(ភ្នំពេញ)៖ យោងតាមអាជ្ញាធររាជធានីភ្នំពេញឲ្យបានឲ្យដឹងថា ក្រុមបាតុករខុសច្បាប់អតីតបុគ្គលិកណាហ្កាវើលដ៍ ដែលដឹកនាំដោយ ឈឹម ស៊ីថរ និងបក្ខពួកមួយចំនួន បានបង្កភាពរញ៉េរញ៉ៃប៉ះពាល់ដល់សណ្តាប់សាធារណៈយ៉ាងធ្ងន់ធ្ងរ ហើយនិងថែមទាំងប្រមាថដល់អាជ្ញាធរមានសមត្ថកិច្ចដែលចុះទៅធ្វើការណៃនាំទៀតផង។

តាមរយៈការប្រមូលផ្តុំនៅព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២២នេះ ក្រុមបាតុករខុសច្បាប់ខាងលើបានយកឆ្នាំងបាយ និងចានឆ្នាំង មកធ្វើម្ហូបនៅទីសាធារណៈដែលបង្ហាញឱ្យឃើញ ការផ្គើនមកលើកម្លាំងសមត្ថកិច្ច ហើយនេះក៏រឹតតែបង្ហាញពីភាពអាណាធិបតេយ្យ ច្របូកច្របល់ ខូចសណ្តាប់ធ្នាប់សាធារណៈ ជាពិសេសប៉ះពាល់ការធ្វើដំណើរ ក៏ដូចជាការប្រកបរបទទួលទានផ្សេងៗរបស់ប្រជាពលរដ្ឋ។

សមត្ថកិច្ចបានឲ្យដឹងទៀតថា មិនត្រឹមតែមកដាំបាយធ្វើម្ហូបតាមផ្លូវសាធារណៈនោះទេ ពួកគេបានដាក់មេក្រូស្រែកបង្ករភាពអាណាធិបតេយ្យជាទីបំផុត។ ជាមួយគ្នានោះពួកគេថែមទាំងបានជេរប្រមាថ មកលើអាជ្ញាធរមានសមត្ថកិច្ច ដែលជារាជការសាធារណៈខណៈដែលកងកម្លាំងបានចុះទៅណែនាំរៀបចំសណ្តាប់ធ្នាប់ទៀតផង។

សាធារណៈជនជាច្រើនបានសង្កេតឃើញថា ក្រុមបាតុករខុសច្បាប់ទាំងនេះបានប្រព្រឹត្តជាច្រើនលើកច្រើនសារមកហើយ រហូតមានការចុះផ្សាយលើសារព័ត៌មានបរទេសទៀតផង ពីទង្វើបំពានច្បាប់របស់ពួកគេ ដែលត្រូវបានគេសង្ស័យថា មានបង្កប់ដោយហេតុផលនយោបាយនៅពីក្រោយខ្នង។

ភាពអាណាធិបតេយ្យនេះមហាជនបានសំណូមពរយ៉ាងទទួចឱ្យអាជ្ញាធរពាក់ព័ន្ធ គប្បីចាត់វិធានការតាមផ្លូវច្បាប់ដើម្បីរក្សាសណ្តាប់ធ្នាប់សាធារណៈផង និងការពារប្រយោជន៍ប្រជាពលរដ្ឋ ដែលកំពុងធ្វើអាជីវកម្មនៅទៅនោះ ក៏ដូចជារក្សាកេរ្តិ៍ឈ្មោះមុខមាត់ប្រទេសជាតិផងដែរ ពីព្រោះបើសកម្មភាពបែបនេះមិនត្រូវបាន ចាត់វិធានការផ្លូវច្បាប់ទេនោះ នឹងគ្មានវិនិយោគិនបរទេសណានឹងហ៊ានមកវិនិយោគនៅកម្ពុជាទៀតនោះឡើយ៕