(ភ្នំពេញ)៖ ក្រសួងចំនួន៣ រួមមាន ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងសុខាភិបាល បាននិងកំពុងពិភាក្សាអំពីការកំណត់អាយុអប្បបរមា សម្រាប់ការប្រើប្រាស់គ្រឿងស្រវឹង ដែលមិនទាន់គ្រប់អាយុ នៅក្នុងសេចក្តីព្រាងច្បាប់ ស្តីពីការត្រួតពិនិត្យផលិត ផលគ្រឿងស្រវឹង ដើម្បីបង្ការ និងការពារ ដល់កុមារដែលរងផលប៉ះពាល់ពីគ្រឿងស្រវឹង។

នេះជាការបញ្ជាក់របស់លោកស្រី ខៀវ បូរី អនុប្រធានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ នាព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២២ ក្នុងឱកាសតំណាលលោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ អញ្ជើញចូលរួមក្នុងសិក្ខាសាលា ពិគ្រោះយោបល់ ស្តីពីផលប៉ះពាល់នៃគ្រឿងស្រវឹងទៅលើកុមារ ដែលបានរៀបចំឡើង នៅក្រសួងសង្គមកិច្ច ដោយមានការចូលរួមពីលោកវេជ្ជបណ្ឌិត មុំ គង់ នាយកប្រតិបត្តិអង្គការចលនា ដើម្បីសុខភាពកម្ពុជា រួមទាំងលោក លោកស្រីមកពីក្រសួង ស្ថាប័ន និងអង្គការពាក់ព័ន្ធជាច្រើនរូប។

លោកស្រី ខៀវ បូរី បានថ្លែងបញ្ជាក់ថា គ្រឿងស្រវឹង ឬគ្រឿងញៀន គឺជាបញ្ហាដ៏ធំរបស់កុមារ ប្រសិនបើពួកគាត់បានបើប្រាស់ នឹងមានផលប៉ះពាល់ជាច្រើនដូចជា សុខភាពផ្លូវកាយ ផ្លូវចិត្ត ខ្សោយប្រាជ្ញា ស្មារតី វង្វេងវង្វាន់ អាចបង្កទៅជាវិកលចរិក គ្រោះថ្នាក់ចរាចរណ៍ អំពើហិង្សានិងចលាចលក្នុងគ្រួសារ សង្គម និងខ្ជះខ្ជាយ ថវិកាយ៉ាងច្រើន។

លោកស្រី ខៀវ បូរី បានបញ្ជាក់ទៀតថា ទន្ទឹមនឹងភាពរីកចម្រើន ក្នុងការលើកកម្ពស់ និងការការពារសិទ្ធិកុមារ ក៏កុមារកម្ពុជាមួយចំនួន នៅតែជួបបញ្ហាប្រឈមនៅឡើយ ដូចជាកុមារបោះបង់ការសិក្សា កុមារបម្លាស់ទី អំពើហិង្សាលើកុមារ កុមារប្រើប្រាស់សារធាតុញៀន កុមារកង្វះអាហារូបត្ថម្ភ កុមារតាមម្តាយក្នុងពន្ធនាគារ ការរំលោភបំពាន និងកេងប្រវ័ញ្ចគ្រប់ទម្រង់លើកុមារ ជាពិសេសកុមារ ដែលរងផលប៉ះពាល់ដោយសារគ្រឿងស្រវឹង ដែលតម្រូវឲ្យក្រសួងស្ថាប័នអង្គការមិនមែន រដ្ឋាភិបាលជាតិ អន្តរជាតិ ដៃគូអភិវឌ្ឍន៍ សហគមន៍ ឪពុកម្ដាយ និងអង្គភាពពាក់ព័ន្ធ រួមគ្នាដោះស្រាយឲ្យបានទាន់ពេលវេលា ប្រកបដោយប្រសិទ្ធភាព ប្រសិទ្ធផល និងចំគោលដៅ។

សូមជម្រាបដែរថា សិក្ខាសាលាពិគ្រោះយោបល់ ស្តីពីផលប៉ះពាល់នៃគ្រឿងស្រវឹងទៅលើកុមារ ធ្វើឡើងក្នុងគោលបំណង៖ ផ្សព្វផ្សាយពីផលប៉ះពាល់ នៃការប្រើប្រាស់គ្រឿងស្រវឹងទៅលើកុមារ, ស្វែងយល់អំពីក្របខណ្ឌគតិយុត្តជាតិ និងអន្តរជាតិ ពាក់ព័ន្ធនឹងគ្រឿងស្រវឹង, គាំទ្រវិធានការ ប្រកបដោយប្រសិទ្ធភាពដើម្បីកាត់បន្ថយ ផលប៉ះពាល់ នៃគ្រឿងស្រវឹងទៅលើកុមារ៕