប់អាន និងជាពិសេស កិច្ចការជាប្រយោជន៍ជាតិ ប្រកបដោយការគោរព ការយល់ចិត្តយល់ថ្លើម ក្នុងស្មារតីជិះទូកតែមួយទៅកាន់ត្រើយតែមួយ។

ជាចុងក្រោយ ទោះបីយើងបក្សផ្សេងគ្នា រស់នៅប្រទេសខុសគ្នា ជំហរទស្សន: និងការមើលឃើញមួយជ្រុងផ្សេងគ្នាមែន តែសូមយើងប្រកាន់ចរិតជាខ្មែរតែមួយ។ យើងគួរមានមោទនភាពដែលបានកើតជាខ្មែរ ជ្រោមជ្រែងរួបរួមគ្នា ដើម្បីកម្ពុជារុងរឿង»៕