(សៀមរាប)៖ លោក ប៉ាវ ហមផាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីក្នុងពិធីបិទសិក្ខាសាលា សម្រាប់ថ្នាក់ដឹកនាំ នៃអគ្គនាយកដ្ឋានពន្ធនាគារ (GDP) និងប្រធានពន្ធនាគារទូទាំងប្រទេស ដោយមានការចូលរួមពីឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឆែម សាវុធ អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ។

សិក្ខាសាលានេះ ត្រូវបានសហការរៀបចំដោយគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC) នៅសណ្ឋាគារសោម៉ាទេវី ខេត្តសៀមរាប ចាប់ពីថ្ងៃទី៧-៨ ខែកញ្ញា ឆ្នាំ២០២២ ដោយបានបែងចែកក្រុមពិភាក្សាចំនួន ៤ រួមមាន៖ ជនជាប់ឃុំដែលងាយរងគ្រោះ, រចនាសម្ព័ន្ធ តួនាទី បញ្ហាប្រឈម ការងារសម្រេចបាន និងទិសដៅបន្ទាប់ របស់ក្រុមការងារបច្ចេកទេសសុខាភិបាល ក្នុងពន្ធនាគារ, បម្រែបម្រួលអាកាសធាតុ ដែលអាចប៉ះពាល់ដល់ពន្ធនាគារ, ការផ្គត់ផ្គង់អាហារដល់ជនជាប់ឃុំ និងកង្វះទឹកស្អាតប្រើប្រាស់។

លោក ឆែម សាវុធ បានបង្ហាញលទ្ធផលនៃសិក្ខាសាលានេះ រួមមាន៖

ប្រធានបទទី១៖ ជនជាប់ឃុំដែលងាយរងគ្រោះ ជាលទ្ធផលបានពិភាក្សាផ្តោតលើ

* ការយកចិត្តទុកដាក់លើជនជាប់ឃុំជាមនុស្សចាស់ អនីតិជន ស្ត្រីមានផ្ទៃពោះ ជនពិការ
* ការអនុញ្ញាតឲ្យក្រុមគ្រួសារបានចូលសួរសុខទុក្ខ បានច្រើនដងសម្រាប់អនីតិជន
* ការផ្តល់អាហារបន្ថែមសម្រាប់ស្ត្រីមានផ្ទៃពោះ
* ការបន្ថែមម៉ោងនៅខាងក្រៅបន្ទប់ឃុំ ដើម្បីកាត់បន្ថយភាពតានតឹង
* ការជំរុញកិច្ចសហការជាមួយដៃគូពាក់ព័ន្ធ ជាពិសេសជាមួយក្រសួងសុខាភិបាលក្នុងការពង្រឹងសេវាសុខភាពជនជាប់ឃុំ
* ការរៀបចំកម្មវិធីប្រឹក្សា និងអប់រំផ្លូវចិត្តដល់ជនជាប់ឃុំ
* ការកែលម្អសោភណ្ឌភាព អនាម័យ និងបរិស្ថានក្នុងបរិវេណពន្ធនាគារ។

ប្រធានបទទី២៖ រចនាសម្ព័ន្ធ តួនាទី បញ្ហាប្រឈម ការងារសម្រេចបាន និងទិសដៅបន្ទាប់ របស់ក្រុមការងារបច្ចេកទេសសុខាភិបាល ក្នុងពន្ធនាគារ ជាលទ្ធផលបានផ្តោតលើ

* យន្តការសំខាន់ៗ ដែលមានចែងក្នុងវិធានសកល ត្រូវបានយល់ដឹង និងប្រើប្រាស់ក្នុងការដោះស្រាយបញ្ហាប្រឈមក្នុងវិស័សសុខភាពពន្ធនាគារ បានយ៉ាងល្អនៅតាមបណ្តាពន្ធនាគារ រាជធានីខេត្ត ជាពិសេសក្នុងពេលមានការរីករាលដាល នៃជំងឺកូវីដ១៩
* បន្តពង្រឹងសេវាសុខភាពពន្ធនាគារ ឲ្យដូចសេវាសុខភាពសាធារណៈខាងក្រៅ
* បន្តជំរុញក្រសួងសុខាភិបាល ក្នុងការចូលរួមទទួលខុសត្រូវ និងផ្គត់ផ្គង់ឧបករណ៍ សម្ភារៈ បរិក្ខារ និងឱសថ
* លើកកម្ពស់ការចូលរួម ពីសំណាក់មន្ទីរសុខាភិបាលរាជធានីខេត្ត ក្នុងកិច្ចការសុខភាពពន្ធនាគារ
* បន្តជំរុញការអនុវត្តអនុសាសន៍ ទាំង២៥ របស់សន្និសីទអង្គការសហប្រជាជាតិ។

