(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានដាក់ចេញបទបញ្ជាទៅតាមបណ្តាអង្គភាពនានារបស់ទ័ព ឱ្យចាត់វិធានការម៉ឺងម៉ាត់បំផុត និងដាច់ខាតចំពោះកងទ័ពដែលប្រើប្រាស់គ្រឿងញៀន។ ក្នុងនោះក្នុងកងទ័ព និងបុគ្គលិកបម្រើការងារនៅសាលាយោធា ដែលប្រើប្រាស់គ្រឿងញៀន ត្រូវតែកាត់ចេញពីក្របខណ្ឌទ័ព ត្រូវតែប្រែក្លាយសាលាយោធាទាំងអស់ចំណុះកងទ័ពជើងគោកជាកន្លែងដែលគ្មានគ្រឿងញៀន។

សារសំឡេងនៃបទបញ្ជាផ្ញើទៅកាន់មេបញ្ជាការតាមអង្គភាពនានាចំណុះឱ្យកងទ័ពជើងគោកនេះ ត្រូវបានបែកធ្លាយតាមបណ្តាញសង្គមនៅយប់ថ្ងៃព្រហស្បតិ៍ ទី០៨ ខែកញ្ញា ឆ្នាំ២០២២នេះ។

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានគូសបញ្ជាក់នៅក្នុងសារសម្លេងថា ការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការប្រើប្រាស់គ្រឿងញៀននៅក្នុងអង្គភាពទ័ព គឺជាកិច្ចការដែលលោកយកចិត្តទុកដាក់ខ្ពស់បំផុត គឺមិនអនុញ្ញាតឱ្យមាននោះឡើយ។

មេបញ្ជាការកងទ័ពជើងគោក ដែលបញ្ចប់ការសិក្សាពីសាលាយោធាអាមេរិករូបនេះ បានណែនាំការអនុវត្តន៍វិធានការចំពោះយោធាប្រើប្រាស់គ្រឿងញៀនមានពីរលក្ខខណ្ឌ។ ក្នុងនោះយោធាប្រើប្រាស់គ្រឿងញៀន នៅតាមបណ្តាអង្គភាពនានា លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ផ្តល់សិទ្ធិឱ្យមេបញ្ជាការតាមអង្គភាពជាអ្នកពិនិត្យថា តើត្រូវអប់រំ ឬបណ្តេញចេញពីអង្គភាព។

តែបើទោះបីជាយ៉ាងណា លោកបណ្ឌិត ហ៊ុន ម៉ាណែត មិនចង់ឱ្យឃើញវិធានការធូររលុងឬយោគយល់ពេក ដែលនាំឱ្យយោធាដទៃមិនខ្លាចរអាចំពោះចំណាត់ការរបស់កងទ័ពនោះឡើយ។

ដោយឡែកសម្រាប់សិក្ខាកាម យោធាចារ្យ ឬបុគ្គលិក ដែលបម្រើការនៅក្នុងសាលាយោធាចំណុះកងទ័ពជើងគោកវិញ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ដាក់ចេញបទបញ្ជាដាច់ណាត់មិនឱ្យមានការអនុគ្រោះ ឬអប់រំនោះឡើយ ពោលសិក្ខាកាម យោធាចារ្យ និងបុគ្គលិកដែលហ្វឹកហ្វឺនឬ បម្រើការងារនៅសាលាយោធា ដែលប្រើប្រាស់គ្រឿងញៀន គឺត្រូវតែបណ្តេញចេញពីក្របខណ្ឌរបស់ទ័ព។

លោកបណ្ឌិត ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ដូច្នេះ «ចំពោះសាលាត្រូវតែអនុវត្តន៍ឱ្យបានដាច់ណាត់តែម្តង។ ករណីសាលានេះ អ្នកដែលប្រើប្រាស់គ្រឿងញៀន គឺអត់មានឱកាសអប់រំទេ គឺត្រូវកាត់ចេញពីក្របខណ្ឌកងទ័ពតែម្តង។ ចំពោះសាលានេះ មិនសម្តៅតែយោធិន យោធាចារ្យ ឬបុគ្គលិករបស់សាលានោះទេ សិក្ខាកាមដែលបញ្ជូនមកពីអង្គភាពណាក៏ដោយឱ្យតែឃើញប្រើប្រាស់គ្រឿងញៀនក្នុងពេលរៀននេះ គឺយើត្រូវកាត់ចេញតែម្តង»

មន្ត្រីជាន់ខ្ពស់កងយោធពលខេមរភូមិន្ទដែលបានធ្វើកំណែទម្រង់ជាច្រើនក្នុងជួរកងទ័ពរូបនេះ បានណែនាំដល់មេបញ្ជាការតាមបណ្តាអង្គភាពនានារបស់ទ័ព ត្រូវយកចិត្តទុកដាក់អនុវត្តន៍លើបទបញ្ជានេះឱ្យបានម៉ឺងម៉ាត់បំផុត ដើម្បីទប់ស្កាត់ការប្រើប្រាស់គ្រឿងញៀននៅក្នុងអង្គភាពទ័ព៕