(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២២នេះ លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសកកម្មពិសេស អញ្ជើញធ្វើដំណើរទៅចូលរួមសន្និសីទអន្តរជាតិស្តីពី «សហគមន៍ជោគជ័យ» ដែលរៀបចំដោយ ក្រុមប្រឹក្សាសាសនាឥស្លាមសិង្ហបុរី (MUIS) មានរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី០៩ រហូតដល់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២។

នៅទីនោះ ទេសរដ្ឋមន្ដ្រី អូស្មាន ហាស្សាន់ នឹងជួបជាមួយរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការសសនាឥស្លាម ម៉ាឡេស៊ី ឥណ្ឌូណេស៊ី ប្រ៊ុយណេដារ៉ុសសាឡាម និងសិង្ហបុរី។

ក្នុងដំណើរទស្សនកិច្ចនោះ លោក អូស្មាន ហាស្សាន់ ក៏មានជំនួបការងារជាមួយ រដ្ឋមន្ត្រីជាមុស្លិមសិង្ហបូរី ២នាក់ រួមមាន លោកបណ្ឌិត Masagos Zulkifli bin Masgos Mohamad រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍សង្គម និងគ្រួសារ, រដ្ឋមន្ត្រីទី២ សុខាភិបាល និងជារដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការសាសនាឥស្លាម និងលោកបណ្ឌិត Mohamad Maliki bin Osman រដ្ឋមន្ត្រីទីស្នាក់ការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីទី២ ក្រសួងការបរទេស រដ្ឋមន្ត្រីទី២ ក្រសួងអបរំ។

នៅរាត្រីនេះ លោក LEE HSIEN LOONG នាយករដ្ឋមន្ត្រីសិង្ហបុរី នឹងអញ្ជើញចូលរួមផ្ដល់ជាកិត្តិយស និងពិសារអហារ ជាមួយប្រតិភូនៃអង្គសន្និសីទផងដែរ។

សូមជម្រាបថា ប្រជាជនមុស្លិមនៅសិង្ហបុរី មានប្រមាណជិត៨០ម៉ឺននាក់ ហើយនៅកម្ពុជាក៏មានប្រមាណ៨០ម៉ឺននាក់ ហើយនៅទូទាំងប្រទេស ដែលជាសមាជិកអាស៊ានមានមុស្លិមជាង ៣០០លាននាក់៕