(ស្វាយរៀង)៖ អនុសាខាកាកបាទក្រហមកម្ពុជាស្រុករមាសហែក ខេត្តស្វាយរៀង បានទទួលអំណោយជាស្បៀងអាហារ សម្ភារ និងថវិកាពីសប្បុរសជនក្នុងប្រទេស និងក្រៅប្រទេស សម្រាប់ត្រៀមបម្រុងឆ្លើយតបជូន ប្រជាពលរដ្ឋដែលងាយរងគ្រោះ និងរងគ្រោះមហន្តរាយផ្សេងៗ។

ពិធីប្រគល់ និងទទួលអំណោយមនុស្សធម៌នេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២២នេះ ក្រោមវត្តមានលោកស្រី ឈុន សារឹម គណៈកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តស្វាយរៀង លោក ស៊ូ ម៉ុល ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុករមាសហែក និងសប្បុរសជន លោក ហុង វិណុល គណៈកិត្តិយសសាខា ដែលដឹកនាំដោយលោកស្រី គួយ លីនណាហុង វិណុល និងក្រុមការងារ ឧបាសិកា ទៀ ហ៊ុយអេង និងឧបាលសក សេង សារុន នៅប្រទេសបារាំង, លោកស្រី ហុង គឹមលាង និងក្រុមគ្រួសារ, លោកស្រី ហេង គឹមមួយ និងក្រុមគ្រួសារ, លោក ហុង ម៉េងហេង និងក្រុមគ្រួសារ។

ពិធីនេះបានធ្វើឡើងនៅទីស្នាក់ការអនុសាខាកាកបាទក្រហមកម្ពុជាស្រុករមាសហែកដែលមានការចូលរួមពីមន្ត្រីដែលពាក់ព័ន្ធជាច្រើនរូបផងដែរ។

លោក ស៊ូ ម៉ុល បានថ្លែងថា ក្នុងនាមអនុសាខាកាកបាទក្រហមកម្ពុជាស្រុក សូមថ្លែងអំណរគុណលោក លោកស្រី ដែលជាក្រុមគ្រួសាររបស់លោក ហុង វិណុល ដែលបាននាំនូវអំណោយស្បៀង សម្ភារៈ ថវិកា ប្រគល់ជូនដល់អនុស្សាកបាទក្រហមស្រុក នាពេលនេះ។

លោកបានបន្តថា រដ្ឋបាលស្រុក និងអនុសាខាកាកបាទក្រហមកម្ពុជា ស្រុករមាសហែក ដោយបានឈរលើគោលការណ៍គ្រឹះនៃវិស័យមនុស្សធម៌អាស្រ័យដោយមានការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជានិងមានការចង្អុលបង្ហាញផ្ទាល់ពីលោកប្រធានគណៈកម្មាធិការកាកបាទក្រហមកម្ពុជា ខេត្តស្វាយរៀង បានជួយគាំទ្រទាំងស្មារតី សម្ភារៈថវិកាបច្ចេកទេសដល់អនុសាខា ដើម្បីគាំទ្រដល់គ្រួសារដែលងាយរងគ្រោះ និងកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋបានមួយកម្រិតផងដែរ។

លោកបានបញ្ជាក់ថា នៅក្នុងខែកញ្ញា ឆ្នាំ២០១៩ ដោយមានការផ្ដួចផ្ដើមចលនាពីសំណាក់លោក សៅ សុខា ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុករមាសហែក បានចលនាដល់លោក លោកស្រី ក្រុមការងារចុះចូលមូលដ្ឋាន និងសប្បុរសជនដើម្បីរកមូលនិធិស្បៀងអាហារសម្ភារៈថវិកា ក្នុងការជួយគាំទ្រអនុសាខាកាកបាទកម្ពុជាស្រុក និងដោយមានការគាំទ្រពីសាខាកាកបាទក្រហមកម្ពុជាខេត្តផងដែរ។

លោកស្រី ឈុន សារឹម បាននាំមកនូវការផ្តាំផ្ញើរសាកសួរទុក្ខ និងសេចក្តីថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចំពោះក្រុមគ្រួសារ លោក ហុង វិណុល ក៏ដូចជាសប្បុរសជននានា ដែលជានិច្ចជាកាល ក៏ដូចជាពេលនេះតែងតែគាំទ្រដល់សកម្មភាពមនុស្សធម៌របស់សាខា អនុសាខា ក្នុងការរួមចំណែកជួយរំលែកនូវការលំបាករបស់ប្រជាពលរដ្ឋដែលរងគ្រោះ។

ជាមួយគ្នានេះ លោកស្រីបានសន្យាថាអំណោយទាំងអស់នេះ អនុសាខានឹងធ្វើការបែងចែកជូនដល់ដៃប្រជាពលរដ្ឋដែលរងគ្រោះគ្រប់ៗគ្នាឱ្យបានទាន់ពេលវេលាឱ្យសមស្របទៅនឹងទឹកចិត្តដ៏ថ្លៃថ្លារបស់លោក លោកស្រី ជាម្ចាស់អំណោយ។

អំណោយដែលបានឧបត្ថម្ភដល់អនុសាខាកាកបាទក្រហមកម្ពុជាស្រុក នាពេលនេះរួមមាន៖ អង្ករ ១០តោន, មី៣០០កេស, ត្រីខ១២កេស, ទឹកត្រី, ទឹកស៊ីអ៉ីវ១២០យួរ, ទឹកសុទ្ធ ១២០កេស, ថវិកា ៥លានរៀលផងដែរ៕