(កំពង់ចាម)៖ លោក រ៉េត សារ៉ាត ត្រូវបានប្រកាសចូលកាន់តំណែងជាប្រធានថ្មីមន្ទីរធម្មការ និងសាសនាខេត្តកំពង់ចាម ដោយជំនួសលោក ស្រី សុភ័ក្រ្ត ដែលត្រូវបានទទួលភារកិច្ចថ្មី។

ពិធីនេះបានប្រព្រឹត្តទៅ នារសៀលថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២ ក្រោមអធិបតីភាពលោក សេង សុមុនី រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា និងលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ព្រមទាំងមន្ត្រីពាក់ព័ន្ធជាច្រើននាក់ទៀត។

បន្ទាប់ពីការប្ដេជ្ញាចិត្តរបស់លោក រ៉េត សា រ៉ាត ដែលទើបចូលកាន់តំណែង, អភិបាលខេត្តកំពង់ចាម បានណែនាំដល់លោកប្រធានមន្ទីរថ្មីនូវគោលការណ៍ ៩ចំណុច ដើម្បីអនុវត្តការងារដូចខាងក្រោម៖

*ទី១៖ ត្រូវបន្តនិរន្តភាពការងារ និងត្រូវរក្សាសាមគ្គីភាព មិត្តភាព តម្លាភាព គណនេយ្យភាពផ្ទៃក្នុងឲ្យបានល្អ
*ទី២៖ ត្រូវមានកិច្ចសហការល្អជាមួយ មន្ទីរ អង្គភាពនានាជុំវិញខេត្ត អាជ្ញាធរគ្រប់លំដាប់ថ្នាក់
*ទី៣៖ ត្រូវមានរបៀបរបបធ្វើការងារឲ្យបានត្រឹមត្រូវតាមប្រកាស និងសេចក្ដីណែនាំ
*ទី៤៖ ត្រូវបន្តសហការឱ្យបានល្អជាមួយព្រះមន្ត្រីសង្ឃទាំងពីរគណៈ
*ទី៥៖ ត្រូវបន្តសហការឱ្យបានល្អជាមួយមេដឹកនាំពាហិរសាសនា មានសាសនាឥស្លាម គ្រឹស្តសាសនា និងសាសនាផ្សេងៗទៀត
*ទី៦៖ ត្រូវបន្តយកចិត្តទុកដាក់ពង្រឹងនូវវិស័យពុទ្ធិកសិក្សា ដែលជាការបណ្តុះបណ្តាលធនមនុស្សក្នុងវិស័យសាសនា
*ទី៧៖ ត្រូវយកចិត្តទុកដាក់រក្សាឱ្យបាននូវសុខដុមនីយកម្មក្នុងសាសនា
*ទី៨៖ ត្រូវយកចិត្តទុកដាក់បណ្តុះបណ្តាលសមត្ថភាពមន្ត្រីរាជការក្រោមឱវាទជាប្រចាំ
*ទី៩៖ យកចិត្តទុកដាក់ក្នុងការកែលម្អសោភណភាព អនាម័យ បរិស្ថានទាំងក្នុង និងក្រៅបរិវេណមន្ទីរ។

ជាមួយគ្នានេះ រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនាលោក សេង សុមុនី បានផ្ដាំផ្ញើបន្ថែមទៅកាន់លោកប្រធានមន្ទីរធម្មការ និងសាសនា ទើបចូលកាន់តំណែង សូមឱ្យអភិរក្សស្នាដៃចាស់ និងខិតខំអភិវឌ្ឍន៍សមិទ្ធផលថ្មីៗបន្ថែមទៀត បន្តពីអតីតប្រធានមន្ទីរមុន។

លោករដ្ឋលេខាធិការ បានកោតសរសើរ ដល់ថ្នាក់ដឹកនាំខេត្តកំពង់ចាម ស្ថាប័នពាក់ព័ន្ធ និងមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ ពោលគឺបានអនុវត្តច្បាប់យ៉ាងមានប្រសិទ្ធភាព ទៅលើអនុក្រឹត្យអភិវឌ្ឍន៍ថ្នាក់ក្រោមជាតិ ជាពិសេសគឺមន្ត្រីថ្នាក់មូលដ្ឋានតែម្ដង ដែលបាននៅជិតប្រជាពលរដ្ឋ ដឹងរឿងពិតរបស់ប្រជាពលរដ្ឋ និងធ្វើការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ ហើយប្រសិនបើឲ្យអស់ពីលទ្ធភាពហើយ សូមអាជ្ញាធរថ្នាក់មូលដ្ឋាន ត្រូវធ្វើរបាយការណ៍ជូនមកថ្នាក់ខេត្ត ដើម្បីមានវិធានការបន្ត រកដំណោះស្រាយជូនប្រជាពលរដ្ឋរបស់យើង៕