ប្រធានបទទី៣៖ បម្រែបម្រួលអាកាសធាតុ ដែលអាចប៉ះពាល់ពន្ធនាគារ ជាលទ្ធផលបានផ្តោតលើ

* បម្រែបម្រួលអាកាសធាតុ បានផ្តល់ផលប៉ះពាល់ដល់វិស័យពន្ធនាគារ សំខាន់ៗដូចជា៖ ការកើនឡើងនៃកម្តៅក្នុងបរិយាកាស, កង្វះទឹកស្អាត, ទឹកជំនន់ ខ្យល់ព្យុះ និងគ្រោះធម្មជាតិផ្សេងៗ, ការកើនឡើងនៃតម្លៃម្ហូបអាហារ ដោយសារផលិតកម្មថយចុះ, ខូចខាតហេដ្ឋារចនាសម្ព័ន្ធពន្ធនាគារ និងថវិកាសម្រាប់កែលម្អឡើងវិញ, សោភណ្ឌភាព បរិស្ថាន អនាម័យ
* ថ្នាក់ដឹកនាំ និងមន្ត្រីពន្ធនាគារ ត្រូវត្រៀមខ្លួនជាប្រចាំ ក្នុងការធ្វើសកម្មភាពដោះស្រាយ ទាន់ពេលវេលា
* ត្រូវមានផែនការការពារទប់ស្កាត់ និងដោះស្រាយបញ្ហាប្រឈមដែលកើតចេញពីការប្រែប្រួលអាកាសធាតុ។

ប្រធានបទទី៤៖ ការផ្គត់ផ្គង់អាហារដល់ជនជាប់ឃុំ និងកង្វះទឹកស្អាតប្រើប្រាស់ ជាលទ្ធផលផ្តោតលើ

* សហការរៀបចំរបបអាហារសម្រាប់ជនជាប់ឃុំ
* កសាងផែនការផ្គត់ផ្គង់ទឹកស្អាតសម្រាប់ប្រើប្រាស់
* បន្តអនុវត្តវិធាននានា ដែលគាំពារដល់ជនជាប់ឃុំ
* បន្តសហការជាមួយរដ្ឋបាលមូលដ្ឋាន និងដៃគូនានា ដើម្បីដោះស្រាយនូវតម្រូវការចាំបាច់ នៃការផ្គត់ផ្គង់អាហារ និងទឹកស្អាត ឲ្យបានសមស្រប និងទាន់ពេលវេលា។

សូមជម្រាបថា ក្នុងក្របខណ្ឌនៃការកសាងសមត្ថភាពសម្រាប់ថ្នាក់ដឹកនាំអគ្គនាយកដ្ឋានពន្ធនាគារ ICRC និង DGP បានរួមគ្នារៀបចំសិក្ខាសាលា សម្រាប់ប្រធានពន្ធនាគារទូទាំងប្រទេស ជារៀងរាល់ឆ្នាំ។

ក្នុងឱកាសនោះដែរ លោក ប៉ាវ ហមផាន បានកោតសរសើរដល់ភាគីពាក់ព័ន្ធ ដែលបន្តប្រឹងប្រែងកសាងសមត្ថភាពថ្នាក់ដឹកនាំនាយកដ្ឋាន និងប្រធានពន្ធនាគារទូទាំងប្រទេស។ បន្ថែមលើនេះ លោកបានជំរុញថ្នាក់ដឹកនាំ នៃអគ្គនាយកដ្ឋានពន្ធនាគារ និងប្រធានពន្ធនាគារទូទាំងប្រទេស អនុវត្តអ្វីដែលបានពិភាក្សាក្នុងសិក្ខាសាលា ទៅអនុវត្តឲ្យមានប្រសិទ្ធភាពផងដែរ៕