(ពោធិ៍សាត់)៖ លោក ឡូញ វ៉ិត ទីប្រឹក្សាផ្ទាល់សម្តេចព្រះអភិសេរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះប្រធានគណៈសង្ឃនាយក នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា និងជាអនុប្រធានយុវជនស្រឡាញ់សន្តិភាព អនុសាខាក្រុងពោធិ៍សាត់ បានប្រគល់សំលៀកបំពាក់កីឡា ចំនួន៨០ឈុត ដល់ឧត្តមសេនីយ៍ត្រី ពុទ្ធ លី មេបញ្ជាការកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ សម្រាប់ឧបត្ថម្ភកីឡាករអុំទូក (ង) ខ្នាតអន្តរជាតិ។

អំណោយនេះ ត្រូវបានប្រគល់កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២២ សម្រាប់ឧបត្ថម្ភកីឡាករអុំទូក (ង) ខ្នាតអន្តរជាតិ ដែលមានឈ្មោះថា «ទំព័ណសុវណ្ណសែនជ័យបារមីតាគ្រី» អំណោយរបស់ឧត្តមសេនីយ៍ត្រី គួយ សារឿន ស្នងការរងនគរបាលខេត្ត នៅវត្តកែវសុណ្ណ សង្កាត់បន្ទាយដី ក្រុងពោធិ៍សាត់ ដោយបានការចូលរួមពីលោក ចាប នាង អភិបាលអភិបាលក្រុង លោក ផាន់ សេរីវុធ អនុប្រធានមន្ទីរព័ត៌មានខេត្ត និងអាជ្ញាធរមូលដ្ឋាន។

លោក ឡូញ វ៉ិត បានលើកឡើងថា សំលៀកបំពាក់ចំនួន៨០ឈុត គឺជាការចែករំលែកធនធានផ្ទាល់ខ្លួនសម្រាប់ជួយទៅដល់កីឡាករអុំទូកខ្នាតអន្តជាតិ មានឈ្មោះថា «ទំព័ណសុវណ្ណសែនជ័យបារមីតាគ្រី» ជាអំណោយរបស់ឧត្តមសេនីយ៍ត្រី គួយ សារឿន ស្នងការរងនគរបាលខេត្ត និងលោកស្រីព្រមទាំងបុត្រ ដែលគ្រប់គ្រងដោយអង្គភាពកងរាជអាវុធហត្ថខេត្ត សម្រាប់ចូលរួមប្រកួត នាថ្ងៃទី១៦-១៨ ខែតុលា ឆ្នាំ២០២២ខាងមុខនេះ នៅតាមដងស្ទឹងពោធិ៍សាត់មុខសាលាខេត្ត។

លោកបានបន្តថា ក្នុងនាមពលរដ្ឋម្នាក់ទោះជាធនធាននៅមានកម្រិតក៏ដោយ ក៏នៅតែយកចិត្តទុកដាក់គិតគូរ ចូលរួមជួយឧបត្ថម្ភដល់សង្គម ក៏ដូចជាអាជ្ញាធរស្រុក ក្រុង ខេត្ត និងអង្គភាពនានា ទៅតាមលទ្ធភាពដូចជា ទូកមានឈ្មោះថា «តេជះសែនជ័យបារមីក្រុងពោធិ៍សាត់» ដែលគ្រប់គ្រងដោយរដ្ឋបាលសាលាក្រុង និងទូកឈ្មោះ «វត្តហ្លួងតេជះឧកញ៉ាឃ្លាំងមឿងបារមីតេជោ» គ្រប់គ្រងដោយមន្ទីរព័ត៌មានខេត្ត មន្ទីរវប្បធម៌ខេត្ត និងមន្ទីរធម្មការ និងសាសនាខេត្តនោះ លោកបានត្រៀមជួយឧបត្ថម្ភសំលៀកបំពាក់ ដល់កីឡាករទាំងនោះទៀត ដើម្បីចូលរួមអបអរសាទរ ពិធីបុណ្យអុំទូកខ្នាតអន្តរជាតិ ដែលរៀបចំឡើងដោយរដ្ឋបាលខេត្តពោធិ៍សាត់ នាពេលដ៏ខ្លីខាងមុខនេះ។

នៅក្នុងខណៈនោះ លោកក៏បានរៀបចំទូក ចំនួន៧គ្រឿង អង្ករ២តោន និងស្បៀងអាហារមួយចំនួនទៀត សម្រាប់ត្រៀមបង្ការនៅពេលមានទឹកជំនន់កើតឡើងនៅក្នុងខេត្តផងដែរ។ ក្នុងនាមទីប្រឹក្សាផ្ទាល់ សម្តេចសង្ឃរាជ បួរ គ្រី លោកតែងតែគោរពប្រតិបត្តិ និងអនុវត្តតួនាទីភារកិច្ចរបស់ខ្លួន ដោយផ្តោតសំខាន់អំពីការងារមនុស្សធម៌ ជួយនៅក្នុងមូលដ្ឋាន។

ឧត្តមសេនីយត្រី ពុទ្ធ លី និងលោក ចាប នាង បានសម្តែងនូវអំណរគុណចំពោះ លោក ឡូញ វ៉ិត និងលោកស្រី ព្រមទាំងបុត្រ ដែលមានទឹកចិត្ត និងបានចំណាយធនធានផ្ទាល់ខ្លួន ចូលរួមជួយដល់ការងារសង្គម និងសូមឱ្យសកម្មភាពនេះបន្តទៅទៀត។ ក្នុងនាមគណៈកម្មការគ្រប់គ្រងដឹកនាំទូក (ង) ខ្នាតអន្តរជាតិ លោកសូមអំពាវនាវដល់ព្រះសង្ឃ លោកឧកញ៉ា លោក លោកស្រី អាជីវករ ពាណិជ្ជករ ក្រុមហ៊ុន សប្បុរជន និងបងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាជួយឧបត្ថម្ភគាំទ្រ ជាថវិកា សម្ភារៈ សម្រាប់ផ្គត់ផ្គង់ដល់កីឡាករទូក (ង) ទាំងក្នុងអំឡុងហ្វឹកហាត់សម រហូតដល់ថ្ងៃប្រកួតឱ្យទទួលបានជោគជ័យ និងផ្តល់នូវភាពសប្បាយរីករាយ ជូនប្រជាពលរដ្ឋទស្សនាកម្សាន្ត ព្រមទាំងបានផ្តាំផ្ញើដល់កីឡាករទាំងអស់ ខិតខំហ្វឹកហាត់ឱ្យបានច្បាស់លាស់ ត្រឹមត្រូវស្របទៅតាមលក្ខណៈបច្ចេកទេស៕