(ភ្នំពេញ)៖ សម្តេច ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២២ បានផ្ញើសាររំលែកទុក្ខ ជូនលោក Sir Lindsay Harvey Hoyle ប្រធានរដ្ឋសភា នៃចក្រភពអង់គ្លេស ចំពោះការសោយទិវង្គតរបស់ព្រះមហាក្សត្រីយានី អេលីហ្សាប៊ែតទី២ (Elizabeth II) ។

សម្តេច ហេង សំរិន បានបញ្ជាក់ក្នុងសាររំលែកទុក្ខថា «ឯកឧត្តមប្រធានជាទីគោរពរាប់អានដ៏ជ្រាលជ្រៅ! ខ្ញុំមានសេចក្តីរន្ធត់ចិត្តយ៉ាងខ្លាំងដោយបានទទួលដំណឹងថា ព្រះមហាក្សត្រីយានី អេលីហ្សាប៊ែតទី២ (Elizabeth II) បានសោយទីវង្គតក្នុងព្រះជន្មាយុ ៩៦ ព្រះវស្សា។ ស្ថិតក្នុងពេលវេលាដ៏ក្រៀមក្រំបំផុតនេះ ក្នុងនាមរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមខ្ញុំផ្ទាល់ ខ្ញុំសូមសម្តែងនូវសមាន្តទុក្ខដ៏ក្រៀមក្រំបំផុតជូនចំពោះ ឯកឧត្តមប្រធានក្រុមគ្រួសារនៃសព និងប្រជាជន នៃចក្រភពអង់គ្លេសទាំងមូល ចំពោះការបាត់បង់ព្រះមហាក្សត្រីយានីជាទីស្រឡាញ់»

សម្តេច ហេង សំរិន បន្តថា «រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា សូមចូលរួមកាន់មរណទុក្ខចំពោះព្រះសពព្រះមហាក្សត្រីយានីអេលីហ្សាប៊ែតទី២ (Elizabeth II) ជាមួយនឹងបងប្អូនជនរួមជាតិអង់គ្លេស។ កេរដំណែល និងការលះបង់ដ៏ធំធេងរបស់ព្រះមហាក្សត្រីយានីចំពោះប្រទេសជាតិ នឹងត្រូវចងចាំជានិច្ចដោយប្រជានុរាស្ត្រអង់គ្លេសគ្រប់ស្រទាប់វណ្ណៈ ក៏ដូចជាប្រជាជនជាច្រើននៅជុំវិញពិភពលោកផងដែរ។ សូមដួងវិញ្ញាណក្ខន្ធ ព្រះមហាក្សត្រីយានីអេលីហ្សាប៊ែតទី២ (Elizabeth II) បានទៅសោយសុខសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ»

សូមជម្រាបថា ព្រះមហាក្សត្រីយានី Elizabeth II បានសោយទិវង្គត ក្នុងព្រះជន្ម៩៦ព្រះវស្សា នៅយប់ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២ (ពេលវេលានៅកម្ពុជា)។ ព្រះមហាក្សត្រីយានី Elizabeth II ត្រូវបានគេស្គាល់ទ្រង់ថា ជាព្រះមហាក្សត្រីនៃចក្រភពអង់គ្លេស ហើយក៏ជាក្សត្រីគ្រងលើរាជបុរីប្រមាណជា១៤ រាជបុរីផ្សេងទៀតនៅលើពិភពលោក៕