(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានដាក់បទបញ្ជាដល់នាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញទាំងអស់ រួមគ្នាពង្រឹងការងារសន្តិសុខសង្គម ទប់ស្កាត់បង្កាបង្ក្រាបបទល្មើស គ្រប់ប្រភេទ ជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា។

លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានលើកឡើងដូចនេះនៅរសៀលថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២២ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្នុឱកាសតំណាងនាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញជាអធិបតីក្នុងពិធីបំពាក់ឋានន្តរស័ក្តិ ជូនដល់ នាយទាហាន នាយទាហានរង ពលទាហាន នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចំនួន២៨០នាក់ និងប្រគល់ប័ណ្ណសរសើរ-លិខិតសរសើរ ចំនួន១០៦នាក់ ដោយមានការចូលរួមពី មេបញ្ជាការរង នាយសេនាធិការ នាយសេនាធិការរង ប្រធាន-អនុប្រធានមន្ទីរ នាយការិយាល័យ លោកមេបញ្ជាការ មូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤ និងសមាជិកអាវុធហត្ថ ជាច្រើនរូបទៀត។

លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានបន្ថែមថា ការរួមគ្នាពង្រឹងការងារសន្តិសុខសង្គមនេះ គឺជាការអនុវត្តន៍ការងារឱ្យស្របតាមទិសស្លោករបស់នាយឧត្តមសេនីយ៍ សៅ សុខា នោះគឺ ចំពោះប្រទេសជាតិត្រូវតែការពារ ចំពោះប្រជាត្រូវតែបម្រើ ច្បាប់ត្រូវតែគោរព បទល្មើសត្រូវតែបង្រ្កាប និងជួយគិត ជួយធ្វើរួមគ្នាទទួលខុសត្រូវ។

បន្ថែមពីនេះលោកឧត្ដមសេនីយ៍ឯក រ័ត្ន ស៊្រាង ក៏បានពាំនាំនូវប្រសាសន៍សួរសុខទុក្ខរបស់នាយឧត្តមសេនីយ៍ សៅ សុខា ជូនចំពោះនាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញទាំងអស់ ព្រមទាំងក្រុមគ្រួសារសាច់ញាតិ និងបានផ្តាំផ្ញើដល់នាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញទាំងអស់ ឲ្យបន្តយកចិត្តទុកដាក់ពង្រឹងការងារ ការអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួន ឱ្យកាន់តែមានប្រសិទ្ធិភាពបន្ថែមទៀតផងដែរ៕