(ភ្នំពេញ)៖ លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ បានលើកឡើងថា ការបន្ថែមមន្ត្រីរាជការនៅរាជធានីភ្នំពេញ នៅថ្នាក់ខណ្ឌ វាជារឿងធម្មតា បើការប្រតិភូកម្មការងារពីថ្នាក់កណ្តាល មកថ្នាក់ក្រោមជាតិកាន់តែច្រើន យើងក៏ត្រូវបន្ថែមមនុស្សមកបំពេញការងារឲ្យកាន់តែច្រើនដែរ សំដៅធ្វើយ៉ាងណា ឲ្យការផ្តល់សេវាជូនប្រជាពលរដ្ឋនេះ បានលឿនទាន់ពេលនិងមានតម្លាភាព។

ការលើកឡើងរបស់លោ កើត ឆែ ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២២នេះ ក្នុងឱកាសអញ្ជើញជាតំណាងរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងពិធីប្រកាសចូលកាន់តំណែងអភិបាលរង ខណ្ឌច្បារអំពៅម្នាក់ គឺលោក កាទើ អះម៉ាត់សទើរ។

ក្នុងឱកាសនោះលោក កើត ឆែ បានគូសបញ្ជាក់ថា ក្នុងនាមអាជ្ញាធរ កងកម្លាំង ត្រូវតែការពារ និងថែរក្សាសន្តិភាព ទោះក្នុងតម្លៃណាក៏ដោយ ព្រោះជារបស់មានតំលៃ មិនអាចកាត់ថ្លៃបាន។ ក្នុងនាមប្រជាពលរដ្ឋខ្មែរ ត្រូវអរគុណសម្តេចតេជោ ហ៊ុន សែន ដោយសម្តេចនេះហើយ ជាអ្នករកសន្តិភាពបានមកដោយលំបាក។ លោកក៏បានសម្តែងនូវការកោតសរសើរ ចំពោះអាជ្ញាធរខណ្ឌ មន្ត្រីរាជការទាំងអស់ ដែលបានយកអស់កម្លាំងកាយចិត្ត ក្នុងការបម្រើសេវាកម្មផ្សេងៗ ជូនប្រជាពលរដ្ឋបានយ៉ាងល្អ និងមានសម្លាភាព រហូតធ្វើឲ្យប្រជាពលរដ្ឋ គោរពស្រលាញ់ នាំគ្នាបោះឆ្នោតជូនចៅសង្កាត់ មកពីគណបក្សប្រជាជនកម្ពុជា ជាប់ឆ្នោតយ៉ាងផ្លូកទឹក ផ្លូវដី កាលពីថ្ងៃទី០៥ មិថុនាកន្លងមកថ្មីៗនេះ។

អភិបាលរងរាជធានីភ្នំពេញរូបនេះ ក៏បានផ្តាំផ្ញើទៅអភិបាលខណ្ឌរងថ្មី ត្រូវខិតខំបំពេញការងារ ជូនប្រជាពលរដ្ឋឲ្យបានល្អ ពិសេសឲ្យយល់ពីតម្លៃសន្តិភាព ព្រោះអ្វីៗវាកើតចេញពីសន្តិភាពនេះហើយ បើគ្មានសន្តិភាព អ្វីៗក៏មិនអាចទៅមុខដែរ។ បន្ថែមពីនេះត្រូវរក្សាសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អ។

លោក ចេង មុនីរ៉ា ក្នុងឱកាសនោះ ក៏បានលើកឡើងពីការងារមួយចំនួន របស់អាជ្ញាធរខណ្ឌច្បារអំពៅ ពិសេសការងារផ្តល់សេវាជូនប្រជាពលរដ្ឋ អាជ្ញាធរបានអនុវត្តបានយ៉ាងល្អ មានតម្លាភាពតាមរយៈច្រកចេញចូលតែមួយ, បានផ្តល់សំបុត្រមរណៈភាព ដល់លំនៅដ្ឋានប្រជាពលរដ្ឋ និងបានកសាងហេដ្ឋារចនាសម្ព័ន្ធយ៉ាងច្រើន នៅក្នុងមូលដ្ឋាន បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ពីដូសទី១ ដល់ដូសទី៥ ជូនប្រជាពលរដ្ឋបានល្អ ជាមួយនឹងការដោះស្រាយវិវាទ ក្រៅប្រព័ន្ធតុលាការបានច្រើនករណីផងដែរ៕